កម្មវិធីក្នុងបណ្តាញសង្គមហ្វេសប៊ុក (Facebook app) មួយត្រូវបានបង្កើតឡើងប៉ុន្មានថ្ងៃក្រោយពីអាជ្ញាធរចាប់បានជនសង្ស័យដែលសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ ដែលជាជនជាប់ចោទថា បានបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគឯករាជ្យ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា។ កម្មវិធីនេះត្រូវគេប្រើប្រាស់ជាការកម្សាន្តបែបចំអក។
ក្រោយពីឈ្មោះ ជួប សម្លាប់ មិនត្រូវគេបញ្ជាក់ជាផ្លូវការថា ជាឈ្មោះពិត ឬក្លែងក្លាយក្រោយ ពេលចាប់ខ្លួនពីបទបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគអំពីបញ្ហាសង្គមនោះ កម្មវិធី Facebook app មួយ ដែលមានដាក់ជាសំណួរថា «តើអ្នកមានឈ្មោះ«ជួប»អីទើបសម?» បានកើតឡើង ដែលក្រុមអ្នកមានគណនី Facebook អាចចែកផ្សាយលេងតៗគ្នា និងចុចស្វែងរកចម្លើយបែបកំប្លែងៗ និងសម្រាប់ជាការកម្សាន្ត ដោយសារតែការចុចម្តងៗនឹងលេចចេញ ឈ្មោះដើមផ្សេងៗគ្នា តែមានត្រកូលជួបដូចគ្នាគ្រប់ពេលដែលគេចុចលេងកម្មវិធីនេះ។
កម្មវិធីនេះបង្កើតដោយយុវជនមួយក្រុមតូចដើម្បីបង្កើនប្រាក់ចំណូល និងការកម្សាន្តសប្បាយ។ យុវជនឈ្មោះ ឌី សាយ អាយុ២៨ឆ្នាំ ដែលជាម្ចាស់គេហទំព័រ mohamit.com បានថ្លែងប្រាប់ VOA ថា ក្រោយការបង្ហោះសំណួរ «តើអ្នកមានឈ្មោះ«ជួប»អីទើបសម?» ដែលជាកម្មវិធីមួយក្នុងកម្មវិធីហ្វេសប៊ុក (Facebook App) របស់គេហទំព័រលោកនោះ យ៉ាងហោចណាស់មានជាង៤០០០គណនីបានចូលទៅលេងដែរក្នុងរយៈពេលពី២ទៅ៣ថ្ងៃនៃការបង្ហោះកម្មវិធីនេះ។
«សម្រាប់ខ្ញុំ មិនសូវមានច្រើនទេ បាន៤៩៦០ ដែលជាអ្នកលេង [ចំនួនដងចុចចូល]។ យើងឃើញគេចូលចិត្តលេង។ អញ្ចឹងខ្ញុំក៏ធ្វើឲ្យគេលេងវ៉េបសាយយើងទាក់ទាញអ្នកលេង។ យើងក៏ប្រូម៉ូត[ផ្សព្វផ្សាយ]ទៅក្នុងគោលបំណងចង់ advertise [ផ្សព្វផ្សាយពាណិជ្ជកម្ម]។ វ៉េបសាយ Sabay68 វ៉េបសាយAromLaor គេធ្វើដែរ។ មិនសូវបានកម្រៃទេ។ ខ្ញុំចាំមិត្តភក្តិខ្ញុំគេធ្វើមុនសិន ឲ្យគេដើរហើយមានការចាប់អារម្មណ៍សិន ទើបខ្ញុំធ្វើ»។
