ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​អាមេរិកលោក Patrick Murphy ​ចង់​ឃើញ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សេរី និង​ប្រជាធិបតេយ្យ


រូបឯកសារ៖ លោក Patrick Murphy មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុក​កិច្ចការ​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ថ្លែង​នៅក្នុងសវនាការ​តាំងតែងប្រេសិត​នៅរដ្ឋសភាអាមេរិក ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន។
រូបឯកសារ៖ លោក Patrick Murphy មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុក​កិច្ចការ​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ថ្លែង​នៅក្នុងសវនាការ​តាំងតែងប្រេសិត​នៅរដ្ឋសភាអាមេរិក ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ លោក Murphy បាន​លើក​ឡើង​ទៀត​ថា តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នៅ​តែ​ជា​អាទិភាព​ចម្បង​របស់​សហរដ្ឋ​អាមេរិក។

មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​លោក Patrick Murphy ដែល​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​ ទើប​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​ថៃ ឥណ្ឌូណេស៊ី និង​រដ្ឋ​ហាវ៉ៃ។

នៅ​ក្នុង​សន្និសីទ​តាម​ប្រព័ន្ធ​ទូរសព្ទ​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ លោក​បាន​ថ្លែង​ថា បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត គឺជា​ប្រធាន​បទ​ពិភាក្សា​មួយ​ក្នុង​ចំណោម​ប្រធាន​បទ​ផ្សេង​ទៀត។ លោក​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ចង់​ឃើញ​អាស៊ាន​ខ្លាំង រឹងមាំ និង​មាន​អធិបតេយ្យភាព​របស់​ខ្លួន។

លោក Patrick Murphy ឧបការី​រង​ចម្បង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វិក​ បាន​ថ្លែង​ថា ​លោក​ចង់​ឃើញ​អាស៊ាន​«ខ្លាំង រឹងមាំ និង​អធិបតេយ្យ» ហើយ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក មាន​លក្ខណៈ​សេរី ចំហ និង​មាន​ការ​ដឹកនាំ​ដោយ​ច្បាប់​ត្រឹម​ត្រូវ។

លោក Murphy បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន រួម​មាន​ប្រទេស​ថៃ ឥណ្ឌូណេស៊ី និង​រដ្ឋ​ហាវ៉ៃ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១៨ ដល់​២២​ខែ​មីនា។ ប្រទេស​ថៃ​នឹង​មាន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែមីនា ខាង​មុខ​នេះ។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​យុទ្ធសាស្រ្ត​នៅ​ក្នុង​តំបន់ និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​សមាជិក។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​ទូរសព្ទ លោក Murphy លោក​បាន​ថ្លែង​ថា​ដំណើរ​ទស្សនកិច្ច​មួយ​នេះ មិន​មែន​ផ្តោត​តែ​លើ​សន្តិសុខ​ក្នុង​តំបន់ ទំនាក់​ទំនង​សេដ្ឋកិច្ច​នោះ​ទេ តែ​ក៏​បាន​ផ្តោត​ទៅ​លើ​ការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ដំណើរ​ទស្សនកិច្ច​ពិសេស​នេះ គឺ​ជា​ឱកាស​មួយ ដើម្បី​លើក​ឡើង​អំពី​សារសំខាន់​នៃ​ការ​ដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ហើយ​ប្រទេស​មួយ​ចំនួន​កំពុង​តែ​ឆ្លងកាត់ ឬ​ក៏​កំពុង​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​សំខាន់ រួម​មាន​ប្រទេស​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ​ដែល​នឹង​មាន​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម និង​ប្រទេស​អូស្រ្តាលី ដែល​នឹង​មាន​ការ​បោះ​ឆ្នោត​នៅ​ចុង​ឆ្នាំ​នេះ»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ខ្ញុំ​បាន​កត់​សម្គាល់​ទស្សនៈ​វិស័យ​ជា​ច្រើន​នៅ​ក្នុង​តំបន់ ហើយ​យើង​ស្វាគមន៍​ យើង​អោប​ក្រសោប​វា ប៉ុន្តែ​យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ខ្លាំង​ ដើម្បី​ឃើញ​ដូច​គ្នា​តែ​មួយ​ក្នុង​ចំណោម​ទស្សនៈ​វិស័យ​ទាំង​នោះ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​សេរី ចំហរ និង​គោរពច្បាប់​ត្រឹមត្រូវ»។​

