ក្រុមគ្រួសាររបស់សកម្មជនដែលត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃចន្ទ រឿងតវ៉ានៅខាងមុខស្ថានទូតចិន កាលពីខែតុលា ឆ្នាំមុន បានអះអាងអំពីភាពអយុត្តិធម៌សម្រាប់ក្រុមគ្រួសារ ដែលតុលាការបានកាត់ទោសឲ្យជាប់ពន្ធនាគារចន្លោះពី១២ខែទៅ២០ខែ។
កាលពីរសៀលថ្ងៃចន្ទ ទី២ ខែសីហា អ្នកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមនៃតុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមនុស្ស៩នាក់ដែលមានស្រ្តី៦នាក់ ពាក់ព័ន្ធនឹងការតវ៉ានៅខាងមុខស្ថានទូតចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឲ្យជាប់ពន្ធនាគារចន្លោះពី១២ខែទៅ២០ខែ។ ពួកគេត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានភាពវឹកវរក្នុងសង្គម ក្រោយចេញមុខតវ៉ានៅខាងមុខស្ថានទូតចិន ដែលជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។
ចៅក្រមតុលាការបានផ្ដន្ទាទោសកំបាំងមុខអតីតតំណាងរាស្ត្របក្សប្រឆាំងមួយរូប គឺលោក ហូរ វ៉ាន់ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងសកម្មជនម្នាក់ គឺលោក សាន សីហៈ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ឲ្យជាប់ពន្ធនាគារចំនួន២០ខែ ពាក់ព័ន្ធនឹងផែនការតវ៉ានេះ។ ចំណែកសកម្មជន៤នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ខែ ដែលរួមមានអ្នកស្រី លឹម សាន លោក តុន និមល អ្នកស្រី យ៉យ ស្រីមុំ និងអ្នកស្រី ហុង អាន។ ចំណែកសកម្មជន៣នាក់ទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១២ខែ គឺអ្នកស្រី សាន ស្រីនាថ អ្នកស្រី សាត ផា និងអ្នកស្រី ប៉ៃ រ៉េន។
ពួកគេទាំង៩នាក់ក៏ត្រូវបានពិន័យជាប្រាក់ម្នាក់២លានរៀលផងដែរ។
កាលពីខែតុលា ឆ្នាំមុន អ្នកតវ៉ារាប់សិបនាក់ជាស្ត្រីបានប្រមូលផ្តុំ និងស្រែកទាមទារឲ្យរដ្ឋាភិបាលចិន គោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអ្នកខ្លះបានស្រែកថា«បដិសេធកងទ័ពចិន»ក្នុងប្រទេសកម្ពុជា។ ការតវ៉ានោះក៏ត្រូវបានកម្លាំងសន្តិសុខបំបែកផងដែរ។
អ្នកស្រី ផាន សាត អាយុ៣៩ឆ្នាំ ជាកូនស្រីរបស់អ្នកស្រី លឹម សាន ដែលត្រូវបានតុលាការកាត់ឲ្យជាប់ទោស បានថ្លែងប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាអ្នកស្រីបានចូលរួមក្នុងពេលតុលាការប្រកាសសាលក្រម កាលពីថ្ងៃចន្ទ ដោយម្តាយរបស់អ្នកស្រី រងការកាត់ឲ្យជាប់ទោសចំនួន១៨ខែ ដែលអ្នកស្រីថាមិនអាចទទួលយកបាននោះទេ ដោយសារម្តាយមិនបានប្រព្រឹត្តអ្វីខុស។
អ្នកស្រីបន្ថែមថាម្តាយ អាយុ៦០ឆ្នាំ ជាអតីតក្រុមប្រឹក្សាឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានជំងឺសន្លាក់ជើង និងចាប់ផ្តើមមានជំងឺក្រពះ ពោះវៀន និងរោគបេះដូង ពេលជាប់ពន្ធនាគារប្រមាណ១០ខែ គិតចាប់តាំងពីថ្ងៃចាប់ខ្លួន។
