សកម្មជនគណបក្សភ្លើងទៀនម្នាក់ក្នុងខេត្តបាត់ដំបង ត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភលើលំនៅឋានគេ ហើយសម្រេចឃុំខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលលោកបានថតវីដេអូមន្រ្តីបក្សកាន់អំណាចកាន់បញ្ជីឈ្មោះអ្នកបោះឆ្នោត នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ក្រុមគ្រួសារ និងមន្ត្រីសិទ្ធិមនុស្សអះអាងថា ការឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀននេះ គឺខុសនីតីវិធីច្បាប់ និងមិនមានដីកាពីតុលាការឡើយ។
សកម្មជនគណបក្សភ្លើងទៀន លោក ឡី សុខុន អាយុ៤៩ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែមិថុនា វេលាម៉ោង៩ព្រឹក ខណៈលោកកំពុងតែចុះពីលើរថយន្ត ឆ្ពោះទៅរកហាងកាហ្វេមួយកន្លែងនៅក្នុងក្រុងបាត់ដំបង។ នេះបើតាមការអះអាងរបស់ភរិយាលោក។
អ្នកស្រី លី លីនដា អាយុ២៩ឆ្នាំ ជាភរិយារបស់សកម្មជនរូបនោះ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាស្វាមីរបស់អ្នកស្រីត្រូវបានបុគ្គលម្នាក់ឈ្មោះ លោក ឡាញ់ ជុន ប្តឹងពីបទ«ចូលផ្ទះដោយគ្មានការអនុញ្ញាត និងឆក់យកលុយ»។ ករណីនេះពាក់ព័ន្ធនឹងស្វាមីរបស់អ្នកស្រីដែលថតវីដេអូនៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បង្ហាញសកម្មភាពមន្រ្តីគណបក្សប្រជាជនកម្ពុជាកាន់បញ្ជីឈ្មោះអ្នកបោះឆ្នោត ហើយប្រមូលផ្តុំគ្នាកត់ឈ្មោះប្រជាពលរដ្ឋ កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែអ្នកស្រីបានការពារស្វាមីរបស់អ្នកស្រីថាស្វាមីអ្នកស្រីមិនបានចូលទៅក្នុងផ្ទះនោះទេ ដោយគ្រាន់តែឈរនៅខាងមុខផ្ទះ ហើយក៏មិនបានឆក់លុយដែរ។
បើតាមអ្នកស្រីលីនដា ដើមបណ្តឹងបានដាក់លក្ខខណ្ឌចំនួនពីរ ទើបអាចមានការដកបណ្តឹង ដោយក្នុងលក្ខខណ្ឌទី១ ស្វាមីរបស់អ្នកស្រីត្រូវផ្សព្វផ្សាយផ្ទាល់តាមហ្វេសប៊ុកសុំទោសជាសាធារណៈ និងទី២ ត្រូវលុបវីដេអូដែលផ្សព្វផ្សាយលើបណ្តាញសង្គមចេញ។ អ្នកស្រីបានចាត់ទុកការចាប់ខ្លួនប្តីថាជារឿងអយុត្តិធម៌ និងខុសនីតិវិធីច្បាប់ផងដែរ។
អ្នកស្រីថ្លែងថា៖ «គឺវាអយុត្តិធម៌។ ចង់និយាយថាអត់មានដីកា អត់មានអី យើងអត់ដឹងរឿងអីសោះ។ សុខៗគេមកចាប់។ វាអយុត្តិធម៌មែនទែន»។
បើតាមអ្នកស្រីលីនដា លោក សុខុន ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។
អ្នកស្រីបញ្ជាក់ថា៖ «ឥឡូវនេះគេសម្រេចយកគាត់ទៅឃុំខ្លួនហើយ ហើយឥឡូវហ្នឹងគឺខ្ញុំចេញពីតុលាការហើយ»។
ស្នងការនគរបាលខេត្តបាត់ដំបង លោក សាត គឹមសាន បានបញ្ជាក់ថាការចាប់ខ្លួននេះមានដីកាត្រឹមត្រូវ ហើយលោកស្នើឱ្យទាក់ទងទៅតុលាការវិញ។
អ្នកនាំពាក្យរបស់តុលាការខេត្តបាត់ដំបង លោក ដួង សារ៉ុន ប្រាប់វីអូអេថាលោក សុខុន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទរំលោភលើលំនៅឋាន តាមមាត្រា២៩៩នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅចៅក្រមស៊ើបសួររួចហើយ។ មាត្រា២៩៩នៃបទរំលោភលើលំនៅឋាន ចែងថាអំពើប្រព្រឹត្តដោយមានហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬឧបាយកលចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល។
នៅក្នុងវីដេអូដែលលោក ឡី សុខុន បានថត កាលពីថ្ងៃទី៥ អំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បានបង្ហាញថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបានដាក់តុអង្គុយក្បែរការិយាល័យបោះឆ្នោត ដោយមានតារាងបញ្ជីឈ្មោះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីបញ្ជាក់ថា តើពលរដ្ឋណាខ្លះមកបោះឆ្នោត ហើយតើនរណាខ្លះដែលមិនមកបោះឆ្នោត។
លោក ឡាញ់ ជុន ដែលជាដើមបណ្តឹង ប្រាប់វីអូអេថា លោកបានដកបណ្តឹងវិញហើយ ដូច្នេះលោកមិនចង់អធិប្បាយច្រើនលើករណីនេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃអង្គការលីកាដូ លើកឡើងថា រាល់ការចាប់ខ្លួនគឺត្រូវតែមានដីកាពីតុលាការ លើកលែងតែករណីបទល្មើសជាក់ស្តែងប៉ុណ្ណោះ។ លោកបន្ថែមថានេះជាការគំរាមកំហែងទៅលើសកម្មជនបក្សប្រឆាំង។
លោកបញ្ជាក់ថា៖ «ការចាប់ខ្លួននេះដោយសារតែករណីហ្នឹងក៏វាជាការគំរាមកំហែងដូចខ្ញុំលើកឡើងពីខាងលើទី១ គឺសកម្មជនហ្នឹង និងទី២វាទៅជាការគំរាមកំហែងទៅលើសាក្សី»។
គួរបញ្ជាក់ថា សកម្មជនគណបក្សភ្លើងទៀនមួយចំនួនត្រូវបានចាប់ខ្លួន នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ ហើយគណបក្សនេះបានចាត់ទុកថាការណ៍នេះជាការបំភិភបំភ័យ និងធ្វើទុក្ខបុកម្នេញដល់សកម្មជនថ្នាក់ក្រោម៕