លោកបដិសេធថា ទោះជាកម្មវិធីនេះមានការដាក់ឈ្មោះត្រកូល«ជួប»មែន តែកម្មវិធីនេះមិនពាក់ព័ន្ធនឹងការដាក់ឈ្មោះជនជាប់ចោទក្នុងរឿងក្តីឃាតកម្មលោក កែម ឡីកាលពីថ្ងៃទី១០ ខែកក្កដានោះទេ។
«ដូចអត់អីទេ ព្រោះអា«ជួប»នោះផ្សេង ជួបអ្នកលេងគេនិយមលេងឈ្មោះ«ជួប»ផ្សេងៗអញ្ចឹងទៅមិនដូច«ជួប»អារឿងឃាតកម្មហ្នឹងទេ។ យើងអត់មានដាក់ឈ្មោះហ្នឹងចំទេ។ យើងដាក់ផ្សេងៗឲ្យឆ្ងាយពី«ជួប»ហ្នឹង»។
អ្នកលេងកម្មវិធីហ្វេសប៊ុក ឬ Facebook App «តើអ្នកមានឈ្មោះ«ជួប»អីទើបសម?» អាចទទួលបានចម្លើយដោយស្វ័យប្រវត្តិជាច្រើនដូចជា «ជួបស្រឡាញ់» «ជួបខ្ចីលុយ» «ជួបញ៉ែ» «ជួបផឹក» ជាដើម នៅពេលគេចុចលើកម្មវិធី App នេះ។
អ្នកនយោបាយ និងឥស្សរជនខ្លះក៏ត្រូវបានគេកំណត់ឈ្មោះកំប្លែងលេងទៅតាមកាយវិការនិងរឿងក្តីដែរ ដូចជាឈ្មោះថា «ជួបជេរ» «ជួបប្តឹង» «ជួបគុក» «ជួបរត់»។ ទន្ទឹមនឹងកម្មវិធីសំណួរនេះក៏មានសំណួរ និងប្រធានបទជាច្រើន ដែលត្រូវបានបង្កើតឡើង ដូចជា «តើអនាគតប្តីប្រពន្ធអ្នក ឈ្មោះអីជួបអីទើបសម?» ឬ «តើអ្នកមុខដូចតារាបរទេសមួយណា?» ជាដើម ពោលគឺឲ្យតែអ្វីដែលធ្វើឲ្យអ្នកលេងចាប់អារម្មណ៍តាមពេលវេលាព្រឹត្តិការណ៍ល្បីៗ ឬរឿងប្លែកៗ សុទ្ធតែជាឱកាសសម្រាប់បង្កើតប្រធានបទសម្រាប់កម្មវិធីទាំងនោះ។
លោក ហ៊ុល ច័ន្ទរិទ្ធីរៈ អាយុ២២ឆ្នាំ ជានិស្សិតផ្នែកព័ត៌មានវិទ្យា ដែលធ្លាប់បានចុចចូលទៅលេងក្នុងកម្មវិធីនោះ បានប្រាប់ VOA ដែរថា៖
«កម្មវិធី App ហ្នឹងអត់ប្រយោជន៍អីទេ។ វាគ្រាន់តែជាកម្មវិធី App មួយដែលធ្វើឡើងឲ្យចុចទៅឃើញមិត្តភក្តិណាលួចស្រឡាញ់យើង ឬអីណា ដូចដែលយើងធ្លាប់ឃើញ។ វាមិនមានការច្នៃប្រឌិតអីទេ។ វាគ្រាន់តែសប្បាយ ហើយវាត្រូវនឹង ប្រធានបទដែលល្បីខ្លាំងដូចករណីឈ្មោះ ជួប សម្លាប់ អីហ្នឹង»។
តែអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមបានព្រមានឲ្យដឹងពីហានិភ័យខ្លះ ដោយសារថា នៅពេលដែលម្ចាស់គណនីទាំងអស់ចុចចូលលេងកម្មវិធីនោះ គេតម្រូវឲ្យម្ចាស់គណនីចុះឈ្មោះ ឬភ្ជាប់គណនីហ្វេសប៊ុករបស់ខ្លួនទៅនឹងវ៉េបសាយរបស់កម្មវិធី។
នៅពេលនោះហើយដែលព័ត៌មានផ្ទាល់ខ្លួនត្រូវបានប្រមូលដោយភាគីទី៣ ក្រៅពីអ្នកដែលជាម្ចាស់គណនីផ្ទាល់ និងFacebook។
