ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសបើកគម្រោងដើម្បីផ្តួចផ្តើមកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រា្តលី ដើម្បីលើកកម្ពស់ការផ្តល់សេវាជនពិការនិងស្រ្តីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហៅកាត់ថា ACCESS។
កម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) មានរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ ២០២១ ក្រោមប្រាក់ឧបត្ថម្ភសរុប ១៥លានដុល្លារអូស្រ្តាលី ឬប្រមាណ ១០លានដុល្លារអាមេរិក។ កមុ្មវិធីនេះត្រូវបានធ្វើឡើង ដើម្បីកម្ពស់និងផ្តល់សេវាជនពិការ និងស្រ្តីដែលងាយរងគ្រោះដោយអំពើហិង្សានៅកម្ពុជា ដោយផ្តោតលើការលើកម្ពស់សិទ្ធិសេវាកម្មប្រកបដោយនិរន្តរភាព និងគុណភាព។
ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា អ្នកស្រី Angela Corcoran ដែលបានចូលរួមកម្មនេះលើកឡើងថា៖
«កម្មវិធី ACCESS ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការគាំទ្រការគោរពសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាពនៅក្នុងតំបន់របស់យើង»។
អ្នកស្រីបន្ថែមថា៖
«ការបញ្ចប់អំពើហិង្សាផ្អែកលើយេនឌ័រ និងការជួយលើកកម្ពស់ការចូលរួមពីសំណាក់ជនមានពិការភាព គឺនៅតែជាបញ្ហាចោទនៅកម្ពុជា ក៏ដូចជានៅប្រទេសអូស្រ្តាលីផងដែរ»។
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី ដែលបានចូលរួមក្នុងកម្មវិធីសម្ពោធគម្រោង ACCESS លើកឡើងថា ក្រសួងកិច្ចការនារីគាំទ្រយ៉ាងខ្លាំងលើកម្មវិធីគាំទ្រជនពិការ និងស្រ្តីងាយរងគ្រោះ ផ្តួចផ្តើមដោយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។ លោកស្រីបានបន្តថា ស្របពេលដែលមានការវិវត្តទៅមុខក៏ដោយ ស្រី្ត និងក្មេងស្រីនៅកម្ពុជានៅតែប្រឈមមុខនឹងអំពើហិង្សា។
តាមការឱ្យដឹងរបស់រដ្ឋមន្ត្រីដដែលស្ត្រីកម្ពុជាម្នាក់ក្នុងចំណោមប្រាំរូបធ្លាប់ទទួលរងអំពើហិង្សា ហើយចំនួននេះគឺខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគេ្នយ៍។
លោកស្រី អ៊ឹង កន្ថាផាវី បានបន្តថា៖
«កម្មការិនីដែលធ្វើការនៅតាមរោងចក្រប្រឈមនឹងការបៀតបៀនផ្លូវភេទក្នុងកម្រិតអត្រាខ្ពស់ដែរ រហូតដល់ជិតមួយភាគបីនៃស្រ្តីដែលបានផ្តល់បទសម្ភាសន៍បានរាយការណ៍ថា ធ្លាប់ទទួលរងនូវឥរិយាបថនៃការបៀតបៀនផ្លូវភេទក្នុងអំឡុងពេល ១២ខែចុងក្រោយ»។
រដ្ឋមន្រ្តីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា ក្រសួងកិច្ចការនារីកំពុងតែសិក្សាលើមូលហេតុច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាអំពើហិង្សាផ្លូវភេទលើក្មេងស្រី និងស្រ្តីឲ្យមានប្រសិទ្ធភាព។ លោកស្រីក៏បានសាទរផងដែរចំពោះការបង្កើតក្រុមមេធាវីការពារក្តីឲ្យស្រ្តីក្រីក្រ និងស្រ្តីងាយរងគ្រោះពីការរំលោភបំពានផ្សេងៗដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។
