ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ទោះជា​ទ្វីប​អាហ្វ្រិក​ហាក់​ស្ងាត់ស្ងៀម​រឿង​តវ៉ា​នៅ​ចិន ក៏​ទ្វីប​នេះ​កំពុង​តាមដាន​មើល​ដែរ


សមាជិក​ម្នាក់​នៃ​កម្លាំង​ប៉ូលិស​ប្រជាជន​ចិន​ពាក់​ម៉ាស់​ ខណៈ​លោក​កំពុង​​​​យាម​នៅ​ផ្លូវ​មួយ​កន្លែង​ខណៈ​មាន​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២២។​
សមាជិក​ម្នាក់​នៃ​កម្លាំង​ប៉ូលិស​ប្រជាជន​ចិន​ពាក់​ម៉ាស់​ ខណៈ​លោក​កំពុង​​​​យាម​នៅ​ផ្លូវ​មួយ​កន្លែង​ខណៈ​មាន​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២២។​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ពិភពលោក​ទាំង​មូល​កំពុង​សម្លឹង​មើល​ទៅ​លើ​ការ​ផ្ទុះ​បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​តាម​បណ្តា​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស​ចិន ដោយ​ក្រុម​បាតុករ​មាន​ការ​ខឹង​សម្បា​ទៅ​នឹង​ការ​បន្ត​បិទខ្ទប់​ដ៏​តឹងតែង​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ដែល​ការ​បិទ​ខ្ទប់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ ដែល​ជា​គោល​នយោបាយ​គ្មាន​ប្រជាប្រិយ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping។

ការ​តវ៉ា​ប្រឆាំង​នេះ​ក៏​បាន​ធ្វើ​ឡើង​ផងដែរ​ទៅ​លើ​ជ្រុង​នយោបាយ ដែល​នាំ​ឱ្យ​មាន​ការ​ប្រៀប​ធៀប​ជាមួយ​នឹង​ការ​តវ៉ា​ប្រឆាំង​នៅ​ទីលាន Tiananmen កាលពី​ឆ្នាំ ១៩៨៩។ ក្រុម​អ្នក​តវ៉ា​លើក​នេះ​បាន​ស្រែក​ទាមទារ​ថា «ចុះចេញ​ទៅ​លោក Xi Jinping!។ ចុះ​ចេញ​ទៅ​គណបក្ស​កុម្មុយនីស្ត!»។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា ពួកគេ​គាំទ្រ​សិទ្ធិ​នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​សម្រាប់​បណ្ដា​ប្រទេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​វិញ ប្រទេស​ទាំង​នោះ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ទេ​ជុំវិញ​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​ចិន​នេះ។

បើ​ទោះបីជា​រដ្ឋាភិបាល​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក​ទំនង​ជា​មិន​ថ្កោលទោស​ឬ​គាំទ្រ​ការ​តវ៉ា​នៅ​ប្រទេស​ចិន​នេះ​ក៏ដោយ ក៏​ពួកគេ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​រឿង​នេះ ដោយ​ហេតុ​ថា​ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ទ្វីប​អាហ្វ្រិក។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ Cobus van Staden សហ​ស្ថាបនិក​នៃ​អង្គការ China Global South Project ដែល​ជា​អង្គការ​វិភាគ​លើ​ការ​ប្រឡូក​របស់​ចិន​ជាមួយ​ទ្វីប​អាហ្វ្រិក។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ជុំវិញ​ការ​ឆ្លើយតប​របស់​ទ្វីប​អាហ្វ្រិក​ចំពោះ​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​ចិន​នេះ ខ្ញុំ​គិត​ថា បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ប្រហែល​ជា​មិន​និយាយ​អ្វី​នោះ​ឡើយ ហើយ​ពួកគេ​ប្រហែល​ជា​ផ្តោត​ភាគ​ច្រើន​លើ​ផល​ប៉ះពាល់​នៃ​ការ​តវ៉ា​នេះ ដូចជា​ការ​រាំង​ស្ទះ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ជាដើម»។

លោក Paul Nantulya អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​អាហ្វ្រិក​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ទ្វីប​អាហ្វ្រិក​ប្រឈម​នឹង «ហានិភ័យ​ខ្ពស់» ទាក់ទិន​នឹង​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​របស់​ចិន​និង​ផល​ប៉ះពាល់​របស់​គោល​នយោបាយ​នេះ​លើ​សង្វាក់​ផ្គត់ផ្គង់។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ជា​ការពិត ភាគី​អាហ្វ្រិក​មាន​ក្ដី​បារម្ភ​ថា​ពាណិជ្ជកម្ម​មួយ​ចំនួន​អាច​ត្រូវ​បាន​រាំង​ស្ទះ ប្រសិនបើ​ការ​បិទ​ខ្ទប់​នេះ​នឹង​នៅតែ​បន្ត»។

បាតុករ​ម្នាក់​កាន់​បដានៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹងវិធានការ​រឹតត្បិតកូវីដ១៩​របស់​ចិន ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ Cologne ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​ខណៈ​អ្នក​ចូលរួម​រំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុងអគ្គិភ័យ​មួយ​កន្លែង​នៅ​ទីក្រុង Urumqi ភាគ​ពាយ័ព្យ​ប្រទេស​ចិន។
បាតុករ​ម្នាក់​កាន់​បដានៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹងវិធានការ​រឹតត្បិតកូវីដ១៩​របស់​ចិន ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ Cologne ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​ខណៈ​អ្នក​ចូលរួម​រំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុងអគ្គិភ័យ​មួយ​កន្លែង​នៅ​ទីក្រុង Urumqi ភាគ​ពាយ័ព្យ​ប្រទេស​ចិន។

ដោយ​ឡែក ទាក់ទិន​នឹង​ការ​លើកឡើង​ណា​មួយ​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ចំពោះ​ការ​តវ៉ា​នៅ​ចិន​នេះ​វិញ លោក Steven Gruzd នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​អាហ្វ្រិកខាង​ត្បូង (South Africa Institute of International Affairs) ក្នុង​ទីក្រុង Johannesburg បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​ទំនង​ជា​នឹង​ប្រកាន់​យក​ជំហរ​អព្យាក្រឹត​ជុំវិញ​រឿង​នេះ​ ដូច​ទៅ​នឹង​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​ដូច្នេះ​ដែរ។

លោក​និយាយ​ដូច្នេះ​ថា៖ «ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នឹង​មិន​ធ្វើ​ការ​រិះគន់​ជា​សាធារណៈ​លើ​ប្រទេស​ចិន​នោះ​ទេ។ ខ្ញុំ​គិត​ថា ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នឹង​រក្សា​ភាព​ស្ងៀមស្ងាត់​និង​មិន​ជ្រៀតជ្រែក​នោះ​ឡើយ។ ខ្ញុំ​ប្រាកដ​ថា អាហ្វ្រិក​ខាង​ត្បូង​នឹង​មិន​គាំទ្រ​ដល់​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ទេ ដោយសារតែ​ប្រទេស​ចិន​គឺ​ជា​សម្ព័ន្ធមិត្ត​របស់​អាហ្វ្រិក​ខាង​ត្បូង​នៅ​ក្នុង​ក្រុម​ប្រទេស BRICS និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាហ្វ្រិក​ខាង​ត្បូង»។

នៅ​ពេល VOA ទាក់ទង​សុំ​ការ​បញ្ចេញ​យោបល់​ទាក់ទិន​នឹង​រឿង​នេះ អ្នក​នាំពាក្យ​ពីរ​រូប​នៃ​ក្រសួង​ការបរទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​និយាយ​ថា ក្រសួង​ការបរទេស​ពុំ​មាន​ប្រតិកម្ម​អ្វី​ជុំវិញ​រឿង​នេះ​ទេ។

នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​របស់​ប្រទេស​ចិន លោក Chris Mutsvangwa អ្នក​នាំពាក្យ​គណបក្ស ZANU-PF ដែល​ជា​គណបក្ស​កាន់​អំណាច បាន​និយាយ​ថា «ពាក់ព័ន្ធ​នឹង​គោល​នយោបាយ គណបក្ស ZANU-PF មិន​ជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ណា​មួយ​នោះ​ឡើយ»។

នៅ​ទ្វីប​អាហ្វ្រិក មាន​តែ​ប្រទេស Eswatini ដែល​ពី​មុន​មាន​ឈ្មោះ​ថា​ប្រទេស​ស្វាស៊ីឡង់​មួយ​តែ​ប៉ុណ្ណោះ​ដែល​គាំទ្រ​កោះ​តៃវ៉ាន់​ហើយ​មិន​មាន​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន។

លោក Percy Simelane អ្នក​នាំពាក្យ​របស់​ព្រះមហាក្សត្រ​នៃ​ប្រទេស Eswatini បាន​និយាយ​អំពី​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​ចិន​ថា៖ «យើង​ជឿជាក់​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​សម្រាប់​ប្រទេស​និង​សង្គម​ទាំង​អស់»។

ទន្ទឹម​នឹង​ការ​មិន​មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​ទាក់ទិន​នឹង​ការ​តវ៉ា​នៅ​ប្រទេស​ចិន​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ទ្វីប​អាហ្វ្រិក​ក៏​មាន​ភាព​ស្ងៀមស្ងាត់​ផង​ដែរ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​នៅ​ក្នុង​តំបន់​ទាំង​មូល​ភាគ​ច្រើន​បាន​ដក​ស្រង់​យក​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ធំៗ​មក​ផ្សាយ ដោយ​មាន​អត្ថបទ​បញ្ចេញ​មតិ​តិចតួច​តែ​ប៉ុណ្ណោះ​អំពី​ការ​តវ៉ា​នេះ។

ប៉ុន្តែ សារព័ត៌មាន​ប្រទេស​អាហ្វ្រិក​ខាងត្បូង​និង​សារព័ត៌មាន​ប្រទេស​កេនយ៉ា​បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​នូវ​អត្ថបទ​ផ្ទាល់​របស់​ខ្លួន​អំពី​ការ​ដែល​រូបិយបណ្ណ​របស់​ពួកគេ​អាច​នឹង​ប៉ះពាល់​ដោយសារ​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​ចិន​នេះ។ ប្រទេស​ទាំង​ពីរ​នេះ​ផ្តោត​ជា​សំខាន់​ទៅ​លើ​តម្លៃ​ប្រេង​ឥន្ធនៈ​និង​ការ​នាំចេញ។

ទន្ទឹម​នឹង​នេះ​ដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ក៏​មាន​ភាព​ស្ងៀមស្ងាត់​ដែរ ប៉ុន្តែ​វា​អាច​មាន​ការ​ ផ្លាស់ប្តូរ ប្រសិនបើ​ការ​តវ៉ា​នេះ​នឹង​បន្ត​ទៅ​មុខ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Nantulya។

លោក​និយាយ​ដូច្នេះ​ថា៖ «គេ​អាច​រំពឹង​ទុក​ថា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត ប្រទេស​ចិន​នឹង​បង្កើន​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​អំពី​រឿង​នេះ។ ចិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ធំ​គួរសម​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ហើយ​យើង​អាច​ដឹង​ច្បាស់​ថា ចិន​នឹង​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នេះ​ដើម្បី​បង្ហាញ​នូវ​គំនិត​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នេះ ដើម្បី​ត្រួតត្រា​លើ​ការ​ផ្សាយ​ព័ត៌មាន​អំពី​រឿង​នេះ និង​ជា​ពិសេស​ដើម្បី​រិះគន់​លើ​ការ​តវ៉ា​នេះ​និង​លើ​ការ​គាំទ្រ​ណា​មួយ​នៅ​ទ្វីប​អាហ្វ្រិក​ដែល​អាច​មាន​លើ​ការ​តវ៉ា​នេះ»៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG