ក្រុមគ្រួសារជនជាប់ចោទចំនួន១០នាក់ បន្ទាប់ពីបានដំណឹងថា ឪពុក កូន និងស្វាម៉ីត្រូវជាប់ចោទពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល កាលពីដើមសប្តាហ៍នេះបានធ្វើដំណើរពីតាមបណ្តាខេត្តទិសភាគពាយព្យនៃប្រទេសកម្ពុជាមកកាន់ការិយាល័យអង្គការក្រៅរដ្ឋាភិបាលមួយដើម្បីឲ្យជួយធ្វើអន្តរាគមន៍ដោះលែងពួកគេមកវិញ។
ក្រុមគ្រួសារសាច់ញាតិទាំងនោះមានទឹកមុខស្រពាប់ស្រពោន និងមានអ្នកខ្លះបានរលីងរលោងទឹកភ្នែក នៅពេលដែលបានផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកកាសែត និងមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស។
ក្នុងចំណោមក្រុមគ្រួសារជនជាប់ចោទទាំង១០នាក់នោះមាន៩នាក់បានអះអាងថា មិនដែលធ្លាប់ស្គាល់ចលនារំដោះជាតិខ្មែរដែលរដ្ឋាភិបាលបានចោទប្រកាន់ថា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនោះទេ។ ក៏ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះដែលអះអាងថា បានចូលជាសមាជិកចលនានេះ។
អ្នកស្រីឈឹម វិមេន អាយុ២៤ឆ្នាំ ត្រូវជាកូនស្រីបង្កើតជនជាប់ចោទឈ្មោះ ឈឹម ស្ម័គ្រ មកពីខេត្តព្រះវិហារ បាននិយាយថា ឪពុករបស់អ្នកស្រីធ្លាប់មានទំនាក់ទំនងជាមួយលោកសម សេរី រួចហើយក៏បានចូលជាសមាជិកចលនារំដោះជាតិខ្មែរកាលពីឆ្នាំ២០១២។ ក៏ប៉ុន្តែចលនានេះមិនមែនជាចលនាបង្កើតកងកម្លាំងប្រដាប់អាវុធទេ គឺជាចលនាតស៊ូមតិដោយសន្តិវិធីតែប៉ុណ្ណោះ។
លោកឈឹម ស្ម័គ្រត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី២៣ខែតុលាក្នុងខណៈពេលដែលលោកចូលរួមប្រារព្ធខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
អ្នកស្រីឈឹម វិមេននិយាយថា ឪពុកលោកស្រីជាកសិករចិញ្ចឹមជ្រូក មិនដែលមានលាក់ទុកអាវុធនៅក្នុងផ្ទះឬក៏មានសកម្មភាពណាមួយចង់ផ្តួលរំលំរដ្ឋាភិបាលទេ។
លោកស្រីនិយាយថា៖ «ការចោទប្រកាន់មកលើគាត់ទាំង១០នាក់ថា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនោះមិនយុត្តិធម៌សម្រាប់ខ្ញុំទេ និងក្រុមគ្រួសាររបស់គាត់ទាំង៩នាក់ទៀត មូលហេតុពីព្រោះគាត់មកហ្នឹងគឺគោលបំណងគាត់គ្មានគ្រឿងប្រដាប់អាវុធ ឬមកប្រើអំពើហិង្សាអ្វីទេ គឺគាត់មកប្រើជាក្រដាសលិខិតបណ្ណហើយនិងសៀវភៅធម្មតាទេ»។
កាលពីសប្តាហ៍មុន អាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនសង្ស័យចំនួន១០ដែលភាគច្រើនជាកម្មករ និស្សិត គ្រូបង្រៀន និងធ្លាប់ធ្វើជាកម្មករនៅក្នុងប្រទេសថៃ។ ក្នុងការចាប់ខ្លួននេះ អាជ្ញាធរមិនបានបង្ហាញថា ពួកគេមានភស្តុតាងអ្វីខ្លះដែលអាចដាក់បន្ទុករឹងមាំថា ជាប់ពាក់ព័ន្ធនឹងការបង្កើតចលនាផ្តួលរំលំរដ្ឋាភិបាលនោះទេ។
