វិស័យសុខភាពពិភពលោក ក៏ដូចជាវិស័យផ្សេងៗទៀតកំពុងទទួលបានការផ្លាស់ប្ដូរជាច្រើន ដោយសារបច្ចេកវិទ្យាបញ្ញានិម្មិត ឬ Artificial Intelligence ហៅកាត់ថា AI។ ការផ្លាស់ប្តូរទាំងនេះ បង្កឲ្យមានទាំងឱកាសវិជ្ជមាន ទាំងការព្រួយបារម្ភនានា។ កាលពីដើមខែមេសាឆ្នាំ២០១៩ ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID បានដាក់ផ្សាយរបាយការណ៍ពិសេសរបស់ខ្លួនស្តីអំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ដែលត្រឹមត្រូវ ក្នុងវិស័យសុខភាពពិភពលោក ហើយបានអញ្ជើញក្រុមអ្នកជំនាញបានមកជួបពិភាក្សាអំពីឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញានិម្មិត AI នេះ នៅឯវិទ្យាស្ថាន Aspen ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
រាប់តាំងការជួយផ្តល់ព័ត៌មានដល់វេជ្ជបណ្ឌិតសម្រាប់ធ្វើរោគវិនិច្ឆ័យ រហូតដល់ការជួយទប់ស្តាត់ការផ្ទុះរាតត្បាតនៃជំងឺឆ្លង បច្ចេកវិទ្យាបញ្ញានិម្មិត ឬ Artificial Intelligence ហៅកាត់ថា AI នាំមកនូវការរំភើប ក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យសុខភាពពិភពលោក ខណៈពេលដែលបច្ចេកវិទ្យាបញ្ញានិម្មិត AI នេះ បង្ករឲ្យមានការព្រួយបារម្ភទាក់ទងនិងបញ្ហាឯកជនភាព និងការការពារទិន្នន័យសុខភាពផ្ទាល់ខ្លួនរបស់អ្នកជំងឺ។ នេះបើយោងតាមក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាបញ្ញានិម្មិត AI ដែលបានមកជួបពិភាក្សាគ្នានៅវិទ្យាស្ថាន Aspen ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១ខែមេសា។
កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងដើម្បីសម្ពោធការចេញផ្សាយរបាយការណ៍ពិសេសរបស់ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ស្ដីអំពីការស្វែងរកករណីប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ដែលត្រឹមត្រូវ ក្នុងវិស័យសុខភាពពិភពលោក។ ក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាបញ្ញានិម្មិត AI ទាំងនេះ បានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការប្រើប្រាស់ប្រព័ន្ធវិភាគ ប្រព័ន្ធព្យាករណ៍ និងប្រព័ន្ធផ្តស់អនុសាសន៍របស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ដើម្បីប៉ុនប៉ងជួយដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសុខភាពពិភពលោកនានា។
យ៉ាងណាក្ដី បើទោះបីជាបច្ចេកវិទ្យាបញ្ញានិម្មិត AI ផ្តល់លទ្ធភាពថ្មីៗជាច្រើនក៏ដោយ ក៏ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យានេះក៏ដូចជាបច្ចេកវិទ្យាគ្រប់ប្រភេទដទៃទៀតផងដែរ នឹងមិនក្លាយជាថ្នាំទិព្វដែលអាចដោះស្រាយរាល់បញ្ហានៅក្នុងវិស័យសុខភាពពិភពលោកនោះទេ។ ផ្ទុយទៅវិញបច្ចេកវិទ្យាបញ្ញានិម្មិត AI ដែលមានអនុភាពដ៏ខ្លាំងនេះ នឹងជួយសម្រួលដំណើរការផ្សេងៗនៅក្នុងកិច្ចការងារថែទាំសុខភាព។
