លោក Sam Barbakoff ដែលជាអ្នកបង្រៀនបាញ់កាំភ្លើង មានការមមាញឹកជាមួយនឹងការដក និងដាក់គ្រាប់កាំភ្លើងនៅកន្លែងហាត់បាញ់កាំភ្លើង។ កាំភ្លើងទាំងនេះជាកាំភ្លើងសម្រាប់ហាត់បាញ់។
ក៏ប៉ុន្តែ លោកមានកាំភ្លើងផ្ទាល់ខ្លួនមួយ នៅជាប់ខ្លួនលោកជានិច្ច។ លោក Sam Barbakoff ជឿថា ប្រសិនបើអ្នកណាមានកាំភ្លើង អ្នកនោះគួរទុកវាជាប់ខ្លួនដើម្បីការពារខ្លួន។
លោក Sam Barbakoff និយាយថា៖ «បើមាននរណាសម្រុកចូលក្នុងផ្ទះរបស់អ្នក អ្នកមិនអាចឲ្យអ្នកនោះរង់ចាំអ្នកទៅយកកាំភ្លើងបានទេ គឺអ្នកគួរដាក់កាំភ្លើងនៅជាប់នឹងខ្លួនជានិច្ច»។
លោក Sam Barbakoff ដែលបានផ្លាស់ទីពីប្រទេសរុស្ស៊ីមករស់នៅក្នុងសហរដ្ឋអាមេរិកតែងតែចូលចិត្តកាំភ្លើង។
ហើយលោកបានមករស់នៅក្នុងកន្លែងត្រូវចិត្តរបស់លោកតែម្ដង ដែលនោះគឺរដ្ឋ Florida ដែលជារដ្ឋចូលចិត្តកាំភ្លើង។ ប្រជាពលរដ្ឋក្នុងរដ្ឋនេះមានកាំភ្លើងចុះបញ្ជីចំនួន ៤ សែន ៥ ម៉ឺនដើម។ រដ្ឋ Florida ជារដ្ឋដែលមានអ្នកកាន់កាំភ្លើងច្រើនជាងគេបំផុតទីពីរបន្ទាប់ពីរដ្ឋ Texas នៅក្នុងសហរដ្ឋអាមេរិក។
កាលពីពេលថ្មីៗនេះ នៅក្នុងរដ្ឋ Florida នេះ គេឃើញមានការកើនឡើងនៃការលក់កាំភ្លើង និងម្ចាស់កម្មសិទ្ធិកាំភ្លើងចាប់តាំងពីខែមីនាមក។ ហើយករណីនេះគឺកើតមាននៅទូទាំងសហរដ្ឋអាមេរិក។ពលរដ្ឋអាមេរិកាំងបានទិញកាំភ្លើងច្រើនមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេស។
ប្រព័ន្ធឆែកប្រវត្តិឧក្រិដ្ឋកម្មជាតិរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានឆែកប្រវត្តិមនុស្សជាង ១៩ លាននាក់នៅក្នុងរយៈពេលកន្លះឆ្នាំនៃឆ្នាំ ២០២០ នេះ។ តួលេខនេះគឺមានចំនួន ៦ លាននាក់ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។
បើយោងតាមស្ថាប័ន Brookings កង្វល់អំពីសុវត្ថិភាពផ្ទាល់ខ្លួនជំរុញឱ្យមានកំណើនសេចក្តីត្រូវការកាំភ្លើង។ កាលពីខែមីនា ស្ថាប័ននេះបានបញ្ជាក់ថា ពួកអ្នកទិញកាំភ្លើងបានសម្តែងការខ្វល់ខ្វាយអំពីវិបត្តិជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច។
អ្នកនិពន្ធរបស់របាយការណ៍នៃស្ថាប័ន Brookings នេះ បាននិយាយកាលពីពេលថ្មីៗនេះថា ការភ័យខ្លាចដូចគ្នានេះ រួមនឹងបាតុកម្មប្រឆាំងនឹងអយុត្តិធម៌ខាងជាតិសាសន៍នៅទូទាំងប្រទេសដែលបណ្តាលមកពីការស្លាប់របស់លោក George Floyd បានជំរុញឱ្យមានការកើនឡើងនូវការលក់កាំភ្លើង។