បើតាមក្រុមគ្រួសារជនជាប់ចោទបានឲ្យដឹងថា ក្នុងខណៈពេលចាប់ខ្លួននោះ សមត្ថកិច្ចបានរឹបអូសយកខិតបណ្ណ និងសៀវភៅកត់ត្រាតែប៉ុណ្ណោះសម្រាប់ជាភស្តុតាងដាក់បន្ទុកពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមានទាំងរថពាសដែក និងកាំភ្លើងស្វ័យប្រវត្តិជាច្រើននោះ។
អង្គុយដោយមានទឹកមុខស្រងោតស្រងាត់ អ្នកស្រីឈុន វ៉ន អាយុ៥៥ឆ្នាំ មកឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយជនជាប់ចោទឈ្មោះអាន ចាន់ អាយុ២៥ឆ្នាំ បាននិយាយថា កូនអ្នកស្រីធ្វើតែចម្ការតែប៉ុណ្ណោះមិនដែលស្គាល់ទេចលនារំដោះជាតិខ្មែរ។
អ្នកស្រីនិយាយថា៖ «មិនបានធ្វើអ្វីទេលោកគ្រូ បានគេចាប់អញ្ចឹង»។
លោកអ៊ុយ ម៉ៅ អាយុ៥៥ឆ្នាំ ត្រូវជាឪពុកជនជាប់ចោទឈ្មោះច្រាញ់ ម៉ុច និស្សិតឆ្នាំទី២ផ្នែករដ្ឋបាលនៃសាកលវិទ្យាល័យមួយក្នុងខេត្តបាត់ដំបង មានប្រសាសន៍ថា កូនរបស់លោកក៏មិនបានចូលរួមចលនានេះដែរ។ ក្រៅពីសិក្សា ច្រាញ់ ម៉ុចបានជួយការងារឪពុកម្តាយធ្វើចម្ការ និងធ្វើស្រែតែប៉ុណ្ណោះ។
លោកនិយាយថា៖«អត់ទេ ខ្ញុំមិនដែលមានអ្វីទេ។ កូនមកពីរៀនវិញមានតែជួយធ្វើស្រែ ធ្វើចម្ការ ជួយរកត្រី រកសាច់ប៉ុណ្ណឹងឯង។ ខ្ញុំមិនដែលដឹងទេ មិនដែលដឹងសុទ្ធ»។
លោកណៃ វ៉ង់ដា អនុប្រធានផ្នែកអង្កេតសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់នៃសមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការចោទប្រកាន់របស់រដ្ឋាភិបាលគ្មានមូលដ្ឋានច្បាស់លាស់ទេ ហើយបើសមត្ថកិច្ចមានភស្តុតាងជាក់លាក់ គួរតែបើកសវនាការភា្លមៗទៅ មិនត្រូវចាប់ពួកគេយកទៅឃុំឃាំងយូរថ្ងៃទេ។
លោកនិយាយថា៖ «ខ្ញុំមិនទាន់សន្និដ្ឋានអ្វីឲ្យបាន១០០%ទេ ប៉ុន្តែយោងទៅលើព័តមានដែលយើងធ្វើការអង្កេតបឋមនេះ យើងឃើញថា ភាគច្រើននៃអ្នកដែលជាប់ទាំង១០នាក់ហ្នឹង ភាគច្រើនអត់មានដឹង អត់មានស្គាល់អ្វីទាំងអស់។ ចលនាហ្នឹងជាស្អី ក៏អត់ដឹង អត់ស្គាល់ ហើយកាតសមាជិក ឬក៏បញ្ជីឈ្មោះអីក៏អត់ស្គាល់ និងមិនដែលចូលរួមប្រជុំអ្វីទាល់តែសោះ»។
តុលាការក្រុងភ្នំពេញ កាលពីចុងសប្តាហ៍មុន បានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន១០នាក់ជាសមាជិករណសិរ្សរំដោះជាតិនោះពីបទ«រួមគំនិតក្បត់ដើម្បីផ្តួលរំលំរដ្ឋាភិបាល» រួចហើយបានបញ្ជូនពួកគេយកទៅឃុំឃាំងក្នុងពន្ធនាគារព្រៃសដើម្បីរងចាំជំនុំជម្រះទោស៕