ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក អះអាង​សិទ្ធិ​ស្រប​ច្បាប់​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​នៅ​ក្រុមហ៊ុន​ធំៗ


រូបឯកសារ៖ លោក Alec Young ដែល​ជា​ជាង​ជួសជុល​នាវា​នៅ Bath Iron Works (កណ្តាល) ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ការតម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ខាងក្រៅ​កន្លែង​ផលិត​កប៉ាល់ កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅ​ក្រុង Bath រដ្ឋ Maine។
រូបឯកសារ៖ លោក Alec Young ដែល​ជា​ជាង​ជួសជុល​នាវា​នៅ Bath Iron Works (កណ្តាល) ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ការតម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ខាងក្រៅ​កន្លែង​ផលិត​កប៉ាល់ កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅ​ក្រុង Bath រដ្ឋ Maine។

រដ្ឋបាល​របស់​លោក ​Joe Biden​ កំពុង​អះអាង​ថា ​ខ្លួន​មាន​អំណាច​ផ្លូវ​ច្បាប់​កំណត់​ថា​ ក្រុមហ៊ុន​អាមេរិក​ធំៗ​ អាច​បង្ខំ​ឱ្យ​កម្មករ​ចំនួន​៨៤ ​លាន​នាក់​ចាក់​ថ្នាំ​បង្ការ​វីរុស​កូរ៉ូណា ​ត្រឹម​ថ្ងៃ​ទី ​៤​ ខែ​មករា​ បើមិន​ដូច្នេះ​ទេ ពួកគេ​ត្រូវ​ពាក់​ម៉ាស់​នៅ​កន្លែង​ធ្វើការ​ និង​ត្រូវ​ធ្វើ​តេស្ត​រាល់​សប្តាហ៍។​

សាលា​ឧទ្ធរណ៍​សហ​រដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន​ បាន​រារាំង​ចំណាត់​ការ​របស់​លោក​ប្រធានាធិបតី ​Biden​ ជា​បណ្តោះ​អាសន្នដោយ​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​បន្ថែម​ទៀត។ លោក​និយាយ​ថា​ ការ​ណែនាំ​របស់​លោក​ឱ្យ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ មាន​គោល​បំណង​ទប់ស្កាត់​ជំងឺ​រាតត្បាត​ជា​បន្ត​ដែល​បាន​សម្លាប់​មនុស្ស​ជាង ៧៥០.០០០ ​នៅ​សហ​រដ្ឋ​អាមេរិក។ ចំនួន​មនុស្សស្លាប់​នេះ​ ច្រើន​ជាង​ប្រទេស​ផ្សេង​ទៀត។​

អភិបាល​រដ្ឋ​នៃ​គណបក្ស​សាធារណៈ​រដ្ឋ​ជាច្រើន​បាន​ប្រឆាំង​បទ​បញ្ជា​របស់​ប្រធានាធិបតី​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នេះ។ ​អភិបាល​នានា​ និង​និយោជក​មួយ​ចំនួន​បាន​ប្តឹង​រារាំង​បទ​បញ្ជា​នេះ​ដោយ​អះអាង​ថា ​ការ​ចាក់​វ៉ាក់សាំង​ និង​ចំណាត់​ការ​តម្រូវ​ឱ្យ​ចាក់​ថ្នាំ​នេះ​ មិន​នៅក្រោម​សិទ្ធិ​អំណាច​របស់​រដ្ឋាភិបាល​ទេ។​

ប៉ុន្តែ​ឯកសារ​មាន​កម្រាស់​ ២៨​ ទំព័រ​ប្តឹង​នៅ​សាលា​ឧទ្ធរណ៍​ Fifth Circuit Court of Appeals ​កាលពី​ថ្ងៃ​ចន្ទ ក្រសួង​យុត្តិធម៌​សហ​រដ្ឋ​អាមេរិក​បាន​ជំទាស់​ថា ​ការ​រារាំង​នេះ​«ទំនង​ជា​នឹង​ធ្វើ​ឱ្យ​មនុស្ស​រាប់សិប​នាក់ ​ឬ​រាប់រយ​នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ ​បន្ថែម​ពីលើ​មនុស្ស​ឈឺ​ធ្ងន់​ចូល​មន្ទីរពេទ្យ​ដ៏ច្រើន​ និង​ប៉ះពាល់​សុខភាព ​និង​ខាតបង់​យ៉ាង​ច្រើន។ ​នេះជា​ផលវិបាក​បញ្ចូល​គ្នា​នៃ​គ្រោះថ្នាក់​ដែល​បទបញ្ជា​ខ្ពស់​បំផុត​នេះ​ ត្រូវ​ទប់​ស្កាត់»។​

មនុស្ស​ជាង​ ១៩៤​ លាន​នាក់​ក្នុង​ចំណោម​ប្រជាជន ​៣៣៣​ លាន​នាក់​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​ចាក់​វ៉ាក់សាំង​ពេញលេញ។​ ប៉ុន្តែ​មនុស្ស​ពេញវ័យ​រាប់លាន​នាក់​ មិន​ចាក់​វ៉ាក់សាំង​ដោយ​លើក​ហេតុផល​ផ្សេងៗ​ដែល​រារាំង​មិន​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក ​Biden ​អាច​ទប់ស្កាត់​ជំងឺ​រាតត្បាត​ពេញលេញ៕​

XS
SM
MD
LG