នៅ​ក្នុង​ប្រទេស​ថៃ លោក​បាន​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​ថៃ​មួយ​ចំនួន និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​អំពី​តួនាទី​ប្រទេស​ថៃ​ជា​ប្រធាន​អាស៊ាន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល នា​ខែ​វិច្ឆិកា​ខាងមុខ​នេះ និង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

លោក​ក៏​បាន​លើក​ឡើង​អំពី​ដំណើរ​វិជ្ជមាន​មួយ​ដែល​ប្រទេស​ថៃ​បាន​វិល​មក​រក​ការ​បោះ​ឆ្នោត​វិញ ក្រោយ​ខកខាន​ប្រមាណ​៥​ឆ្នាំ​មក​ហើយ។

លោក​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក​រីករាយ​ដែល​បាន​ឃើញ​ប្រជាជន​ថៃ​ជា​ច្រើន​ដែល​ពិត​ជា​ចង់​បង្ហាញ​នូវ​សិទ្ធិ​របស់​ពួកគេ និង​ទៅ​កន្លែង​បោះ​ឆ្នោត»។ លោក​បន្ថែម​ថា ការ​បោះ​ឆ្នោត​នេះ​បង្ហាញ​សញ្ញា​ល្អ​សម្រាប់​ទំនាក់​ទំនង​អាមេរិក​និង​ថៃ​បន្ថែម​ទៀត។

លោក​ Murphy ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) តែងតាំង​ជាថ្មី​ជា​បេក្ខជន​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ព្រឹទ្ធសភា​អាណត្តិ​មុន​បាន​អស់​ពេល​មិន​អាច​ផ្តល់​ការ​តែងតាំង​លោក​ជា​ផ្លូវការ​បាន។ លោក Murphy មាន​ប្រសាសន៍នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​ត្រូវ​បាន​តែង​តាំង​ជាថ្មី តែ​មិន​ទាន់​មាន​ការ​សម្រេច​យ៉ាង​ណា​ពី​ព្រឹទ្ធសភា​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «យើង​ទន្ទឹង​រង់​ចាំ​ការ​ពិចារណា​បន្ថែម​ទៀត​របស់​ពួក​គេ​លើ​ទៅ​ការ​តែង​តាំង​មួយ​នេះ ក៏​ដូច​ជា​ការ​តែង​តាំង​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ប្រេសិត​ផ្សេង​ទៀត​សម្រាប់​តំបន់ និង​តួនាទី​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន»។

លោក​ធ្លាប់​បាន​បញ្ជាក់​នៅ​ក្នុង​សវនាការ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​ថា បើ​សិន​ជា​លោក​ត្រូវ​បាន​ព្រឹទ្ធសភា​យល់​ព្រម ហើយ​ទទួល​យក​ការងារ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា ​លោក​នឹង​ខិតខំ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ក៏​ដូច​ជា​ខិតខំ​ពង្រឹង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ជាមួយប្រទេស​កម្ពុជា​ផង​ដែរ។ លោក​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មន្រ្តី​បក្ស​ប្រឆាំង​ផង​ដែរ។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​និង​ជា​អ្នក​អត្ថាធិប្បាយ​នយោបាយ បាន​ហៅ​ការ​ឧទ្ទេសនាម​លោក Murphy ថា​ជា​ការ​សម្រេច​ចិត្ត​មាន​ចរឹត​យុទ្ធសាស្ត្រ។

