ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ជំរុញ​រដ្ឋបាល​លោក ត្រាំ ឲ្យ​ពង្រឹង​ចំណងទាក់ទង​ជាមួយ​អាស៊ាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​ជំរុញ​រដ្ឋបាល​លោក ត្រាំ ឲ្យ​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​អាស៊ាន

អាស៊ាន មាន​ប្រជាពលរដ្ឋ​ជាង​៦០០​លាន​នាក់ និង​មាន​សេដ្ឋកិច្ច​រួម​ធំជាង​គេ​បង្អស់​ទី​៥​លើ​ពិភពលោក​ បន្ទាប់​ពី​អាមេរិក ចិន ជប៉ុន និង ​សហភាព​អឺរ៉ុប។ ផលិតផល​សរុប​ក្នុងស្រុក​រួម​ឬ​ GDP ​របស់​អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស​នេះ គឺ​មាន​ជាង​២លានលាន​ដុល្លារ​អាមេរិក។

ក្រុម​អ្នក​ជំនាញ​មក​ពី​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ទទូច​ដល់​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក ឲ្យ​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​សមាគម​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​ហៅ​កាត់​ថា អាស៊ាន។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​សម្ភោធ​របាយការណ៍​ថ្មី​មួយ​ស្ដីពី​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក ដើម្បី​អបអរ​សាទរ​ខួប​ទី​៥០​នៃ​កំណើត​អាស៊ាន និង​ខួប​ទី​៤០​នៃ​ភាព​ជា​ដៃ​គូរ​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន ដែល​ប្រារព្ធ​ធ្វើ​នៅ​វិមាន​សភា​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​នេះ។

អ្នក​ជំនាញក្នុង​កិច្ចពិភាក្សាអំពី​ខួប​៤០ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​មណ្ឌល​បដិសណ្ឋារកិច្ច​ក្នុង​វិមាន​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ ទី១៦ ខែ​ឧសភា ២០១៧​។ (សឿន វឌ្ឍនា/VOA)
អ្នក​ជំនាញក្នុង​កិច្ចពិភាក្សាអំពី​ខួប​៤០ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​មណ្ឌល​បដិសណ្ឋារកិច្ច​ក្នុង​វិមាន​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ ទី១៦ ខែ​ឧសភា ២០១៧​។ (សឿន វឌ្ឍនា/VOA)

លោក​បណ្ឌិត​ Satu Limaye គឺ​ជា​នាយក​មជ្ឈមណ្ឌល​ East West Center ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

​«មាន​និស្សិត​រាប់​ម៉ឺន​នាក់​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ហើយ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​បាន​មកពី​អ្នក​ទេសចរណ៍​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍។ អាស៊ីអាគ្នេយ៍​ក៏​ជា​ទីតាំង​នៃ​សម្ព័ន្ធមិត្ត​ពីរ​ក្នុង​សិទ្ធិ​សញ្ញា​របស់​យើង​ដែរ​ បើ​និយាយ​ពី​បញ្ហា​សន្តិសុខ។ យើង​មាន​ភាព​ជា​ដៃ​គូ​សំខាន់​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី និង​វៀតណាម ហើយ​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​នោះ»។

អាស៊ាន មាន​ប្រជាពលរដ្ឋ​ជាង​៦០០​លាន​នាក់ និង​មាន​សេដ្ឋកិច្ច​រួម​ធំជាង​គេ​បង្អស់​ទី​៥​លើ​ពិភពលោក​ បន្ទាប់​ពី​អាមេរិក ចិន ជប៉ុន និង ​សហភាព​អឺរ៉ុប។ ផលិតផល​សរុប​ក្នុងស្រុក​រួម​ឬ​ GDP ​របស់​អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស​នេះ គឺ​មាន​ជាង​២លានលាន​ដុល្លារ​អាមេរិក។

លោក Alex Feldman គឺ​ជា​ប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក-អាស៊ាន។

​«អាស៊ាន កាន់​តែ​មាន​សារសំខាន់​សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ជំនួញ​របស់​អាមេរិក។ វា​ជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​លឿន​បំផុត​មួយ​នៅ​លើ​ពិភពលោក ហើយ​ក៏​ជា​តំបន់​ដែល​មាន​ពលរដ្ឋ​វ័យក្មេង​ច្រើន​ជាង​គេ​បំផុត​មួយ​ក្នុង​ពិភពលោក​ដែរ។ យុវជន​ទាំង​នោះ ក៏​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល តាម​របៀប​មួយ ដែល​ឳពុកម្តាយ​របស់​ពួកគេ មិន​ដែល​ប្រើ»។

​ការ​ជំរុញ​រដ្ឋាភិបាល​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ​ឲ្យ​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក​និង​អាស៊ាន​នេះ កើតឡើង​ ក្រោយ​ពី​មាន​ការ​ព្រួយបារម្ភ​ថា​ រដ្ឋការ​ថ្មី​របស់​លោក​ត្រាំ អាច​នឹង​ងាក​ចេញ​ពី​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ផ្ដោត​ខ្លាំង ទៅ​លើ​តំបន់​ផ្សេង​វិញ។​

លោក Brian Eyler នាយក​ផ្នែក​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឯ​មជ្ឈមណ្ឌល​ Stimson ក្នុង​កម្មវិធី​ខួប​ ៤០ ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។
លោក Brian Eyler នាយក​ផ្នែក​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឯ​មជ្ឈមណ្ឌល​ Stimson ក្នុង​កម្មវិធី​ខួប​ ៤០ ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។