លោក Sam Barbakoff និយាយថា ថ្នាក់បង្រៀនបាញ់កាំភ្លើងរបស់លោកដែលមានឈ្មោះថា «កម្លាំងទល់កម្លាំង» នេះ មានប្រជាប្រិយជាពិសេសនៅពេលសព្វថ្ងៃនេះ ទោះបីជាគ្រាប់កាំភ្លើង និងកាំភ្លើងមានតម្លៃថ្លៃជាងមុនក៏ដោយ។ កាំភ្លើងធុន Glocks ដែលធ្លាប់មានតម្លៃប្រមាណពី ៤០០ ទៅ ៥០០ ដុល្លារ នៅពេលនេះមានតម្លៃពី ៧០០ ទៅ ៧៥០ ដុល្លារ។
នៅក្នុងរដ្ឋ Florida អាយុដែលអាចទិញកាំភ្លើងស្របច្បាប់បានគឺ ៣ ឆ្នាំមុនពេលដល់អាយុដែលអាចផឹកគ្រឿងស្រវឹងស្របច្បាប់បាន ហើយអ្នកមិនចាំបាច់ត្រូវមានអាជ្ញាបណ្ណដើម្បីទិញកាំភ្លើងនោះទេ។
លោក Michael Caruso ដែលជាម្ចាស់ហាងលក់កាំភ្លើងមួយកន្លែង បាននិយាយថា៖ «ខ្ញុំអាចនិយាយបានថា មនុស្សចំនួន ៩៥% ដែលមកទិញកាំភ្លើងនៅពេលឥឡូវនេះ គឺជាអ្នកទិញកាំភ្លើងលើកដំបូង ដែលបានមើលព័ត៌មានតាមទូរទស្សន៍។ ពួកគេដឹងអំពីអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងសហរដ្ឋអាមេរិក។ ពួកគេខ្វល់ខ្វាយណាស់អំពីរឿងនេះ ហើយពួកគេចង់មានលទ្ធភាពអាចការពារទ្រព្យសម្បត្តិ ខ្លួនពួកគេផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេ»។
អ្នកជំនាញនិយាយថា ការកើនឡើងនៃការលក់កាំភ្លើងជាទូទៅកើតមាននៅក្នុងពេលដែលស្ថានការណ៍មិនមានសុវត្ថិភាព។ ហើយចំពោះអ្នកទាមទារឱ្យមានបទបញ្ញត្តិអំពីកាំភ្លើងវិញ បាននិយាយថា កំណើននៃការលក់កាំភ្លើងនឹងនាំឱ្យមានការបាញ់បោះដ៏គ្រោះថ្នាក់ច្រើនជាងមុន។
លោក Igor Volsky ដែលជាស្ថាបនិកអង្គការ Guns down America បានថ្លែងថា៖ «ការពិតគឺថា ឱកាសដែលអ្នកនឹងប្រើកាំភ្លើងដើម្បីការពារខ្លួន ឬការពារក្រុមគ្រួសារគឺមានទាបណាស់ គឺប្រហែលតែ ០,២% ប៉ុណ្ណោះ។ ចំណែកឯស្ថានភាពដែលអ្នកយកកាំភ្លើងចូលផ្ទះ ហើយប្រើកាំភ្លើងនោះដើម្បីបាញ់ខ្លួនឯង ឬអ្នកជាទីស្រឡាញ់របស់ខ្លួននោះ បានកើនឡើងពី ៣០០% ទៅ ៥០០%»៕
ទោះបីជាមានហានិភ័យបែបនេះក៏ដោយ ក៏ការលក់កាំភ្លើងនិងគ្រាប់កាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក នៅតែបន្តកើនឡើងខ្លាំងដល់កម្រិតមួយដែលមិនធ្លាប់មានពីមុន៕
ប្រែសម្រួលដោយ ឈឹម សុមេធ