ក្រុមគ្រួសារ និងមន្ត្រីសិទ្ធិមនុស្សបង្ហាញនូវការងឿងឆ្ងល់ និងចាត់ទុកថាវាជា«រឿងចម្លែក» និង«អយុត្តិធម៌»ចំពោះការចាប់ខ្លួនបេក្ខជនមេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀន ក្រោមបទចោទ«ប្លន់» ខណៈករណីនេះបានកើតឡើងតាំងពី២០ឆ្នាំមុន។
លោក ញឹម សារ៉ុម អាយុ៥២ឆ្នាំ បេក្ខជនមេឃុំជាប់ឆ្នោតបក្សភ្លើងទៀន នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរខេត្តកំពង់ធំចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រោមបទចោទ«ប្លន់»។
អ្នកស្រី ខាត់ សុឃាង ភរិយារបស់លោក ញឹម សារ៉ុម ប្រាប់វីអូអេនៅថ្ងៃពុធថាស្វាមីរបស់អ្នកស្រីត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ កាលពីថ្ងៃអង្គារ។ អ្នកស្រីមានចម្ងល់ក៏ដូចជាមិនយល់ពីការចាប់ខ្លួនស្វាមីនាពេលនេះឡើយ។ អ្នកស្រីបន្ថែមថាពីមុនមក មិនដែលមានដីកាកោះហៅពីតុលាការទេ ហើយស្វាមីរបស់អ្នកស្រី ក៏មិនដែលគេចទៅទីណាឡើយ។
អ្នកស្រីថាការចាប់ខ្លួនស្វាមីរបស់អ្នកស្រីមិនយុត្តិធម៌ និងមិនត្រឹមត្រូវ ដោយសារករណីនេះបានកន្លងទៅ២០ឆ្នាំហើយ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំថាវាមិនត្រឹមត្រូវ បើឡើង២០ឆ្នាំជាងហើយ តាំងពី២០០២ ហេតុអ្វីដល់២០២២នេះបានហៅគាត់។ គាត់មិនដែលរត់ទៅណា មិនដែលមានដីកាណាហៅមួយដងឱ្យគាត់ទៅជួបផង។ ទើប២០២២នេះបានមានដីកាកោះហៅចាប់គាត់បណ្តោយ»។
លោក ញឹម សារ៉ុម ត្រូវចោទប្រកាន់តាមមាត្រា៦នៃច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ដែលចែងអំពីការលួចធ្វើដោយអំពើហិង្សាមានអាវុធ ឬអត់អាវុធ បណ្តាលឬមិនបណ្តាលឱ្យមានរបួស ឬការលួចនោះបានធ្វើឡើងដោយមានគ្នាច្រើន ឬដោយការកាប់គាស់ទម្លុះ ទម្លាយ បំផ្លិចបំផ្លាញ។ បទចោទនេះអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
ការចោទប្រកាន់របស់តុលាការខេត្តកំពង់ធំ ពាក់ព័ន្ធនឹងភាគីម្ខាងទៀតខ្ចីប្រាក់លោក ញឹម សារ៉ុម ហើយមិនបានសងប្រាក់ ទើបលោក ញឹម សារ៉ុម បានយកម៉ាស៊ីនភ្លើងរបស់ភាគីម្ខាងទៀត ទៅដាក់នៅប៉ុស្តិ៍នគរបាល។ នេះបើយោងតាមរបាយការណ៍របស់នគរបាល ដែលត្រូវបានផ្សព្វផ្សាយដោយគណបក្សភ្លើងទៀន។