បច្ចេកវិទ្យាបញ្ញានិម្មិត AI សម្រាប់ការធ្វើរោគវិនិច្ឆ័យ
លោក Sunil Wathwani ដែលបានបង្កើតមូលនិធិ Wadhwani សម្រាប់ការថែទាំសុខភាពប្រកបដោយនិរន្តរភាព ឬ Wadhwani Initiative for Sustainable Healthcare នៅប្រទេសឥណ្ឌា និយាយថាលោកចង់ប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាជនក្នុងតំបន់ក្រីក្របីពាន់លាននាក់ដែលរងគ្រោះពីប្រព័ន្ធថែទាំសុខភាពមិនល្អ។
លោក Sunil Wathwani ថ្លែងប្រាប់ VOA ថា៖
«ដោយប្រើប្រាស់ស្មាតហ្វូន ដោយប្រើប្រាស់ក្បួនដោះស្រាយ ឬ Algorithms ផ្អែកលើ បច្ចេកវិទ្យាបញ្ញានិម្មិត AI ដោយប្រើប្រាស់ឧបករណ៍ចាប់សំឡេងប្រេកង់ទាបឬ Ultrasound ហើយដោយពិនិត្យលើកត្តាហានិភ័យមួយចំនួនដែលស្ត្រីផ្សេងគ្នាអាចមាន យើងអាចកំណត់បានថាក្នុងចំណោមស្ត្រីមានផ្ទៃពោះរាប់លាននាក់នេះ តើស្ត្រីរូបណាអាចជួបការលំបាកក្នុងការមានផ្ទៃពោះ។ ហើយក្នុងចំណោមស្ត្រីមានស្ថានភាពផ្ទៃពោះលំបាកនេះ តើយើងត្រូវចាត់វិធានការអន្តរាគមន៍ត្រឹមត្រូវអ្វីខ្លះ ដើម្បីធានាថា យើងការពារជីវិតរបស់ម្ដាយនិងទារក»។
ស្ថាបនិកនៃមូលនិធិដើម្បីការថែទាំសុខភាពសម្រាប់ជនក្រីក្រនេះ ក៏ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ទៅដល់វិធីសាស្ត្រតាមដានជំងឺរាតត្បាត ដែលអាចផ្ដល់ព័ត៌មានកាន់តែល្អ ដើម្បីព្យាករណ៍ការផ្ទុះរាតត្បាតនៃជំងឺឆ្លងផងដែរ។
ស្ថាបនិក Sunil Wathwani និយាយបន្តថា៖
«ជំងឺឆ្លងដ៏សាហាវបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះគឺជំងឺរបេង។ វាសម្លាប់មនុស្សជិតពីរលាននាក់ជារៀងរាល់ឆ្នាំ ច្រើនជាងជំងឺគ្រុនចាញ់និងជំងឺអេដស៍បូកបញ្ចូលគ្នាទៅទៀត។ នៅវិទ្យាស្ថានរបស់យើង យើងកំពុងប្រើបច្ចេកវិទ្យាបញ្ញានិម្មិត AI ដើម្បីអាចរកឃើញមេរោគរបេងក្នុងខ្លួនអ្នកជំងឺកាន់តែឆាប់ ដូច្នេះការព្យាបាលដែលមានប្រសិទ្ធភាពអាចត្រូវបានផ្ដល់ឲ្យទាន់ពេលវេលា។ យើងក៏កំពុងប្រើបច្ចេកវិទ្យាបញ្ញានិម្មិត AI ដើម្បីព្យាករណ៍ថា តើអ្នកជំងឺណាខ្លះអាចនឹងឈប់ទទួលបានការព្យាបាលនោះ ដូច្នេះហើយយើងអាចធ្វើអន្តរាគមន៍ជាមុន»។
ក្រុមហ៊ុនផ្សេងៗទៀតដូចជា ក្រុមហ៊ុន Babylon Health ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កំពុងប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ដើម្បីបង្កើតគ្រូពេទ្យនៅក្នុងហោប៉ៅសម្រាប់ផ្ដល់ឲ្យអ្នកជំងឺទទួលបានព័ត៌មានកាន់តែងាយស្រួលនិងឆាប់រហ័ស ដើម្បីណែនាំដល់ការថែទាំសុខភាពផ្ទាល់ខ្លួនរបស់ពួកគេ បើទោះបីជាពួកគេរស់នៅក្នុងទីតាំងដាច់ស្រយាលបំផុតក៏ដោយ។
លោក Saurabh Johri ប្រធានអ្នកវិទ្យាសាស្ត្រនៃក្រុមហ៊ុន Babylon Health ពន្យល់ប្រាប់ VOA ថា៖
