ចិននិងបណ្តាប្រទេសអាស៊ាន យល់ស្របគ្នាលើក្រមប្រតិបត្តិសម្រាប់បញ្ហាសមុទ្រចិនខាងត្បូង។ នេះជាការអភិវឌ្ឍមួយដែលអាចបន្ថយភាពតានតឹងនៅក្នុងតំបន់សមុទ្រដែលមានជម្លោះនោះ។
ក្រសួងការបរទេសចិនបាននិយាយថាក្រុមមន្ត្រីជាន់ខ្ពស់ពីសមាគមអាស៊ាន និង ប្រទេសចិន បានយល់ស្របគ្នាលើក្របខណ្ឌដែលបង្កើតជាគោលការណ៍ណែនាំ សម្រាប់ឲ្យមានកិច្ចព្រមព្រៀងចុងក្រោយមួយ។ ការយល់ស្របគ្នានេះបានកើតឡើងក្នុងកិច្ចប្រជុំមួយនៅភាគនិរតី នៃខេត្ត Guizhou នៃប្រទេសចិន។
ចិនទាមទារកម្មសិទ្ធិក្នុងសមុទ្រចិនខាងត្បូងស្ទើតែទាំងអស់។តំបន់នេះត្រូវគេជឿថាពោរពេញទៅដោយប្រេង និង ឧស្ម័នធម្មជាតិ។ កោះតៃវ៉ាន់ និង សមាជិកនៃប្រទេសអាស៊ានមួយចំនួនក៏បានទាមទារកម្មសិទ្ធិក្នុងសមុទ្រចិនខាងត្បូងដែរ។ ជម្លោះនេះបាននាំឲ្យមានការបែកបាក់គ្នាក្នុងចំណោមសមាជិកនៃសមាគមអាស៊ាន ដែលធម្មតាព្យាយាមស្វែងរកការចុះសម្រុងគ្នានោះ។
ជម្លោះនេះបានឡើងដល់កម្រិតខ្ពស់ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ គ្រាដែលប្រទេសចិនបានសាងសង់កោះសិប្បនិមិត្តក្នុងសមុទ្រដែលអាចទ្រទ្រង់ទីតាំងយោធាបាន។ ចំណាត់ការនេះនាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លា ពីសំណាក់បណ្តាប្រទេសអាស៊ានដែលទាមទារកម្មសិទ្ធិដែរ និងពីសំណាក់ស.រ.អា ដែលជជែកថាសកម្មភាពរបស់ចិន គំរាមកំហែងដល់ការធ្វើនាវាចរដោយសេរី ឆ្លងកាត់តំបន់សមុទ្រដ៏សំខាន់នេះ៕