បេក្ខជនជាប់ឆ្នោតជាមេឃុំមកពីគណបក្សភ្លើងទៀន ក្នុងឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានចាប់ខ្លួន កាលពីរសៀលថ្ងៃអង្គារ។ នេះបើតាមក្រុមគ្រួសារ និងគណបក្សភ្លើងទៀន។
គណបក្សភ្លើងទៀនបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួននាថ្ងៃអង្គារនេះថា លោក ញឹម សារ៉ុម បេក្ខជនមេឃុំជាប់ឆ្នោត នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានចាប់ខ្លួន កាលពីម៉ោងជាង១រសៀល ហើយគណបក្សមិនទាន់អាចបញ្ជាក់មូលហេតុនៅឡើយទេ។
អ្នកស្រី ខាត់ សុឃាង ភរិយារបស់លោក ញឹម សារ៉ុម ប្រាប់វីអូអេ ខណៈកំពុងធ្វើដំណើរទៅស្វែងរកស្វាមីថា ស្វាមីត្រូវបានហៅទៅសួរនាំនៅប៉ុស្តិ៍នគរបាលចំណាលើ ហើយលោកត្រូវបានចាប់ខ្លួននៅទីនោះ។ អ្នកស្រីមិនទាន់ដឹងអំពីមូលហេតុនៃការចាប់ខ្លួន និងការចោទប្រកាន់លើស្វាមីនៅឡើយទេ។
អធិការស្រុកស្ទោង លោក យ៉ង់ សំ ថ្លែងថា នគរបាលទើបទទួលបានដីកាចាប់ខ្លួននេះ បើទោះដីកានេះចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ក៏ដោយ។ លោកបន្ថែមថាលោក ញឹម សារ៉ុម ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ករណីចាប់ខ្លួននេះជា«រឿងនយោបាយសុទ្ធសាធ» ដោយសារករណីនេះមានដីការបស់តុលាការតាំងពីឆ្នាំ២០១២។ លោកចោទជាសំណួរថា ហេតុអ្វីបានជាលោក ញឹម សារ៉ុម មិនត្រូវចាប់ខ្លួនកាលពី១០ឆ្នាំមុន។ លោកបន្ថែមថារឿងរ៉ាវចោទប្រកាន់លើលោក សារ៉ុម ត្រូវបានសម្របសម្រួលគ្នារួចអស់ហើយ។
លោកថ្លែងថា៖ «ហើយយើងគិតមើលតាំងពី២០១២ គាត់មានរត់ទៅណា ហេតុអីក៏មិនអនុវត្ត មិនចាប់ ស្រាប់តែពេលមកដល់ ពេលជាប់ជាមេឃុំ មកចាប់ អាហ្នឹងជារឿងមួយ ដែលយើងមើលឃើញទាំងអស់គ្នាហើយថា វាជារឿងនយោបាយសុទ្ធសាធ»។
បើតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពង់ធំ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ គឺកាលពី១០ឆ្នាំមុន លោក ញឹម សារ៉ុម ត្រូវបានចោទប្រកាន់ពីបទ«ប្លន់»៕
បេក្ខជនមេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀនក្នុងខេត្តកំពង់ធំ ត្រូវចាប់ខ្លួន
ភ្នំពេញ —