កញ្ញា បុណ្យ រចនា នាយិកាអង្គការក្លាហាន ដែលគាំទ្រសិទ្ធិស្រ្តីនៅកម្ពុជា បានលើកឡើងថា កញ្ញាមានទំនុកចិត្តថាកម្មវិធី ACCESS នឹងជួយជ្រោមជ្រែងដល់ជនពិការ និងស្រ្តីងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។
កញ្ញារចនា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកម្មវិធី ACCESS ក្នុងន័យដើមថា៖
«ខ្ញុំមើលឃើញវាជាយន្តការមួយ ដែលជួយឲ្យភាគីសំខាន់ៗពាក់ព័ន្ធនៅក្នុងសង្គមរបស់យើងហ្នឹងគាត់អាចធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាបាន»។
កញ្ញារចនា ក៏បានយល់ស្របជាមួយនឹងរដ្ឋមន្រ្តីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី ចំពោះការឡើងថា អត្រានៃស្រ្តីរងគ្រោះពីអំពើហិង្សាផ្លូវភេទនៅកម្ពុជាមិនទាន់ថយចុះនៅឡើយទេ។ កញ្ញាក៏គាំទ្រឲ្យមានដំណោះស្រាយឲ្យស្របតាមតម្រូវការរបស់ស្រ្តីងាយរងគ្រោះ។
«ជាចាំបាច់ ត្រូវតែមានការគិតគូររួមមួយដែលរកនូវយុទ្ធសាស្រ្ត ឬក៏កម្មវិធី ឬក៏អញ្ជើញពួកគាត់មកជាក្រុម ដើម្បីពិភាក្សារួមគ្នា ដើម្បីដោះស្រាយបញ្ហា ហើយឲ្យស្របតាមតម្រូវការរៀងៗខ្លួន និងស្ថានភាពរបស់ពួកគាត់ដែរ»។
កញ្ញា បុណ្យ រចនា នាយិកាអង្គការក្លាហាន បានបន្ថែមថា ឱកាសនៅក្នុងការទទួលបានយុត្តិធម៌សម្រាប់ស្រ្តីងាយរងគ្រោះនៅកម្ពុជាគឺនៅមានកម្រិតនៅឡើយដោយសារបញ្ហាភាពក្រីក្រ ខ្វះធនធាន និងនិទ្ទណ្ឌភាពក្នុងសង្គម។
«ដោយសារតែយើងដឹងស្រាប់ហើយ ការប្រើប្រាស់ប្រព័ន្ធច្បាប់នៅក្នុងការដោះស្រាយបញ្ហាហ្នឹង គឺវាពាក់ព័ន្ធនឹងការចំណាយថវិកាច្រើន ចំណាយពេលវេលា ត្រូវការមានមេធាវីការពារអីអញ្ចឹងទៅណា។ អញ្ចឹងស្រ្តីរងគ្រោះ ដែលមានកម្រិតជីវភាពក្រីក្រ ឬក៏មធ្យមហ្នឹងគឺគាត់សឹងតែថាបោះបង់ឱកាសស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ផង»។
កញ្ញា ជា បុប្ផា អ្នកសម្របសម្របកម្មវិធីប្រចាំមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ ដែលចូលរួមក្នុងកម្មវិធីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បាននិយាយដោយសង្ឃឹមថា កម្មវិធី ACCESS ក្រោមការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្រ្តាលីនឹងជួយលើកកម្ពស់ឲ្យមានការយកចិត្តទុកដាក់បន្ថែមលើជនពិការ។
ចំពោះស្ថានភាពជនពិការនៅកម្ពុជាកញ្ញា ជា បុប្ផា ដែលជាជនពិការជើងមួយរូបបាននិយាយថា៖
«បើតាមការសង្កេតខ្ញុំ ខ្ញុំគិតថា នាពេលបច្ចុប្បន្នស្ថានភាពហាក់ដូចជាល្អប្រសើរជាងកាលពីមុនច្រើន។ ដោយសារហេតុអី? បើសម្លឹងមើលការរើសអើងហាក់ដូចជា មានការកាត់បន្ថយ។ ការយល់ដឹងពីបញ្ហាពិការភាព មានការយល់ដឹងច្រើនជាងមុន។ ហើយការឲ្យតម្លៃលើជនពិការហ្នឹងក៏ខ្ពស់ជាងមុនដែរ»។
យ៉ាងណាក៏ដោយកញ្ញា បុប្ផា បានលើកឡើងថា ជនពិការនៅតែរងការរើសអើងនៅក្នុងការស្វែងរកការងារ ដោយសារតែកញ្ញាសង្កេតឃើញថា ជនពិការមួយចំនួននៅតែមានការលំបាកនៅក្នុងការស្វែងរកការងារ។ ហើយកញ្ញា បានអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ចំពោះការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ជនពិការឲ្យមានប្រសិទ្ធភាពផងដែរ៕