នៅក្នុងដីកាចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ដែលចុះហត្ថលេខាដោយចៅក្រុមស៊ើបសួរ លោក ស៊ិត សុវណ្ណៈ ហើយត្រូវបានចុះហត្ថលេខាឱ្យអនុវត្តដោយអធិការរងស្រុកស្ទោង លោក វ៉ន សុភ័ណ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ និងនាំខ្លួនលោក ញឹម សារ៉ុម។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថាការចាប់ខ្លួនបេក្ខជនជាប់ឆ្នោតរបស់បក្សប្រឆាំង ខុសពីធម្មតា ដែលគាប់ជួនពេលសកម្មជនថ្នាក់ក្រោមនេះជាប់ឆ្នោតជាមេឃុំ។
លោកយល់ថាការដាក់ពន្ធនាគារបេក្ខជនជាប់ឆ្នោតរូបនេះ ជារូបភាពនៃការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំង។
លោកថ្លែងថា៖ «យើងដាក់សំណួរជាចម្ងល់ថាហេតុអ្វីទើបតែមកដល់ពេលនេះដែលគាត់កំពុងតែជាប់ និងឈានចូលកាន់តំណែងជាមេឃុំថ្មីខាងមុខនេះទៀត ស្រាប់តែយកដីកាដែលវាមានអាយុកាលយូរហើយមកអនុវត្តចាប់ខ្លួនគាត់ទៅវិញ។ ខ្ញុំដូចជាមានការងឿងឆ្ងល់ដែរ ហើយបើខ្ញុំមើលទិដ្ឋភាពនេះ ជារូបភាពនៃការបំបាក់ស្មារតី ការគំរាមកំហែង ច្រើនជាងការអនុវត្តច្បាប់»។
លោក សាយ វាសនា អ្នកនាំពាក្យរបស់តុលាការខេត្តកំពង់ធំ ប្រាប់វីអូអេនៅរសៀលថ្ងៃពុធនេះថាលោក ញឹម សារ៉ុម ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ ប៉ុន្តែការចោទប្រកាន់មិនទាន់ត្រូវបានទម្លាក់ចោលនៅឡើយទេ។
ទោះជាយ៉ាង លោកថាករណីខ្លះមានភាពស្មុគស្មាញខ្លាំង ដែលត្រូវការពេលវេលានៅក្នុងការស៊ើបអង្កេត តែជាគោលការណ៍តុលាការតែងតែជំរុញមន្ត្រីនគរបាលយុត្តិធម៌ឱ្យអនុវត្តទៅតាមដីការបស់តុលាការឱ្យបានលឿន និងមានប្រសិទ្ធភាព។
លោកប្រាប់វីអូអេថា៖ «អានេះអត់មានពាក់ព័ន្ធនឹងនយោបាយទេ។ អាហ្នឹងពាក់ព័ន្ធជាមួយនីតិវិធីច្បាប់សុទ្ធសាធហ្មង ព្រោះអានេះយើងអនុវត្តរវាងមន្ត្រីនគរបាលយុត្តិធម៌ ហើយនិងស្ថាប័នតុលាការ គេអនុវត្តដោយផ្អែកទៅលើអង្គហេតុ ហើយនឹងមានភស្តុតាងនៅក្នុងសំណុំរឿង»។
គណបក្សភ្លើងទៀន នៅថ្ងៃពុធ បានបង្ហោះសារដោយបានការពារថាលោក ញឹម សារ៉ុម មិនមែនជា«ចោរប្លន់» ដូចការចោទប្រកាន់របស់តុលាការឡើយ ហើយជម្លោះដែលកើតចេញការជំពាក់លុយនោះ ក៏ត្រូវបានដោះស្រាយរួចរាល់ នៅក្នុងឆ្នាំ២០១១ ដែលមានមេឃុំចំណាលើ និងលោកនាយប៉ុស្តិ៍នគរបាលឃុំចំណាលើ ជាអ្នកបញ្ចប់រឿងក្តីមួយនេះ៕
គ្រួសារនិងមន្ត្រីសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនបេក្ខជនជាប់ឆ្នោតគណបក្សភ្លើងទៀន ជារឿង«ចម្លែក»និង«អយុត្តិធម៌»
ភ្នំពេញ —