«ប្រសិនបើអ្នកឈឺដោយមានអាការរោគមួយចំនួន រ៉ូបត់សន្ទនា ឬ Chatbots ផ្អែកលើបច្ចេកវិទ្យាបញ្ញានិម្មិត AI របស់យើងអាចសាកសួរអ្នកដើម្បីធ្វើរោគវិនិច្ឆ័យនិងស្វែងយល់ពីអាការរោគរបស់អ្នក។ ដោយផ្អែកលើទិន្នន័យសាកសួរនេះ រ៉ូបត់សន្ទនាអាចផ្ដល់ជម្រើសឲ្យអ្នកដោយប្រាប់អ្នកថា «អូ អាការអ្នកគឺធ្ងន់ធ្ងរ។ អ្នកគួរតែទៅជួបគ្រូពេទ្យទូទៅ ឬអ្នកថែទាំសុខភាពប្រចាំគ្រួសារ ឬអ្នកគួរតែទៅមន្ទីរសង្គ្រោះបន្ទាន់។ ហើយលើសពីនេះ យើងកំពុងធ្វើការព្យាករណ៍អំពីហានិភ័យយូរអង្វែងរបស់អ្នកប្រើប្រាស់ពាក់ព័ន្ធនិងជំងឺរ៉ាំរ៉ៃនានា»។
បណ្ដុំទិន្នន័យសុខភាពបង្កើតដោយបច្ចេកវិទ្យាបញ្ញានិម្មិត AI
យ៉ាងណាមិញ បើទោះបីជាមាននិន្នាការគិតអំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI សម្រាប់ការអនុវត្តផ្នែកវេជ្ជសាស្ត្រដែលទាក់ទងនឹងការព្យាបាលអ្នកជំងឺផ្ទាល់និងការណ៍ដែលអ្នកជំងឺអាចទាក់ទងជាមួយវេជ្ជបណ្ឌិតនិម្មិតក៏ដោយ ក៏មន្ត្រីកម្មវិធីជាន់ខ្ពស់នៃ មូលនិធិ Bill & Merlinda Gates គឺលោក Mark Peterson បាននិយាយថាការបង្កើតហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសុខាភិបាលដោយប្រើបច្ចេកវិទ្យាបញ្ញានិម្មិត AI ក៏ជាផ្នែកដ៏គួរឱ្យចាប់អារម្មណ៍ដែរ។ ហើយលោក Mark Peterson បន្តថាមូលនិធិ Bill & Merlinda Gates ក៏ត្រៀមខ្លួនផ្ដល់ថវិកាវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសុខាភិបាលនេះផងដែរ។
លោក Peterson ថ្លែងថា៖
«ឧទាហរណ៍ដូចជាការប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនចេះរៀន Machine Learning ដើម្បីកត់ត្រាទិន្នន័យសុខភាពជាឌីជីថល»។
លោក Peterson ពន្យល់បន្ថែមទៀតថា៖
«កម្មវិធីមួយដែលមូលនិធិ Bill & Merlinda Gates ផ្តល់ថវិកាវិនិយោគ ប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនចេះរៀន Machine Learning ឲ្យពិនិត្យរូបភាពផ្កាយរណបដើម្បីទទួលបានការប៉ាន់ប្រមាណយ៉ាងលម្អិតអំពីចំនួនប្រជាជននៅតំបន់ណាមួយ។ ដូច្នេះប្រសិនបើអ្នកចង់ដឹងថាតើអ្នកគួរបញ្ជូនថ្នាំវ៉ាក់សាំងចំនួនប៉ុន្មានទៅកាន់ភូមិណាមួយ ប៉ុន្តែប្រទេសនោះមិនបានធ្វើជំរឿនអស់រយៈពេល ២០ឆ្នំាហើយនោះ អ្នកអាចចាប់ផ្ដើមប្រើបច្ចេកវិទ្យាបញ្ញានិម្មិត AI និងបច្ចេកវិទ្យាម៉ាស៊ីនចេះរៀន Machine Learning ដើម្បីទទួលទិន្នន័យអំពីចំនួនប្រជាជនក្នុងភូមិនោះកាន់តែច្បាស់»។
ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ដើម្បីបង្កើតបណ្ដុំទិន្នន័យវេជ្ជសាស្ត្រគឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍចំណេះដឹងរបស់បុគ្គលិកសុខាភិបាលនៅទូទាំងពិភពលោក។ ក្រុមហ៊ុន Human Diagnosis Project បានបង្កើតប្រព័ន្ធទិន្នន័យមួយដែលគ្រូពេទ្យនិងអ្នកឯកទេសខាងវេជ្ជសាស្ត្រដទៃទៀតចំនួនពីរម៉ឺននាក់មកពីបណ្ដាប្រទេសប្រហែល៨០ បានចូលរួមចំណែកផ្ដល់ទិន្នន័យ នៅពេលពួកគេបង្កើតនិងដោះស្រាយករណីព្យាបាលនានា។
លោក Jay Komarneni ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Human Diagnosis Project និយាយថា៖
«អ្វីដែលពិតមានឥទ្ធិពលខ្លាំងគឺថានៅពេលដែលគ្រូពេទ្យកំពុងដោះស្រាយករណីព្យាបាល ទាំងនេះ យើងកំពុងបង្កើតបណ្ដុំទិន្នន័យដែលមានបរិមាណធំសម្រាប់ការវែកញែកហេតុផលខាងការព្យាបាលជាលើកដំបូងមួយ»។
ការគំរាមកំហែងដល់ឯកជនភាព
ក៏ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ដើម្បីបង្កើតបណ្ដុំទិន្នន័យវេជ្ជសាស្ត្រ គឺចាំបាច់ត្រូវប្រមូលនិងប្រើប្រាស់ទិន្នន័យវេជ្ជសាស្ត្រផ្ទាល់ខ្លួនរបស់អ្នកជំងឺរាប់លាននាក់នៅជុំវិញពិភពលោក។ ក្រុមអ្នកជំនាញបានយល់ស្របថាការបង្កើតបណ្ដុំទិន្នន័យវេជ្ជសាស្ត្រដោយបច្ចេកវិទ្យាបញ្ញានិម្មិត AI នេះ បង្កឲ្យមានការព្រួយបារម្ភនានាដែលបានលើកឡើងក្នុងអំឡុងពេលកិច្ចពិភាក្សាអំពីការគំរាមកំហែងដល់ឯកជនភាព ឬទិន្នន័យផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ។
អ្នកចូលរួមស្ដាប់កិច្ចពិភាក្សាគឺយុវជន Neillan Baptiste បានថ្លែងក្នុងពេលសាកសួរទៅកាន់ក្រុមអ្នកជំនាញអំពីការព្រួយបារម្ភចំពោះការកេងប្រវ័ញ្ចលើទិន្នន័យសុខភាពផ្ទាល់ខ្លួនរបស់អ្នកជំងឺថា៖
«ប្រសិនបើអ្នកគ្រាន់តែយកទិន្នន័យរបស់មនុស្សទាំងនេះហើយបញ្ជូនវាទៅក្រុមហ៊ុនក្រៅប្រទេសនោះ តើពួកគេគ្រាន់តែជាផលិតផលបញ្ចប់ឬគ្រាន់តែជាការវិនិយោគរបស់វិនិយោគិនមែនទេ? នេះអាចនិយាយបានថាជាការមិនចាត់ទុកពួកគេជាមនុស្សនោះទេ។ ពិតមែនហើយ យើងផ្តល់ការថែទាំសុខភាពឲ្យពួកគេ ហើយជាក់ស្តែងវាពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពួកគេត្រូវមានលទ្ធភាពទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេត្រូវមានសិទ្ធិសម្រេចធំបំផុតក្នុងការយកទិន្នន័យរបស់ពួកគេទៅប្រើប្រាស់លើអ្វីមួយ»។
របាយការណ៍ ៤០ទំព័រស្តីពីការកំណត់ទិសដៅរួមសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI នៅក្នុងវិស័យសុខភាពពិភពលោក បានរៀបរាងឡើងដោយទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ដោយសហការជាមួយមូលនិធិ Rockefeller និងមូលនិធិ Bill & Merlinda Gates។ របាយការណ៍នេះបង្ហាញពីសក្ដានុពលដ៏មានឥទ្ធិពលរបស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ក្នុងការកែលំអការថែទាំសុខភាពនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងសហគមន៍ក្រីក្រនិងដាច់ស្រយាល។ ប៉ុន្តែទិសដៅរួមសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI គឺ៖ បន្តប្រើប្រាស់ដោយក្ដីប្រុងប្រយ័ត្ន។
អ្នកស្រី Wendy Taylor សមាជិកនៃមូលនិធិ Rockefeller ថ្លែងថា៖
«សូមធានាឲ្យបានថាយើងធ្វើកិច្ចការនេះបានល្អ។ យើងត្រូវមានផ្នត់គំនិតថាមិនបង្កគ្រោះថ្នាក់អ្វីឡើយ ហើយផ្ដោតលើយុត្តិធម៌សង្គមនៅក្នុងការប្រើប្រាស់ទិន្នន័យសុខភាពរបស់អ្នកជំងឺប្រកបដោយប្រសិទ្ធភាពនិងសីលធម៌»៕