ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ជំងឺ​កូវីដ១៩​នៅ​សេតវិមាន​ថា ការ​រាលដាល​នៃ​វីរុស​បាន​ទៅ​ដល់​តំបន់​ទីជនបទ​ និង​ទីក្រុង


រូប​ឯកសារ៖ លោកស្រី​វេជ្ជបណ្ឌិត Deborah Birx ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
រូប​ឯកសារ៖ លោកស្រី​វេជ្ជបណ្ឌិត Deborah Birx ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

ពួក​អ្នកជំនាញ​ខាង​មេរោគ​កូរ៉ូណា​របស់​សេតវិមាន​បាន​និយាយ​ថា ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​បាន​ស្ថិត​នៅក្នុង​ដំណាក់កាល​ថ្មីដោយ​កំពុង​ក្លាយជា​ការរាលដាល​ដ៏​ខ្លាំង​នៅ​ក្នុង​តំបន់​ជនបទ​ និង​ទីក្រុង​ធំៗ។

លោកស្រី​វេជ្ជបណ្ឌិត​ Deborah Birx ជា​អ្នក​សម្រប​សម្រួល​ក្រុម​ការងារ​មេរោគ​កូរ៉ូណា​របស់​សេតវិមាន​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ CNN កាលពី​ថ្ងៃ​អាទិត្យ​ថា «សូម​ប្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ទីជនបទ​ថា លោក​ អ្នក ​មិន​រួច​ផុត​ពី​វីរុស​នេះ​ទេ»។

លោកស្រី​វេជ្ជបណ្ឌិត បាន​មាន​ប្រសាសន៍ទៀត​ថា «វីរុស​នេះនៅ​ក្នុង​ខែសីហា​នេះ​មិន​ដូចជា​វីរុស​នៅ​ក្នុង​ខែ​មីនានិងខែ​មេសា​ទេ នៅ​ពេល​មាន​តែទីក្រុង​ធំៗ​ និង​រដ្ឋ​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ បាន​រាយការណ៍​ពី​ករណី​ឆ្លង​នៃមេរោគ​នោះ។​

លោកស្រី​វេជ្ជបណ្ឌិត Birx បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃការ​ពាក់​ម៉ាស​នៅ​ខាង​ក្រៅ​ ប្រសិនបើ​ មាន​មនុស្ស​ចាស់​ ឬ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ស្ថិត​នៅក្នុង​ផ្ទះ។

លោក​ឧត្តម​នាវីឯក​ Brett Giroir ជា​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៅឯ​ក្រសួង​សុខាភិបាល​ បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ Meet the Press នៃ​បណ្តាញ​ទូរទស្សន៍​ NBC ។លោក​ក៏​បាន​ពិភាក្សាអំពី​សារៈសំខាន់​នៃការ​ពាក់​ម៉ាស និង​បញ្ចៀស​នៅកន្លែង​មាន​មនុស្ស​ច្រើន​កកករ​ដែរ។

លោក​បាន​មាន​ប្រសាសន៍ថា «ដោយ​ហេតុ​នេះ​ហើយ យើង​កំពុង​ផ្តល់​ការណែ​នាំ​ដល់​រដ្ឋ​ និង​ស្ថានីយ​វិទ្យុ​នៅ​តាម​មូលដ្ឋាន​ទាំងអស់​ និង​ដល់​អភិបាលស្រុក​នីមួយៗ​អំពី​អ្វី​ដែល​ចាំបាច់​ធ្វើ​នៅពេល​ដែល​យើង​ចាប់​ផ្តើម​ នៅពេល​ដែល​ស្រុក​ទាំង​នោះ​ចាប់ផ្តើម​មាន​ការឆ្លងវីរុស​នោះ​ចំនួន​មធ្យម​ ពីព្រោះ​តែ​វាជា​ពេលវេលា​ដែល​យើង​ត្រូវ​ទប់ ស្កាត់»។

នៅ​ជិត​ពេល​ជាមួយ​គ្នា​នោះ​ដែល​លោកស្រី​វេជ្ជបណ្ឌិត Birx បាន​ស្ថិត​នៅក្នុង​បណ្តាញ​ទូរទស្សន៍​ CNN លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ស្ថិត​នៅក្នុង​បណ្តាញ​ទូរទស្សន៍ ABC បាន​ចោទប្រកាន់​លោកស្រី​វេជ្ជបណ្ឌិត Birx ពី​ការ​ជួយ​លោក​ប្រធានាធិបតី​ត្រាំ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​អំពី​ជំងឺ​កូវីដ១៩។

លោកស្រី Pelosi បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​អត្ថបទ​នៅក្នុង​កាសែត​ Politico ដែល​លោកស្រី​បាន​និយាយ​ថា រដ្ឋបាល​របស់​ប្រធានាធិបតី​ត្រាំ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺកូវីដ១៩។

លោក​ប្រធានាធិបតី​ត្រាំ បន្ត​និយាយ​យ៉ាង​ទទូចថា មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក មាន​ករណី​នៃជំងឺ​កូវីដ១៩ច្រើនជាងគេ​ក្នុង​ពិភពលោក​ដែល​មាន​ចំនួន​៤លាន​៦សែន​ករណី ​នេះ​តាម​ទិន្នន័យ​របស់សាកលវិទ្យាល័យ​ Johns Hopkins ពី​ព្រោះ​តែ​សហរដ្ឋ​អាមេរិក​ធ្វើ​តេស្ត​ច្រើន​ជាង​ប្រទេស​ផ្សេងៗ​ទៀត៕

XS
SM
MD
LG