ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ស្វាគមន៍​មេដឹកនាំ​ប្រទេស​កោះ Solomon ៦ខែ​ក្រោយ​មាន​សន្ធិសញ្ញា ចម្រូងចម្រាស​ជាមួយ​ប្រទេស​ចិន


នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese (ស្តាំ) និង​នាយក​រដ្ឋមន្ត្រី​កោះ Solomon Islands លោក Manasseh Sogavare ចាប់​ដៃ​នៅ​មុន​ជំនួប​ទ្វេភាគី​នៅ​សភា​អូស្ត្រាលី​នៅ​ក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២២។
នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese (ស្តាំ) និង​នាយក​រដ្ឋមន្ត្រី​កោះ Solomon Islands លោក Manasseh Sogavare ចាប់​ដៃ​នៅ​មុន​ជំនួប​ទ្វេភាគី​នៅ​សភា​អូស្ត្រាលី​នៅ​ក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២២។

លោក Manasseh Sogavare នាយក​រដ្ឋមន្ត្រី​នៃប្រជុំ​កោះ Solomon បាន​ជួប​ជាមួយពួក​រដ្ឋមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែ​តុលា នៅពេល​រដ្ឋាភិបាល​ក្រុងកាបេរ៉ាធ្វើការ​ដើម្បី​រារាំងពួក​ប្រទេស​ជិតខាង​ខ្លួន​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​មិន​ឱ្យ​មានចំណង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេសចិន។

អូស្ត្រាលី​បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងសន្តិសុខ​មួយ​ជា​មួយ​ប្រជុំ​កោះ Solomon កាលពី​ឆ្នាំ២០១៧​ តែទំនាក់ទំនង​រវាង​ប្រទេសទាំ​ង​ពីរ​នេះមានការរអាក់រអួល​ដោយសារ​មាន​កិច្ចព្រៀងព្រៀងមួយ​ដែល​ប្រទេស​ជា​ប្រជុំ​កោះក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកនេះ​បាន​ធ្វើ​ជា​មួយ​ប្រទេសចិន​កាលពី​ដើមឆ្នាំ​នេះ។

មានកង្វល់​ក្នុង​ក្រុង​កង់បេរ៉ាថា ​កិច្ច​ព្រមព្រៀង​នោះអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុង​ប៉េកាំងកសាង​មូលដ្ឋានយោធា​មួយក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកហើយ​អាច​ធ្វើឱ្យ​មានអស្ថិរភាព​ដល់តុល្យភាពភូមិសាស្ត្រ​នយោបាយក្នុង​តំបន់​នោះ។ ប្រទេស​ចិន​បាននិយាយ​ថា កិច្ច​ព្រមព្រៀង​នេះអាចជួយ​ឆ្លើយ​តប​ដល់មហន្តរាយធម្មជាតិនិងថែរក្សា​«សណ្តាប់​ធ្នាប់សង្គម»។

ប្រជុំ​កោះ Solomon ដែលភាគ​ច្រើន​ជាប្រជុំ​កោះ​ម៉េឡាណេស៊ី​នៅឦសាន​ប្រទេសអូស្ត្រាលី​មាន​ប្រវត្តិ​អស្ថិរភាព។ រដ្ឋាភិបាល​ក្រុង​កង់បេរ៉ាបាន​ដឹកនាំ​បេសកកម្ម​ថែរក្សា​សន្តិភាពពហុភាគីមួយនៅឆ្នាំ២០០៣បន្ទាប់​ពី​មានអំពើហិង្សា​នយោបាយកាលពី​ចុង​ទសវត្សរ៍១៩៩០។

ពួក​អ្នក​វិភាគ​និយាយថា ទស្សនកិច្ច​ដោយលោក​នាយក​រដ្ឋមន្ត្រី Manasseh Sogavare នៃ​ប្រជុំ​កោះ Solomon ទៅ​អូស្ត្រាលី​កាលពី​ថ្ងៃ​ព្រហស្បិ៍ទី៦ ខែតុលា​នឹងផ្តល់ឱកាស​ឱ្យ​ភាគី​ទាំង​ពីរ​នេះ​ចាត់ចែង​ទំនាក់ទំនង​គ្នា​ជា​ថ្មីឡើង​វិញ។ ការណ៍​នេះ​ក៏នឹងអនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​កង់បេរ៉ា​មានឱកាស​ទប់ស្កាត់​មហិច្ឆតា​ខាងការទូត​និងខាង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ក្នុង​តំបន់​នោះដែរ។