អ្នកស្រីដែលជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ ឲ្យដឹងថាអ្នកស្រីបានឲ្យមេធាវីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំអត់សុខចិត្តនឹងការកាត់ទោសម៉ែខ្ញុំអញ្ចឹងទេ។ ខ្ញុំជាកូនខ្ញុំអត់សុខចិត្តដំណើរការកាត់ទោសរបស់តុលាការទេ។ អត់ត្រូវកាត់ទោសម៉ែខ្ញុំអញ្ចឹងទេ»។
អ្នកស្រីបន្ថែមថាវាមើលទៅទំនងជាការ«គំរាម»របស់រដ្ឋាភិបាលទៅលើប្រជាជន កុំឲ្យប្រមូលផ្តុំតវ៉ានៅថ្ងៃទី២៣ តុលា ដែលជាទិវាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលធានាឲ្យកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេស។
ចំណែកអ្នកស្រី ជ័យ ស្រីនី អាយុ៣៨ឆ្នាំ មានស្វាមីឈ្មោះលោក តុន និមល អាយុ៣៩ឆ្នាំ ជាអតីតក្រុមប្រឹក្សាសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ អ្នកស្រីដែលបានចូលស្តាប់ការប្រកាសសាលក្រមកាលពីថ្ងៃចន្ទ បានអះអាងថាស្វាមីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ខែ ដែលអ្នកស្រីចាត់ទុកជារឿងអយុត្តិធម៌មួយ។ អ្នកស្រី និងសកម្មជនផ្សេងទៀតក៏ត្រូវបានបង្គាប់ឲ្យបង់ប្រាក់ចំនួន២លានរៀលក្នុងមួយនាក់ ដែលអ្នកស្រីអះអាងថាមិនមានប្រាក់បង់នោះទេ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំយល់ថាមានភាពអយុត្តិធម៌ខ្លាំងណាស់ ព្រោះប្តីខ្ញុំអត់មានកំហុសផង ហើយដាក់គាត់ដល់១៨ខែ»។
អ្នកស្រីដែលមានកូន៣នាក់បន្ថែមថាស្វាមីបានប្រាប់អ្នកស្រីឲ្យរក្សាជំហររឹងមាំ បើទោះលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារក៏ដោយ។
អ្នកស្រីថ្លែងថា៖ «គាត់ឲ្យខ្ញុំតស៊ូរឹងមាំទៅ មិនបានព្រួយបារម្ភពីបងទេ ព្រោះអីបងនឹងមានសេរីភាពឆាប់ៗ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី អ៊ុក រ៉េតគន្ធា ជាចៅក្រមដែលកាត់ទោស និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
ចំណែកលោក ប្លង់ សុផល អ្នកនាំពាក្យរបស់តុលាការមិនឆ្លើយតបនឹងសំណួររបស់វីអូអេតាមប្រព័ន្ធតេឡេក្រាម(Telegram)នៅថ្ងៃអង្គារនេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថាការកាត់ទោសដាក់ពន្ធនាគារនេះ នាំឲ្យមានការរិះគន់បន្ថែមទៀតថាមានការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថាថ្ងៃទី២៣ ខែតុលា នៅតែមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋ ដូច្នេះពួកគេអាចចេញទៅសម្តែងមតិរបស់ពួកគេបានដោយសេរី។
លោកបន្ថែមថា៖ «បើសិនជាគ្រាន់តែធ្វើការរំឭក ហើយមានការរឹតត្បិត អាហ្នឹងវាបង្ហាញថាយើងមិនប្រកាន់យកគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថាមុនការតវ៉ាខាងមុខស្ថានទូតចិនកាលពីខែតុលា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានអ្នកមានគម្រោងតវ៉ាថា«កុំមករញ៉េរញ៉ៃ» ក្នុងស្ថានភាពដែលប្រទេសកំពុងប្រឈមនឹងគ្រោះទឹកជំនន់ និងជំងឺរាតត្បាតកូវីដ១៩ផង៕