ប្រជាកសិករមួយចំនួនក្នុងខេត្តពោធិ៍សាត់ដែលធ្វើស្រែប្រាំងកំពុងប្រឈមនឹងការខ្វះខាតទឹកដែលធ្វើឱ្យស្រែរបស់ពួកគាត់ខូចខាត និងប៉ះពាល់សេដ្ឋកិច្ច។ បញ្ហានេះ រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីណែនាំឱ្យប្រជាកសិករផ្អាកការបង្កបង្កើនផលស្រូវក្នុងរដូវប្រាំង ដោយថា ប្រជាកសិករបាននាំគ្នាធ្វើស្រែប្រាំងកើនផ្ទៃដីជិត ២ដង នៃផែនការប្រើប្រាស់ទឹក ដែលមានន័យថា ទឹកក្នុងស្ទឹងនិងប្រឡាយមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់។
សេចក្តីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ស្តីពីការផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី ២ ដែលចេញផ្សាយកាលពីថ្ងៃទី ៣ ខែមករា បញ្ជាក់ថា តាមផែនការសក្តានុពលទឹកសម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុងឆ្នាំ ២០២៤ នេះ បានត្រឹមតែ ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងរបស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្មខេត្ត ការបង្កបង្កើនផលរបស់ប្រជាកសិករបានកើនរហូតដល់ជាង ៤ម៉ឺន ៦ពាន់ហិកតា ដែលលើសពីផែនការប្រើប្រាស់ទឹកប្រមាណ ២ម៉ឺន ៦ពាន់ហិកតា។
សេចក្តីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ដដែលបន្តថា ប្រជាកសិករទាំងអស់ត្រូវផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី ២ បន្ទាប់ពីការប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករាដល់ខែឧសភា ឆ្នាំ ២០២៤ ខាងមុខ ឬមានន័យថា ដល់រដូវវស្សា។ ប្រជាពលរដ្ឋទូទាំងខេត្តត្រូវត្រៀមលក្ខណៈស្ដុកទឹកក្នុងស្រះ អណ្តូង ប្រឡាយដែលអាចស្ដុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។
រដ្ឋបាលខេត្តពោធិ៍សាត់បញ្ជាក់ថា៖ «ក្នុងករណីបងប្អូនប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ។ ករណីដែលប្រជាកសិករយើងនៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី ២ ទៀតនោះ បងប្អូននឹងអាចជួបប្រទះការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់បងប្អូនប្រជាកសិករថែមទៀតជាមិនខាន»។
នាយករងរដ្ឋបាលខេត្តពោធិ៍សាត់ លោក សួង សារ៉ាវុធ ប្រាប់វីអូអេតាមទូរស័ព្ទថា រដ្ឋបាលខេត្តចេញសេចក្តីណែនាំនេះក្នុងគោលបំណងជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ដោយសារតែប្រជាពលរដ្ឋបានធ្វើស្រែលើសចំនួនទឹកដែលកំពុងមាន ដែលខុសពីផែនការនៃការគ្រប់គ្រងប្រើប្រាស់ទឹកសម្រាប់ការធ្វើស្រែចម្ការប្រមាណ២ម៉ឺនហិកតាប៉ុណ្ណោះ។ លោកបញ្ជាក់ថា បើទោះបីជាចំនួននៅសល់តិចតួចក្តី ប៉ុន្តែនៅតាមស្រែរបស់ប្រជាពលរដ្ឋខ្លះបានខូចខាតខ្លះទៅហើយ ដោយសារបញ្ហាកង្វះទឹកស្រេចស្រព ហើយថា ប្រសិនជាមានការប្រមូលផលហើយត្រូវផ្អាកការដាំដុះបន្ថែមរហូតដល់រដូវវស្សា ទើបអនុញ្ញាតឱ្យបង្កបង្កើនផលស្រូវបន្ត។
លោកថ្លែងថា៖ «ឥឡូវហ្នឹងជាង ៤ម៉ឺន [ស្រូវជាង៤ម៉ឺនហិកតា] ហ្នឹងមានន័យថា យើងប្រឈមរួចស្រេចបាត់ហើយ ព្រោះទឹកយើងអត់អាចផ្គត់ផ្គង់ជូនបងប្អូនយើងបានទៅលើផ្ទៃដីទាំងអស់ទេ មានកន្លែងខ្លះគាត់ខូចខាតហើយ។ អ៊ីចឹងហើយបានរដ្ឋបាលឆាប់ជូនដំណឹងធ្វើសេចក្តីណែនាំជូនគាត់ឱ្យគាត់ផ្អាក។ អ្នកដែលបានប្រមូលផលហើយគាត់ត្រូវផ្អាកសិន ចាំដល់ពេលយើងចូលរដូវវស្សាបានយើងអនុញ្ញាតឱ្យគាត់ធ្វើបន្តទៀត»។
លោក សារ៉ាវុធ លើកឡើងថា កាលពីឆ្នាំមុនក៏មានបញ្ហាប្រឈមនឹងកង្វះទឹកសម្រាប់ស្រោចស្រពស្រែចម្ការដូចគ្នា ប៉ុន្តែឆ្នាំនេះអាចនឹងប្រឈមជាងឆ្នាំមុន ដោយសារតែមិនទាន់មានភ្លៀងកក់ខែ។
ទោះជាយ៉ាងណា លោកថា អាជ្ញាធរខេត្តនឹងខិតខំជួយសម្រួលដល់ប្រជាពលរដ្ឋតាមដែលអាចធ្វើទៅបាន។
លោកថ្លែងថា៖ «រឿងកិច្ចអន្តរាគមន៍លុះត្រាតែយើងមានទឹកសម្រាប់កិច្ចអន្តរាគមន៍ជូនគាត់។ យើងនឹងអន្តរាគមន៍ជូនគាត់ឱ្យអស់ពីលទ្ធភាព ប៉ុន្តែនៅពេលដែលអស់ទឹកពីអាងស្តុប យើងអត់ដឹងថាត្រូវជួយបងប្អូនយើងម៉េចទេ។ ខ្ញុំគ្រាន់តែជម្រាបជូនអ៊ីចឹង»។
យ៉ាងណាមិញ ក្រោយមានការប្រកាសពីការណែនាំឱ្យផ្អាកបង្កបង្កើនស្រូវនារដូវប្រាំង ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តពោធិ៍សាត់ ដែលជាប្រជាកសិករធ្វើស្រែចម្ការបង្ហាញពីការព្រួយបារម្ភ និងបញ្ហាប្រឈម ក្រោយការផ្អាកមិនឱ្យបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ ដោយសារតែកង្វះទឹកសម្រាប់ប្រើប្រាស់។
លោក ម៉ែន កុសល អាយុ៣៧ឆ្នាំ ប្រជាកសិករក្នុងខេត្តពោធិ៍សាត់ប្រាប់វីអូអេថា ការធ្វើស្រែមានចំនួន៣ដងនៅក្នុងមួយឆ្នាំ ប៉ុន្តែលោកថា ក្នុងពេលបច្ចុប្បន្ន គឺមិនអាចធ្វើស្រែប្រាំងបាននោះទេ ដោយសារតែមានការខ្វះទឹកជាខ្លាំង។
