តុលាការក្រុងភ្នំពេញកាលពីចុងសប្តាហ៍នេះបានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន១០នាក់ជាសមាជិករណសិរ្សរំដោះជាតិពីបទ៖ រួមគំនិតក្បត់ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងក្រុងភ្នំពេញ មានប្រសាសន៍ប្រាប់អ្នកកាសែតថា លោកបានសម្រេចចោទប្រកាន់ជាផ្លូវការលើជនសង្ស័យចំនួន១០នាក់ដូចៗគ្នាពីបទរួមគំនិតក្បត់ដើម្បីផ្តួលរំលំរដ្ឋាភិបាល ហើយលោកចៅក្រមបានសម្រេចចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃសហើយដើម្បីរងចាំជំនុំជម្រះទោស។
ក្រុមអាជ្ញាធរកម្ពុជាមានសមត្ថកិច្ចកាលពីដើមសប្តាហ៍មុនបានចាប់ខ្លួនជនសង្ស័យចំនួន១០នាក់ដាច់ដោយឡែកៗពីគ្នា ដោយសារតែពួកគេបានចូលរួមក្នុងសកម្មភាពខុសច្បាប់របស់លោកសម សេរីក្នុងគោលបំណងដើម្បីញុះញង់ឲ្យមានអំពើហិង្សាក្នុងទីក្រុងភ្នំពេញ។
លោកគៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ កាលពីសប្តាហ៍មុន មានប្រសាសន៍ថា៖ «មានសាលក្រមតុលាការបង្គាប់ឲ្យចាប់ខ្លួនគាត់ទាក់ទងនឹងរឿងធ្វើសកម្មភាពកសាងអង្គការខុសច្បាប់ហ្នឹងប្រឆាំងនឹងរដ្ឋាភិបាល និងមានសកម្មភាពរៀបចំកម្លាំងប្រដាប់អាវុធខុសច្បាប់និងពាក់ព័ន្ធនឹងការដាក់គ្រាប់បែកផ្ទុះនៅរាជធានីភ្នំពេញរយៈពេលកន្លងមកនេះ»។
ជនសង្ស័យទាំង១០នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន មានមុខរបរជាគ្រូបង្រៀន កសិករ ជាងសំណង់ ធ្លាប់ជាកម្មករក្នុងប្រទេសថៃ និងជានិស្សិតផ្នែករដ្ឋបាលឆ្នាំទី៣នៃសាកលវិទ្យាល័យខេត្តបាត់ដំបង។ ពួកគេត្រូវបានសមត្ថកិច្ចចោទប្រកាន់ថា ជាសមាជិកចលនារំដោះជាតិ ដែលមានលោកសម សេរី ហៅ ស សេរី ហៅយាន យៀបជាប្រធាន។ ចលនានេះមានទំនាក់ទំនងជាមួយនិង ចលនាខ្លារំដោះរបស់លោកសោម ឯក ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ។
ក្រុមអាជ្ញាធរមានសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនស សេរី ប្រធានចលនារំដោះជាតិដែលកំពុងរស់នៅក្នុងប្រទេសដាណឺម៉ាក។ ក៏ប៉ុន្តែមកដល់ពេលនេះមិនទាន់បានចាប់ខ្លួននៅឡើយ។
ចលនារំដោះជាតិនេះគឺមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកសាងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ បញ្ជូនភ្នាក់ងារសម្ងាត់មកស៊ើបទីតាំងយោធាសំខាន់ៗ ធ្វើសកម្មភាពបាចខិត្តប័ណ្ណប្រឆាំងប្រមុខរាជរដ្ឋាភិបាល ហ្វឹកហាត់កម្លាំងភេរវកម្ម ដាក់គ្រឿងផ្ទុះដោយសម្ងាត់នៅតាមជាយដែនកម្ពុជា និងប្រទេសថៃ និងកសាងបណ្តាញនៅកម្ពុជា ដើម្បីប្រមែប្រមូលព័ត៌មាន និងបញ្ជូនព័ត៌មានចេញទៅមេខ្លោងនៅដាណឺម៉ាក។ នេះបើតាមការបញ្ជាក់នៅក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិកន្លងមក។
សម សេរី ហៅ ស សេរី ហៅយាន យៀបជាសមាជិកក្នុងចលនាខ្លារំដោះដែលមានលោកសោម ឯកជាប្រធាននោះ បានរត់គេចខ្លួន បន្ទាប់ពីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធសកម្មភាពភេរវកម្ម ដាក់បង្កៃគ្រឿងផ្ទុះក្នុងសួនច្បារមុខទីស្តីការគណៈរដ្ឋមន្ត្រី និងមុខអតីតស្ថានីយទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣ កាលពីដើមឆ្នាំ២០០៩។
លោកសោម ឯកត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសរយៈពេល១៨ឆ្នាំពីបទថា បានប៉ុនប៉ងបំផ្លិចបំផ្លាញរូបសំណាកមិត្តភាពកម្ពុជា-វៀតណាម។
លោកសោម ឯកត្រូវបានចាប់ខ្លួនដោយអាជ្ញាធរប៉ូលិសកម្ពុជានៅក្នុងខេត្ត បន្ទាយមានជ័យនៅខែមករាឆ្នាំ២០០៩គឺជាងមួយឆ្នាំក្រោយពីការដាក់បង្កៃរំសេវផ្ទុះប៉ុនប៉ងធ្វើឲ្យខូចខាតស្ដូបមិត្ដភាពកម្ពុជា-វៀតណាម។ ស្ដូបនេះបង្ហាញពីរូបចម្លាក់ធ្វើពីថ្មកាន់កាំភ្លើងរួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាមសម្រាប់ជានិមិត្តរូបនៃការប្រយុទ្ធផ្ដួលរំលំរបបពួកខ្មែរក្រហម៕