លោក​ធ្លាប់​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«នេះ​គឺជា​សញ្ញា​បង្ហាញ​ថា រដ្ឋការ​លោក ត្រាំ មើល​ឃើញ​ប្រទេស​កម្ពុជា​ជាទី​តាំង​មាន​លក្ខណៈសំខាន់ និង​យុទ្ធ​សាស្ត្រ​ជាង​មុន ព្រោះ​ថា​លោក Patrick Murphy ជា​[អ្នក​ការ​ទូត]​ជាន់​ខ្ពស់ និង​ទទួល​ការ​គោរព​ជា​ខ្លាំង ក្នុង​ចំណោម​រង្វង់​ការ​ងារ​ទូត​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «វា​ទំនង​ជា​បណ្ដាល​មកពី​មូល​ហេតុ​ពីរ៖ ការ​រីក​ត្រដែត​ឡើង​នៃ​ចិន​និង​ឥទ្ធិពល​របស់​ប្រទេស​មួយ​នេះ និង​ក៏​ដូចជា​តម្លៃ​កាន់​តែ​សំខាន់​ឡើង​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល​តែ​ម្ដង»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ លោក Murphy បាន​លើក​ឡើង​ទៀត​ថា តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នៅ​តែ​ជា​អាទិភាព​ចម្បង​របស់​សហរដ្ឋ​អាមេរិក។

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ក្នុង​ចំណោម​អាទិភាព​ទាំង​អស់​សម្រាប់​ពិភពលោក តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ខ្ពស់​បំផុត។ យើង​កំពុង​តែ​បន្ត​ធ្វើ​ការ​ក្នុង​ការ​ប្រមូល​យក​ធនធាន​បន្ថែម​ទៀត។ ឧទាហរណ៍ ធនធាន​ទាំង​នោះ ត្រូវ​បាន​កំណត់​នៅ​ក្នុង​ការ​ស្នើ​សុំ​ថវិកា​កាល​ពី​ពេល​ថ្មីៗ​នេះ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ការ​ចង់​បាន​របស់​យើង គឺ​ចង់​ឃើញ​តំបន់​មួយ​ដែល​មាន​អធិបតេយ្យ​ភាព ខ្លាំង និង​រីក​ច្រើន»។

លោក Paul Chambers ជា​អ្នក​វិភាគ​នយោបាយ​និង​ជា​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យNaresuanនៅ​ក្នុង​ប្រទេស​ថៃ មាន​ប្រសាសន៍​ថា៖

«ជំហរ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សង្កត់​ធ្ងន់​ទៅ​លើ​ភូមិ​សាស្រ្តនយោបាយ​ ជាជាង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស បើ​ទោះ​ជា​ទីក្រុង​វ៉ាស៊ីនតោន​បាន​សង្កត់​ធ្ងន់​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេសមួយ​ចំនួន​ក៏​ដោយ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ ដែល​ទំនង​ទៅ​រក​ប្រទេស​ចិន»។

លោក​បន្ថែម​ថា​ការ​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេ្យ​មាន​សារសំខាន់​តាំង​ពី​ដើម​ឡើយ​នៅ​ក្នុង​ទំនាក់ទំនង​ការបរទេស​អាមេរិក។

លោក​យល់​ថា ប្រសិន​បើ​លោក Murphy ត្រូវ​បាន​ជ្រើស​តាំង​ជា​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នោះ​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក នឹង​មាន​ភាព​ល្អ​ប្រសើរ។

បើ​តាម​លោក Patrick Murphy នៅ​សប្តាហ៍​ក្រោយ នឹង​មាន​កិច្ចប្រជុំ​មន្រ្តី​ជាន់​ខ្ពស់​អាស៊ាន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដែល​នឹង​និយាយ​អំពី​ការ​រៀបចំ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​ ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ៕

XS
SM
MD
LG