លោកថ្លែងថា៖ «ខ្វះខាតតើស៎បង។ ដូចសព្វថ្ងៃកំពុងខ្វះខាតទឹក។ នៅកន្លែងជិតខេត្តពោធិ៍សាត់យើងនេះកំពុងខ្វះខាតទឹក។ កាលមុនខាងខេត្តគេទម្លាក់ទឹកមកឱ្យ ប៉ុន្តែអ្នកដែលបាន បាន អ្នកដែលអត់ អត់។ ដល់អ៊ីចឹងពិបាក។ ឥឡូវដឹងគេទម្លាក់ឱ្យអត់»។
ប្រជាកសិករដែលមានដីស្រែជាង៤០អារូបនេះបន្តថា តម្លៃស្រូវនៅឆ្នាំនេះមានការកើនឡើង ដែលលោកអាចលក់បានពីចន្លោះពី ១៣២០រៀល ទៅ ១៣៥០រៀល។ យ៉ាងណាមិញ លោកថា ការខ្វះខាតទឹកសម្រាប់ដំណាំស្រូវបានធ្វើឱ្យជីវភាពលោកមានបញ្ហាប្រឈមមួយចំនួនផងដែរ។
ចំណែកប្រជាកសិករក្នុងខេត្តពោធិ៍សាត់មួយរូបទៀត អ្នកស្រី រី ភ័ណ្ឌ អាយុ៤០ឆ្នាំ បានលើកឡើងស្រដៀងគ្នាថា អ្នកស្រីកំពុងជួបបញ្ហាខ្វះខាតទឹកជាខ្លាំងសម្រាប់ដំណាំស្រូវរបស់អ្នកស្រី។ អ្នកស្រីថា អ្នកស្រីបានទិញពូជស្រូវទុកសម្រាប់ការធ្វើស្រែប្រាំង ប៉ុន្តែបែរជាមិនមានទឹក ដែលធ្វើឱ្យអ្នកស្រីខ្វះខាតក្នុងការផ្គត់ផ្គង់ជីវភាព។
អ្នកស្រីថ្លែងថា៖ «គេចែកពូជស្រូវអីឱ្យ ប៉ុន្តែដល់ពេលយកមកព្រួស ឥឡូវអត់មានទឹក កំពុងស្វិត។ ខ្ញុំជំពាក់គេដោយសារធ្វើស្រូវហ្នឹង ដោយសារយើងខ្វះពូជ ខ្វះទឹក ជីរអីហ្នឹង។ ដល់ពេលទិញយកមកស្តុកទុកថា សង្ឈឹមបាន ដល់ពេលថា ខាងទឹកគេ[អាជ្ញាធរខេត្ត]ឱ្យ ដល់ឱ្យមកដូចថាបូមអត់ទាន់គ្នាព្រោះគ្នាច្រើន»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា ចំណាត់របស់រដ្ឋបាលខេត្តពោធិ៍សាត់ធ្វើឡើងដើម្បីបង្ការទុកជាមុនកុំឱ្យមានផលប៉ះពាល់ណាមួយដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលស្រូវនារដូវប្រាំង។ លោកបន្តថា អាជ្ញាធរមូលដ្ឋានគួរសិក្សាបន្ថែមពីលទ្ធភាពនៃការដោះស្រាយប្រព័ន្ធទឹកសម្រាប់ផ្គត់ផ្គង់តាមរដូវនានាដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «យើងដឹងហើយថា ខេត្តពោធិ៍សាត់ និងខេត្តផ្សេងៗទៀតនៅពេលរដូវទឹកឡើង យើងមានទឹកពេញ អ៊ីចឹងអាជ្ញាធរគួរតែគិតពិចារណាក្នុងការរៀបចំយុទ្ធសាស្ត្រស្តុបទឹកទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ កុំឱ្យថា រដូវវស្សាមានច្រើនជ្រុលរហូតលិចលង់ស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ប៉ុន្តែរដូវប្រាំងវិញអត់។ អត់ទឹកតែម្តងក្នុងការស្រោចស្រព»។
លោកបញ្ជាក់ទៀតថា អាជ្ញាធរគួរមានចំណាត់ការភ្លាមៗក្នុងការជីកអណ្តូង និងស្វែងរកប្រភពទឹកបន្ថែម ដើម្បីធានាការបង្កបង្កើនផលស្រូវសម្រាប់ប្រជាកសិករ និងចំណូលជីវភាពរស់នៅរបស់ពួកគេផងដែរ។