ប៉ុន្តែ អ្នក​ជំនាញ​ទាំង​នេះ លើកឡើង​ថា ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក​និង​អាស៊ាន​នេះ នឹង​ផ្ដល់​ផល​ប្រយោជន៍​ធំធេង​ដល់​ភាគី​ទាំង​ពីរ។

លោក Brian Eyler គឺជា​នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson Center ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

​«យើង​លើក​យក​ប្រទេស​កម្ពុជា ជា​ឧទាហរណ៍​ស្រាប់។ មាន​ឱកាស​ជាច្រើន សម្រាប់​ឲ្យ​សហរដ្ឋ​អាមេរិក​ចូល​ប្រឡូក​ក្នុង​តំបន់ ដូចជា​រឿង​ទឹក​ទន្លេ​មេគង្គ និង​បញ្ហា​ជលផល​ជាដើម។ ក្រុម​វិស្វករ​អាមេរិក មាន​ភាព​ប៉ិនប្រសព្វ​ខ្លាំង​ណាស់​ក្នុង​ការ​គ្រប់គ្រង​វិស័យ​ជលផល​និង​ផ្លូវ​ទឹក ហើយ​គេ​អាច​ទាញ​យក​ផល​ប្រយោជន៍​ជាច្រើន​ទៀត​ពី​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ដទៃ​ទៀត​របស់​អាស៊ាន​បាន​ផង​ដែរ»។

មន្ត្រី​ការទូត​ជាន់ខ្ពស់​មួយ​ចំនួន​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ក៏​បាន​យល់ស្រប​ដូច​គ្នា​នេះ​ដែរ។ លោក Budi Bowoleksono គឺ​ជា​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

«ទំនាក់ទំនង​នេះ ពិត​ជា​បម្រើ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​ដល់​ប្រទេស​ជាតិ​យើង​គឺ​អាស៊ាន​និង​អាមេរិក ហើយ​ពិត​ណាស់ ទំនាក់ទំនង​នេះ​ គឺ​ដើម្បី​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​យើង​ទាំង​ពីរ»។

លោក ជុំ ប៊ុនរ៉ុង គឺជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក៏​បាន​ថ្លែង​ប្រាប់​វីអូអេ​ដែរ​ថា ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នេះ ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ភាគី​ទាំង​ពីរ រួម​ទាំង​ផ្នែក​ពាណិជ្ជកម្ម​និង​ទេសចរណ៍​ជាដើម។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ អះអាង​ថា រដ្ឋការ​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍​នោះ​ទេ។

លោកស្រី Patricia Mahoney ឧបការី​រង​ស្ដី​ទី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ទទួលបន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍​ក្នុង​កម្មវិធី​ខួប​ ៤០ ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី Patricia Mahoney ឧបការី​រង​ស្ដី​ទី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ទទួលបន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍​ក្នុង​កម្មវិធី​ខួប​ ៤០ ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូ​រវាង​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។

​អ្នក​ស្រី Patricia Mahoney គឺ​ជា​ឧបការី​រង​ស្ដីទី ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍​នៃ​ក្រសួងការបរទេសអាមេរិក។ អ្នកស្រី​ថ្លែង​ថា មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ក្នុង​រដ្ឋបាល​ថ្មី​នេះ ក៏​បាន​ចូល​ប្រឡូក​ជាមួយ​តំបន់​អាស៊ាន​ជា​ហូរហែ​ រួម​ទាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ខែ​មុន ដែល​នៅ​ទី​នោះ លោក​បាន​ជួប​ជាមួយ​នឹង​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ។

«យើង​រំភើប​ណាស់​ដែល​បាន​ធ្វើ​ការ​ជាមួយ​គ្នា ហើយ​បន្ត​ធ្វើការ​ជាមួយ​គ្នា​ទៀត​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង ដើម្បី​ជំរុញ​ទស្សនវិស័យ​របស់​យើង​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ​អភិបាលកិច្ច​ល្អ នីតិរដ្ឋ ​និង​ការ​ការពារ​ហើយ​នឹង​លើកកម្ពស់​សិទ្ធិមនុស្ស​និង​សេរីភាព​ជា​សារវន្ត»។

សហរដ្ឋ​អាមេរិក និង​អាស៊ាន បាន​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ឆ្នាំ​២០១៥ ហើយ​សហរដ្ឋ​អាមេរិក ក៏​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ដែល​ដឹកនាំ​ដោយ​អាស៊ាន ដូចជា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​អាស៊ី​បូព៌ា ហើយ​និង​វេទិកា​តំបន់​អាស៊ាន​ជាដើម។

ប៉ុន្តែ ឧត្ដមសេនីយ៍​ឯក លោក Wallace Gregson អតីត​ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​អាស៊ី ប៉ាស៊ីហ្វិក បាន​ថ្លែង​ថា អាមេរិក​ គួរតែ​ពង្រឹង​ការ​ផ្ដោត​ទៅ​លើ​តំបន់​អាស៊ីអាគ្នេយ៍​បន្ថែម​ទៀត។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ត្រូវ​គេ​រំពឹង​ថា នឹង​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​អាស៊ី​បូព៌ា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​និង​កិច្ច​ប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ប្រទេស​វៀតណាម នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

XS
SM
MD
LG