លោក ង៉ែត ម៉ូសេ ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ សិទ្ធិមនុស្ស បានពន្យល់ថា៖
«អ្នកដែលជ្រើសរើសលេងអញ្ចឹង វាសប្បាយ ក៏ប៉ុន្តែយើងហាក់ដូចជាឲ្យគេចូលមើលព័ត៌មានមួយចំនួន ដូចជាឯកសារផ្ទាល់ខ្លួនមួយចំនួន ដែលពុំគួរត្រូវបានអ្នកទី៣ក្រៅពី Facebook ហើយនឹងយើងទេ ដែលត្រូវដឹង។ បើយើងអនុញ្ញាតឲ្យមានអ្នកទី៣ ដូចជាកម្មវិធីមួយចំនួនហ្នឹង គឺយើងបើកឱកាសឲ្យគេដឹងរឿងយើងច្រើនទៀតដែរ គឺជាការព្រមព្រៀង ដូចយើងចុះហត្ថលេខាយល់ព្រមដែរ»។
លោក ម៉ូសេ បានពន្យល់បន្ថែមទៀតថា៖
«ដើម្បីឲ្យគេអាចដឹងថា យើងជាមនុស្សបែបម៉េច ហើយផ្សាយលទ្ធផលឲ្យយើងអញ្ចឹង ឧទាហរណ៍១០ឆ្នាំទៀត អ្នកបានស្វាមីរបៀបអញ្ចេះ មុខអ្នកដូចតារាណានោះ គេត្រូវការ Access [ភ្ជាប់] Facebook របស់យើងដើម្បីឲ្យយើងចុច Next [ឬយល់ព្រម] ទៅ គេនឹងចេញលទ្ធផលឲ្យមក ហើយវាទាយដូចជារៀងឆុត ដូចជាដឹង ដូចជាត្រូវនោះគឺយក Data [ទិន្នន័យ] យើងមកផ្សំគ្នាទៅ គេអាចទាយបានហើយ»។
តែទោះជាយ៉ាងណាក៏ដោយ លោក ម៉ូសេ សំណូមពរឲ្យអ្នកប្រើប្រាស់បណ្តាញ សង្គមទាំងឡាយគួរពិចារណាអំពីការប្រើប្រាស់ ពិសេសការលេងកម្សាន្តក្នុងបណ្តាញសង្គម ដោយចេះរក្សាភាពឯកជនរបស់ខ្លួន និងលេងវាដោយមានសុវត្ថិភាព។
«យើងប៉ះពាល់ខ្លួនឯងជារឿងមួយ តែវាអាចប៉ះពាល់[សុវត្ថិភាព]មិត្តយើងដែរ តិចឬច្រើន វាអាចយកបានព័ត៌មាន និងទិន្នន័យរបស់មិត្តភក្តិអ្នកដែលមានភ្ជាប់បណ្តាញជាមួយយើងដែរ។ កន្លែងហ្នឹងអ្នកលេងគួរតែប្រយ័ត្ននូវប្រការនេះ ព្រោះរឿងឯកជនភាពលើបណ្តាញអ៊ីនធឺណែតកំពុងតែមានបញ្ហាចម្រូងចម្រាសច្រើនណាស់»។
បណ្តាញសង្គម ដែលពលរដ្ឋរាប់រយលាននាក់ក្នុងពិភពលោកប្រើប្រាស់នោះ កំពុងពេញនិយមក្នុងប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងការធ្វើទំនាក់ទំនង។ តែមានពលរដ្ឋខ្លះប្រើប្រាស់បណ្តាញសម្រាប់ពាណិជ្ជកម្ម ហើយខ្លះប្រើបណ្តាញនេះសម្រាប់ការកម្សាន្ត សម្រាប់ការទទួលព័ត៌មាន សម្រាប់តាមដានព័ត៌មានផ្សេងៗរបស់បុគ្គល គ្រួសារនិងសារធារណជនជាដើម៕