ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាលរដ្ឋ Oregon ទទូច​ឱ្យ​បញ្ចប់ «វដ្តនៃអំពើហិង្សា» នៅទីក្រុង Portland


សាកសព​របស់​បុរស​ម្នាក់​ដែល​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​លើ​ដី​នៅ​ក្នុង​ក្រុង Portland រដ្ឋ Oregon កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។
សាកសព​របស់​បុរស​ម្នាក់​ដែល​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​លើ​ដី​នៅ​ក្នុង​ក្រុង Portland រដ្ឋ Oregon កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។

កាលពី​ថ្ងៃអាទិត្យ បាតុក​ម្ម​បាន​បន្ត​កើត​ឡើង​នៅ​ក្នុង​ទីក្រុង Portland រដ្ឋ Oregon សហរដ្ឋ​អាមេរិក ដោយ​មាន​ការ​ប្តេជ្ញា​ពី​អភិបាល​រដ្ឋ​ថា​នឹង​បញ្ជូន​កម្លាំង​ប៉ូលិស​បន្ថែម និង​ដោះស្រាយ​បញ្ហា​ជាយូរ​មក​ហើយ​ដែល​បាន​បណ្តាល​ឱ្យ​មាន​បាតុកម្ម​ជាច្រើន​ខែ​ប្រឆាំង​នឹង​អយុត្តិធម៌​ផ្នែក​ជាតិសាសន៍។

បាតុករ​មួយ​ក្រុម​បាន​នាំ​គ្នា​ទៅ​ប៉ុស្តិ៍​ប៉ូលិស​កាលពីថ្ងៃ​អាទិត្យ​នោះ ហើយ​ដូច​រាល់យប់​នៃ​បាតុកម្ម​កន្លង​មក​ដែរ​គឺ​ប៉ូលិស​ទីក្រុង Portland បាន​ប្រកាស​ថា​នោះ​ជា​ការ​ជួបជុំ «ដោយ​ខុសច្បាប់» ហើយ​បាន​ចាប់​ឃាត់​ខ្លួន​ពួកគេ។

អភិបាលរដ្ឋ Oregon លោកស្រី Kate Brown បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា មនុស្ស​គ្រប់​គ្នា​ក្នុងនោះ​មាន​មន្ត្រី​ជាប់​ឆ្នោត មន្ត្រី​ប៉ូលិស និង​មេដឹកនាំ​សហគមន៍ ត្រូវការ​ធ្វើ​ការងារ​ជាមួយ​គ្នា​ដើម្បី​បញ្ឈប់​វដ្ត​នៃ​អំពើ​ហិង្សា​ក្នុង​ទីក្រុង Portland ហើយ​លោកស្រី​បាន​បន្ថែម​ថា​«ការផ្លាស់ប្តូរ​ពិត​ប្រាកដ​នឹង​កើត​ឡើង​ដោយ​ការខិតខំ​ធ្វើការងារ​ដើម្បី​សម្រេច​បាន​យុត្តិធម៌​ផ្នែក​ជាតិសាសន៍»។

លោកស្រី Brown បាន​ប្រកាស​ថា ប៉ូលិស​រដ្ឋ Oregon នឹង​បញ្ជូន​មន្ត្រី​បន្ថែម​ទៅ​ទីក្រុង Portland ដើម្បី​ជួយ​បន្ធូរ​ការងារ​ក្រុម​ស៊ើប​អង្កេត​នៅ​មូលដ្ឋាន​ឱ្យ​មាន​ពេល «ឃាត់ខ្លួន​និង​ចោទ​ប្រកាន់​ជន​ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា» ហើយ​នឹង​រៀបចំ​វេទិកា​សាធារណៈ​មួយ​ជាមួយ​នឹង​ចៅហ្វាយ​ក្រុង​Portland លោក Ted Wheeler ក្រុម​អ្នក​រៀបចំ​បាតុកម្ម និង​មេដឹកនាំ​សហគមន៍។

លោកស្រី​ក៏បាន​រិះគន់​សកម្ម​ភាព​របស់ «ក្រុម​តាម​ឃ្លាំមើល​ស្តាំ​និយម​ប្រដាប់​អាវុធ» ដែល​បាន​ប្រឈម​មុខ​ដាក់​ក្រុម​បាតុករ​នៅ​តាម​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក ដែល​បាន​កើត​មាន​ឡើង​រយៈ​ពេល​មួយថ្ងៃ​ក្រោយ​ពី​ការបាញ់​សម្លាប់​ដែល​កើត​មានឡើង​បន្ទាប់​ពី​ការ​ប៉ះទង្គិចគ្នារវាង​ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​ក្រុម​បាតុករ​ប្រឆាំង៕

XS
SM
MD
LG