លោកថ្លែងថា៖ «ចំពោះមុខរយៈពេលឥឡូវគួរតែគិតគូរទៅលើការពិនិត្យការបុកអណ្តូង ឬក៏ការទាញប្រភពទឹកពីតំបន់ណាមួយ ដើម្បីធានាបាននូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋកសិករដើម្បីឱ្យគាត់បង្កបង្កើតផលស្រូវបានក្នុងរដូវប្រាំង ពីព្រោះស្រូវមានការកើនឡើងនូវតម្លៃ។ អ៊ីចឹងចង់មិនចង់ ការរស់នៅពឹងលើវិស័យកសិកម្ម គឺត្រូវតែដាក់រៀបចំបង្កបង្កើនផលដីដែលមាន គួបផ្សំនឹងធនធានដែលគាត់មានដើម្បីធានាឱ្យគាត់រស់បាន។ បើមិនអ៊ីចឹង គាត់មិនអាចរកចំណូលឯណារស់បានទេ»។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានបដិសេធមិនអត្ថាធិប្បាយ ដោយឱ្យមើលតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់។ ប៉ុន្តែលោកបានបញ្ជាក់ថា ប្រជាពលរដ្ឋបានធ្វើស្រែលើសចំនួនទឹកដែលបានស្តុបទុក។
លោកថ្លែងថា៖ «ព្រោះយើងមានផែនការឱ្យធ្វើ២ម៉ឺនហិកតា។ ឥឡូវគាត់ធ្វើដល់៥ម៉ឺនហិកតាជាង ហើយយើងចេញសេចក្តីជូនដំណឹងរបស់ខេត្តកុំឱ្យគាត់ធ្វើលើកទី២។ គាត់អត់គោរពតាមផែនការ។ អ៊ីចឹងទឹកយើងមានតែសម្រាប់២ម៉ឺនហិកតាហើយគាត់ធ្វើដល់៥ម៉ឺនហិកតា។ ហ្នឹងជាបញ្ហា….ព្យាយាមកុំឱ្យគាត់ខាតបង់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ស្រូវបច្ចុប្បន្នមានតម្លៃថ្លៃ ដូច្នេះប្រជាកសិករក្រោយបញ្ចប់ការប្រមូលផលនៅរដូវចាស់ ក៏ចាប់ផ្តើមបង្កបង្កើនផលនៅរដូវថ្មី ប៉ុន្តែដោយសារតែបញ្ហាកង្វះធនធានទឹកសម្រាប់ប្រើប្រាស់ ទើបអាជ្ញាធរខេត្តសម្រេចឱ្យប្រជាពលរដ្ឋផ្អាកការបង្កបង្កើនដំណាំស្រូវ។ កញ្ញាបញ្ជាក់ថា ក្រសួងកសិកម្មស្នើឱ្យប្រជាពលរដ្ឋស្តាប់តាមការណែនាំរបស់អាជ្ញាធរដើម្បីកុំឱ្យមានផលប៉ះពាល់ណាមួយនាពេលអនាគត។
កញ្ញាថ្លែងថា៖ «នេះគឺជាការក្រើនរំឭកទុកជាមុន ហើយប្រសិនជាមិនអ៊ីចឹងទេ ប្រសិនជាបងប្អូននៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រាំងបន្តទៀត វាអាចប្រឈមមុខនឹងការខ្វះទឹកដែលបង្កជាការខូតខាតទៅថ្ងៃមុខ»។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះបន្ថែមថា ធនធានទឹកដែលមាននៅក្នុងខេត្តពោធិ៍សាត់មិនមែនផ្តោតសំខាន់តែសម្រាប់កសិកម្មតែមួយមុខនោះទេ ដោយត្រូវបែងចែងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕
វេទិកាបញ្ចេញមតិ