ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​មើល​ឃើញ​ហានិភ័យ​បរិស្ថាន​ពី​គម្រោង​​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ចិន BRI ​លើ​កោះ​តូចៗ​


រូប​ឯកសារ៖ អ្នក​ទេសចរ​អង្គុយ​ក្នុង​ទូក​នៅ​ផែ English Harbour នៅ​ប្រទេស​អង់ទីហ្គា និង បាប៊ុយដា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២។
រូប​ឯកសារ៖ អ្នក​ទេសចរ​អង្គុយ​ក្នុង​ទូក​នៅ​ផែ English Harbour នៅ​ប្រទេស​អង់ទីហ្គា និង បាប៊ុយដា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២។

អំឡុង​កិច្ច​ប្រជុំ​កំពូល​អាកាសធាតុ​នៃអង្គការ​សហប្រជាជាតិ​ (COP 27) កាលពី​ពេល​ថ្មីៗ​នេះនៅ​ប្រទេស​អេហ្ស៊ីប ប្រទេស​កោះ​តូចៗ​បាន​ស្នើ​ឱ្យ​ប្រទេស​អភិវឌ្ឍ​នានា​និង​ប្រទេស​បញ្ចេញ​កាបូន​ធំៗ​បង់ការ​ខូចខាត​លើ​បណ្តាប្រទេស​ងាយ​រងគ្រោះ​ដោយសារ​ពួកគេ​តែង​តែ​រង​ផល​ប៉ះពាល់​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​មុន​គេ។​

​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ​ក្នុង​ប្រទេស​កោះ​តូចៗ​ ក្រោមគម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់ចិន​ដែល​ហៅ​កាត់​ថា BRI ​ប្រហែល​នឹង​មាន​ហានិភ័យ​ចំពោះ​បរិស្ថានច្រើន​ជាង​មុន នេះ​បើ​យោង​តាម​លោក Kalim Shah សាស្ត្រាចារ្យ​ជំនួយ​នៅ​សាកល​វិទ្យាល័យ Delaware ​ដែលមាន​ជំនាញ​ផ្នែក​អភិបាល​កិច្ច​នៅ​ប្រទេស​កោះ​តូចៗ។​

លោក​ Shah បាន​និយាយ​ថា៖ «ប្រទេស​កោះ​នានា​ពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ​ខ្លាំង។ ដូច្នេះ​គេ​មិន​អាចឱ្យ​មានកំហុសកើត​ឡើង​ក្នុងគម្រោង​ធំៗ​ទាំង​នេះ​ បើសិន​ជា​អ្នក​ចង់​ទប់​ស្កាត់​ផល​ប៉ះពាល់​បរិស្ថាន​ដែល​មិនអាច​ស្រោចស្រង់​បាន»។​

រហូត​មកដ​ល់​ពេល​នេះ​ប្រទេស​ចិន​បាន​វិនិយោគ​២.៧២០​ លាន​ដុល្លារ​ក្នុង​បណ្តា​ប្រទេស​កោះ​ប៉ាស៊ីហ្វិក និង​១០ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​កោះ Caribbean (ការ៉ាអ៊ីប) ដើម្បី​សាង​សង់​គម្រោង​ហេដ្ឋា​រចនា​សម័្ពន្ធ សម្រាប់​ពង្រឹង​វិស័យ​ទេសចរណ៍​និង​ការ​បង្កើត​ថាមពល។​

ប៉ុន្តែ​គម្រោង​មួយ​ចំនួន​បាន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស។

ឧទាហរណ៍ ​ក្រុមហ៊ុន​ចិន ​អន្តរជាតិ YIDA គ្រោង​នឹង​សង់​ឆ្នេរ​សមុទ្រ​ថ្មី​និង​សណ្ឋាគារ​ពីរ​សម្រាប់​វិស័យ​ទេសចរ​នៅ​កោះ Guiana ក្នុង​ភាគ​ខាងជើង​ប្រទេស​អង់ទីហ្គា និង បាប៊ុយដា។ ការណ៍​នេះ​នឹង​តម្រូវ​ឱ្យ​គេត្រូវ​កាប់​ចោល ដើម​កោង​កាងដែល​ត្រូវ​បាន​ជឿ​ថា​បាន​បង្ការ​គ្រោះធម្មជាតិ​ក្នុង​ប្រទេស​នេះ ប៉ុន្តែ​គម្រោងនៅ​តែ​ត្រូវ​បាន​អនុម័ត។

លោក Shah ​និយាយ​ថា​ គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​នឹងលើក​ស្ទួយ​វិស័យ​ទេសចរណ៍​និង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កោះ​តូចៗ​ដែល​កំពុងអភិវឌ្ឍ ប៉ុន្តែ​វា​ក៏​នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​អាកាសធាតុ​ដែរ។​

ប្រទេស​ចិន​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ស្នើ​របស់​អន្តរជាតិ​ ហើយ​បាន​ចេញ​សេចក្តី​ណែនាំ​ដើម្បី​ជំរុញ​គម្រោង BRI បៃតង​មួយ​និង​បង្កើត​ភាព​ជា​ដៃ​គូ​ដើម្បី​បន្ថយ​ការ​បញ្ចេញឧស្ម័ន​កាបូនរបស់​គម្រោង BRI។

លោក James Ellsmoor ​នាយក​អង្គការ​ថាមពល​ពន្លឺ​ព្រះអាទិត្យ Solar Head of State បាន​និយាយ​ថា ​ការ​អនុវត្ត​វិធានការ​បៃតង​ថ្មី​នេះ​នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ជិតដិត។

លោក​ថ្លែង​ថា៖ «គេ​ត្រូវឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​មួយ​ចំនួន​ ​ដើម្បី​ធានា​ថា ​ហានិភ័យ​នឹង​ត្រូវ​បាន​កាត់បន្ថយ​ពី​គម្រោង​ហេដ្ឋារចនា​សម័្ពន្ធ​ទាំង​នេះ។ ខ្ញុំ​ចង់​ឃើញ​ឱ្យ​មាន​គម្រោង​ដែល​សម្រប​តាម​ការ​ប្រែប្រួល​អាកាសធាតុ​ទទួល​មូលនិធិ​កាន់តែ​ច្រើន​ជាង​មុនសម្រាប់​គម្រោង BRI ​ដោយសារ​វា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កោះ​តូចៗ»។​

លោក Shah បាន​បន្ថែម​ថា ​ប្រទេស​កោះ​តូចៗ​ក៏​នឹង​ត្រូវ​ពង្រឹង​ច្បាប់​បរិស្ថាន​របស់​ពួកគេ​ឱ្យ​បាន​តឹង​រ៉ឹង​ជាង​មុន​ ហើយ​លោក​បាន​ស្នើ​ឱ្យ​មាន​ការ​ស្រាវជ្រាវ​បន្ថែម​លើ​អត្ថប្រយោជន៍​និង​ហានិភ័យ​លើបរិស្ថាន​ ពីគម្រោង BRI ​ក្នុង​ប្រទេស​ទាំង​នេះ៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG