អាជ្ញាធរពង្រឹងច្បាប់កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការទប់ស្កាត់ផែនការចាប់ពង្រត់អភិបាលរដ្ឋ Michigan ដោយបានចាប់ខ្លួនក្រុមជ្រុលនិយមប្រឆាំងរដ្ឋាភិបាល ៦ នាក់ ដែលទំនងជាខឹងសម្បារវិធានការបិទសកម្មភាពសង្គម ដោយអ្នកនយោបាយគណបក្សប្រជាធិបតេយ្យ ក្នុងអំឡុងពេលនៃការរាតត្បាតនៃវីរុសកូរ៉ូណា។ មនុស្ស ៧ នាក់ផ្សេងទៀត បានត្រូវចាប់ខ្លួនពីបទចោទប្រកាន់ភេរវកម្មរដ្ឋ។
មនុស្ស ៦ នាក់ បានរងការចោទប្រកាន់នៅក្នុងតុលាការសហព័ន្ធពីបទការឃុបឃិត ចាប់ពង្រត់លោកស្រី Gretchen Whitmer អភិបាលរដ្ឋខាងគណបក្សប្រជាធិបតេយ្យ ពីផ្ទះវិសមកាលរបស់លោកស្រី ហើយយកលោកស្រីទៅកាន់ទីកន្លែងដាច់ពីគេមួយនៅក្នុងរដ្ឋ Wisconsin ដើម្បីកាត់ទោសលោកស្រីពីការក្បត់។
រដ្ឋអាជ្ញានិយាយថា ដោយបានធ្វើការជាមួយក្រុមកងជីវពល មិនស្គាល់អត្តសញ្ញាណក្នុងរដ្ឋ Michigan បុរស ៥ នាក់ មកពីរដ្ឋ Michigan និងបុរសម្នាក់ទៀតមកពីរដ្ឋ Delaware បានចំណាយពេលរៀបចំគម្រោងផែនការហ្វឹកហាត់ និងធ្វើការឈ្លបយកការណ៍ នៅគេហដ្ឋានរបស់លោកស្រី Whitmer សម្រាប់សម្រាកកាយរដូវក្តៅនៅរដ្ឋ Michigan ហើយការឈ្លបយកការណ៍ថ្មីៗបំផុតនោះ គឺកាលពីខែមុន។
មេធាវីសហរដ្ឋអាមេរិកសម្រាប់ស្រុក Michigan ខាងកើតបាននិយាយថា៖ «យើងទាំងអស់គ្នាអាចមិនយល់ស្របអំពីនយោបាយ ក៏ប៉ុន្តែការខ្វែងគំនិតគ្នាទាំងនោះ មិនគួរកើតចេញជាអំពើហិង្សាទេ។ការចោទប្រកាន់នៅក្នុងពាក្យបណ្តឹង មានការរំខានយ៉ាងខ្លាំង» ។
ប៉ុន្មានម៉ោងក្រោយមក លោកស្រី Whitmer បាននិយាយថា លោកប្រធានាធិបតី Donald Trump ជាផ្នែកមួយដើម្បីស្តីបន្ទោស ពីព្រោះតែលោកមិនបានថ្កោលទោសពួកស្បែកសជាតិនិយម ដូចជាក្នុងការជជែកដេញដោលបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ជាមួយលោកJoe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ហើយលោកប្រធានាធិបតីជំរុញពួកស្តាំនិយមជ្រុលថា «ដកថយសិន ក៏ប៉ុន្តែប្រុងប្រៀបធ្វើសកម្មភាព៕