អ្នកស្រី Meg Keen នាយិកាកម្មវិធីស្តី​ពី​ពួក​កោះ​ក្នុងមហា​សមុទ្រ​ប៉ាស៊ីហ្វិកនៅ​វិទ្យាស្ថាន Lowy ​បាន​និយាយ​ប្រាប់​វីអូអេ​ថា ​ផល​ប្រយោជន៍របស់​ប្រទេស​ចិន​ក្នុងមហា​សមុទ្រ​ប៉ាស៊ីហ្វិក​កំពុង​កើនច្រើន​ជាងមុន។ អ្នក​ស្រី​បាន​ថ្លែងថា៖ «ផល​ប្រយោជន៍​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីកឥទ្ធិពល​របស់ប្រទេសចិនដើម្បី​ឈោង​ដៃ​ទៅ​កាន់ប្រទេស​ច្រើន​ជាងមុនក្នុង​សាកលលោក​ដើម្បី​ឱ្យ​មានឥទ្ធិពល​ច្រើន​ជាង​មុន ក្នុង​ឋានៈជា​មហា​អំណាចមួយដូច​ដែល​ចិន​យល់ឃើញ​ខ្លួន​ឯង ហើយក៏មានឆ្នោត​ជា​ច្រើនរបស់​ពួក​ប្រទេស​ឯករាជ្យជា​ក្រុម​កោះ​ក្នុងមហា​សមុទ្រប៉ាស៊ីហ្វិក​ផង​ដែរ។ ដូច្នេះនេះ​ជា​ការមាន​ប្រយោជន៍សម្រាប់​ចិនសម្រាប់ឱ្យ​មានការគាំទ្រ​ខ្លួនច្រើន​នៅ​អ.ស.ប.។ នៅតំបន់​ម៉េឡាណេស៊ី​មានប្រភពធន​ធានធម្មជាតិ​ច្រើន​សម្រាប់ចិន​ដូចជាការនេសាទ​ត្រី ព្រៃឈើ ​និងរ៉ែ​ជាដើម»។

នាយក​រដ្ឋមន្ត្រីអូស្ត្រាលី​លោក Anthony Albanese បាន​ជួប​លោក​ Sogavare​ កាល​ពីខែកក្កដា​នៅក្នុងវេទិកាពួក​កោះ​ក្នុងមហា​សមុទ្រប៉ាស៊ីហ្វិកនៅប្រទេសហ្វីជី។

លោក Sogavare ក៏​បានធ្វើដំណើរ​កាល​ពេល​ថ្មីៗនេះ​ទៅ​កាន់​រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួម​ក្នុង​ជំនួប​កំពូលពួក​មេដឹកនាំ​ប្រទេសក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ លោក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​សន្យា​ថា អនុញ្ញាតឱ្យ«លទ្ធិ​ប្រជាធិបតេយ្យ​រីកចម្រើន» និងទុកបញ្ហាប្រែប្រួល​អាកាស​ធាតុ​ជា​អាទិភាព។

ស.រ.អ.ក៏​បានបង្កើន​ការទាក់ទង​របស់ខ្លួន​ជា​មួយ​ពួកប្រទេស​ជា​កោះក្នុងមហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែរ​ តាំង​ពីមាន​កិច្ចព្រមព្រៀង​រវាងប្រជុំកោះ Solomon និងប្រទេស​ចិន​មក។​

អាមេរិកគ្រោង​បើកស្ថានទូត​ខ្លួន​ជា​ថ្មី​ក្នុងរដ្ឋធានី Honiara នៃ​ប្រជុំ​កោះSolomon និងផ្តល់ជំនួយ​រាប់រយលានដុល្លារដល់ប្រទេស​នេះផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG