ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​​​​បង្កើន​​ការ​ឃ្លាំ​មើល​​​ជំងឺ​កូវីដ​ខណៈ​​មាន​​ករណី​ឆ្លង​កើន​ឡើង​ច្រើន​នៅ​ចិន​​និង​ប្រទេស​ឯ​ទៀតៗ


រូប​ឯកសារ៖ បុគ្គលិក​​សុខាភិបាល​ម្នាក់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​កន្លែង​នៅ​ទី​ក្រុង Hyderabad ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​១៥ ខែ​កក្កដា ឆ្នាំ​២០២២។
រូប​ឯកសារ៖ បុគ្គលិក​​សុខាភិបាល​ម្នាក់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​កន្លែង​នៅ​ទី​ក្រុង Hyderabad ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​១៥ ខែ​កក្កដា ឆ្នាំ​២០២២។

រដ្ឋាភិបាលឥណ្ឌាបានប្រាប់​ដល់​រដ្ឋ​ទាំងអស់​ឱ្យ​បង្កើនការ​ឃ្លាំ​មើល​អំពី​ប្រភេទ​បំប្លែង​ថ្មីៗ​នៃ​វីរុស​បង្ក​ជំងឺ​កូវីដ១៩ ដោយ​និយាយ​យោង​ដល់​កំណើនករណីអ្នក​កើត​ជំងឺ​កូវីដ​នៅ​ប្រទេស​ចិន​និង​ប្រទេស​ឯ​ទៀតៗ។

ឥណ្ឌា​បាន​រាយការណ៍​អំពីករណី​កូវីដច្រើន​បំផុត​ក្នុង​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក តែ​ចំនួន​អ្នក​ជំងឺ​នេះបាន​ចុះថយ​ច្រើនកាល​ពី​ពីរ​បី​ខែមុន​នេះ។

ការកើន​ឡើង​នៃ​អ្នក​ជំងឺ​នេះនៅ​ប្រទេសចិន​ដែលនៅ​ជិត​ខាងប្រទេស​ឥណ្ឌា​បន្ទាប់​ពី​ចិន​បានបញ្ឈប់វិធានការរឹតត្បិតកូវីដតឹងតែង​ហៅ​ថា «សូន្យ​កូវីដ​»នោះ បាន​នាំ​ឱ្យ​មាន​កង្វល់​ថាវីរុស​បំប្លែងថ្មីៗ​អាច​លេចឡើង។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ឥណ្ឌា លោក Rajesh Bhushan​ បាន​សសេរលិខិត​មួយ​ច្បាប់​ទៅ​រដ្ឋ​ទាំង​អស់​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «ដោយ​មាន​កំណើនអ្នក​ជំងឺ​កូវីដនៅ​ក្នុង​ប្រទេស​ជប៉ុន សហរដ្ឋ​អាមេរិក សាធារណរដ្ឋ​កូរ៉េ ប្រទេស​ប្រេស៊ីល​និង​ប្រទេសចិន​ វា​ជា​ការ​ចាំបាច់​ត្រូវ​បង្កើនការប្រមូល​សំណាកករណី​វិជ្ជមាន​នៃ​ជំងឺ​នេះ‍»។

លោកបាន​បន្ថែម​ថា៖ ​«ការ​ធ្វើ​បែប​នេះនឹងអាច​ឱ្យ​ដឹងអំពី​ប្រភេទ​វីរុស​ថ្មីៗ​ ប្រសិន​បើ​មាន‍»។
ទិន្នន័យ​ពីអង្គការ​សុខភាព​ពិភពលោកបង្ហាញថា​ មានការ​ឆ្លង​ជំងឺ​នេះកើន​ឡើង​នៅ​ប្រទេសជប៉ុន​ កូរ៉េ អាមេរិក បារាំង​និង​ប្រទេស​ប្រេស៊ីលកាលពី​ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ។​

រដ្ឋាភិបាល​ឥណ្ឌាបាន​សុំ​ដល់​រដ្ឋ​ទាំង​អស់​ឱ្យ​បញ្ជូនសំណាកករណី​វិជ្ជមានទាំងអស់ទៅ​កាន់​មន្ទីរពិសោធន៍​វិភាគ​ហ៊្សែន genome ទាំង​៥៤​កន្លែង។

ក្រសួងសុខាភិបាល​បាន​និយាយ​ថា ​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា លោក Mansukh Mandaviya នឹងជួប​ប្រជុំ​ជាមួយ​ពួកមន្ត្រីជាន់​ខ្ពស់​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ពីនិត្យ​មើល​ស្ថានភាព​នៃ​ជំងឺ​នេះ។

ប្រទេស​ឥណ្ឌាមាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ថ្មីៗ​ប្រមាណ​១.២០០​នាក់​ក្នុង​មួយ​សប្តាហ៍។​ មានករណី​អ្នក​ជំងឺ​នេះ​ថ្មីៗ​ចំនួនប្រមាណ​៣លាន​៥សែន​នាក់​ក្នុង​ពិភពលោកត្រូវ​គេ​រក​ឃើញ​ក្នុង​មួយ​សប្តាហ៍។​

ប្រទេសឥណ្ឌា​ដែល​មានប្រជារាស្ត្រ​១.៤០០​លាននាក់​បាន​ចាក់​វ៉ាក់សាំងកូវីដជាង​២ពាន់២រយ​លានដូសឱ្យ​ប្រជារាស្ត្រ​ខ្លួន​ហើយ៕

XS
SM
MD
LG