ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្ថុ​​​​ប្រើប្រាស់​ប្រចាំថ្ងៃ​​ជា​ច្រើន​​ត្រូវ​​បាន​​​បង្កើត​​​​ដោយ​​ពួក​​​​​​​អ្នក​​​ច្នៃប្រឌិត​​​​​​ស្បែក​ខ្មៅ


កៅអី​បត់ ម៉ាស់​ការពារ​ឧស្ម័ន ភ្លើង​សញ្ញា​ចរាចរណ៍ ជណ្ដើរយន្ដ ដំឡូង​បន្ទះ​បំពង និង​កាំភ្លើង​ជ័របាញ់​ទឹក សុទ្ធ​សឹង​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជនជាតិ​ស្បែកខ្មៅ។
កៅអី​បត់ ម៉ាស់​ការពារ​ឧស្ម័ន ភ្លើង​សញ្ញា​ចរាចរណ៍ ជណ្ដើរយន្ដ ដំឡូង​បន្ទះ​បំពង និង​កាំភ្លើង​ជ័របាញ់​ទឹក សុទ្ធ​សឹង​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជនជាតិ​ស្បែកខ្មៅ។

របស់ជាច្រើន​ដែលមាន​រួមទាំង​សញ្ញា​ភ្លើ​ង​ចរាចរណ៍​ដែល​មាន​បីពណ៌ ឡាន​ដឹកទំនិញមាន​ម៉ាស៊ីន​ត្រជាក់ ទ្វារ​ជណ្តើរ​យន្ត​ដែលបិទបើក​ដោយ​ស្វ័យ​ប្រវត្តិ ​កញ្ចក់​កុំព្យូទ័រ​ពណ៌ បន្ទះក្តារ​សម្រាប់​អ៊ុត​ខោអាវ កាំរស្មី laser សម្រាប់​ព្យាបាល​ជំងឺ​ឡើង​បាយ​ភ្នែក ​ប្រព័ន្ធសន្តិសុខ​ផ្ទះ​សំបែង កាំភ្លើងជរបាញ់ទឹក ព្រមទាំង វត្ថុ​និង​សេវា​ជាច្រើន ដែល​ជនជាតិ​អាមេរិកាំង​ប្រើប្រាស់​រាល់ថ្ងៃ ត្រូវ​បានច្នៃប្រឌិត​ដោយបុរស​និង​ស្ត្រី​ស្បែក​ខ្មៅ។

ពួក​អ្នក​ប្រឌិត​ទាំង​នេះ​ត្រូវបានទទួល​ស្គាល់ដោយសារ​ការ​ច្នៃប្រឌិត​របស់​ពួក​គេ តែ​អ្នក​ច្នៃប្រឌិត​មិនមែន​ជា​ជន​ស្បែក​សឯទៀត​រាប់មិន​អស់មិន​បានត្រូវ​ទទួល​ស្គាល់​ទេ។​ អ្នកច្នៃប្រឌិត​ឯ​ទៀត​បានបាត់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ។

លោកស្រី Shontavia Johnson ជាសហគ្រិននិង​ជា​អនុប្រធាន​ផ្នែក​សហគ្រិនភាពនិង​ការច្នៃប្រឌិត​នៅសាកលវិទ្យាល័យ​ Clemson រដ្ឋ South Carolina។ លោក​ស្រី​និយាយថា​«មាន​អ្នក​ប្រឌិត​ស្បែកខ្មៅខ្លះ​បាន​ប្រកួត​ជាមួយ​លោក Alexander Graham Bell និងលោក​ Thomas Edison​ ហើយការ​ច្នៃប្រឌិតរបស់​ពួក​គេក៏​ល្អហើយ​មាន​ភាព​ផ្លាស់​ប្តូរ​ពី​របៀប​ចាស់​ផងដែរ​ តែ​ពួក​គេ​គ្មាន​មូលធន​សម្រាប់ដំណើរការ។​ ពួក​គេ​មិន​អាច​ចូលក្នុង​ប្រព័ន្ធផ្សេងៗ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​គាំទ្រ​ក្រុម​អ្នក​ច្នៃប្រឌិត​»។

លោក Thomas Edison មានកេរ្តិ៍ឈ្មោះដោយសារលោកបានច្នៃប្រឌិត​អំពូល​ភ្លើង តែគឺ​លោក Lewis Latimer ជាកូន​ប្រុសរបស់​អតីត​ទាសករ​ដែលមានប៉ាតង់​ក្នុង​ការ​បង្កើត​សរសៃ​លោហធាតុ​ធ្មារ​ដែល​ធ្វើឱ្យ​អំពូល​ភ្លើង​ប្រើបានយូរ។ លោក Latimer បាន​ទទួល​ប៉ាតង់​សម្រាប់​ការប្រឌិត​របស់​លោក​កាល​ពីឆ្នាំ១៨៨២​ ដែលអ្នក​ច្នៃប្រឌិត​ស្បែក​ខ្មៅច្រើន​នាក់មុន​លោកមិន​អាច​ធ្វើ​បាន។

រូបឯកសារ៖ នៅ​ឆ្នាំ ១៨២១ លោក Thomas Jennings ទទួល​បាន​ប៉ាតង់​មួយ​សម្រាប់​ "dry-scouring" ដែល​ជា​ដំណើរការ​មួយ​សម្រាប់​ឈាន​ដល់​ការ​បោកគក់​ដោយ​មិន​ប្រើ​ទឹក​ដល់​សព្វថ្ងៃ​នេះ។ លោក​គឺ​ជា​ជនជាតិ​ស្បែក​ខ្មៅ​ដំបូង​បង្អស់​ដែល​ទទួល​បាន​ប៉ាតង់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។
រូបឯកសារ៖ នៅ​ឆ្នាំ ១៨២១ លោក Thomas Jennings ទទួល​បាន​ប៉ាតង់​មួយ​សម្រាប់​ "dry-scouring" ដែល​ជា​ដំណើរការ​មួយ​សម្រាប់​ឈាន​ដល់​ការ​បោកគក់​ដោយ​មិន​ប្រើ​ទឹក​ដល់​សព្វថ្ងៃ​នេះ។ លោក​គឺ​ជា​ជនជាតិ​ស្បែក​ខ្មៅ​ដំបូង​បង្អស់​ដែល​ទទួល​បាន​ប៉ាតង់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។

ពួក​ពលរដ្ឋស្បែក​ខ្មៅដែលមាន​សេរីភាព​នៅពេលនោះ​អាច​ទទួល​ប៉ាតង់​ពី​ការិយាល័យ​ស.រ.អ.ខាង​ប៉ាតង់​និង​សញ្ញាកម្ម​សិទ្ធិ​ តែក្រុម​ជន​ស្បែក​ខ្មៅជា​ទាសក​រមិន​អាចទទួល​ប៉ាតង់​បានទេ។ សហរដ្ឋ​អាមេរិក​បាន​លប់ចោល​ទាសភាព​កាលពីឆ្នាំ១៨៦៥​ ជា​មួយ​ការ​អនុម័តវិសោធនកម្មទី១៣​នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក។ នៅ​មុន​ពេល​នោះ ការច្នៃ​ប្រឌិតរបស់ពួក​អ្នក​ច្នៃប្រឌិត​ស្បែក​ខ្មៅ ជា​ញឹកញយត្រូវ​បាន​ពួក​ម្ចាស់​ទាសករឬ​ជនស្បែក​ស​ឯទៀត អះអាងថា​ជាការច្នៃប្រឌិត​របស់​ខ្លួន។

ការ​សិក្សាស្រាវជ្រាវនៅសម័យ​នេះ​បង្ហាញ​ថាមាន​ករណី​ជាក់ស្តែង​ទាក់ទិន​នឹង​បច្ចេកវិជ្ជា​នៅក្នុងឧបករណ៏​យក​គ្រាប់​កប្បាស​ចេញ។ ជន​ស្បែក​ខ្មៅ​ជា​ទាសករម្នាក់​បាន​ច្នៃប្រឌិត​ឧបករណ៏​នេះ តែជនស្បែក​ស​ម្នាក់​ឈ្មោះ Eli Whitney បាន​ទទួលប៉ាតង់​សម្រាប់​ការច្នៃប្រឌិតនោះ។

លោកស្រី Johnson ថ្លែង​ថា«យើងតែងតែ​យល់ថា​ប្រទេសយើង​ជាប្រទេសដែល​មានការ​ចម្រើន​លូតលាស់ខាងការច្នៃប្រឌិត​និង​សហគ្រិនភាព ប៉ុន្តែនៅ​ពេល​គេផាត់​ចោល​មនុស្ស​មួយ​ក្រុម​មិនឱ្យ​ចូលក្នុង​ប្រព័ន្ធ​ប៉ាតង់​បាន ហើយ​ទាញ​យក​ប្រយោជន៍ពី​ការ​ប្រឌិត​របស់​ពួក​គេ អ្វីដែលយើងឃើញ ក្នុង​ប្រវត្តិសាស្ត្រអាមេរិកាំង​គឺអ្នក​ច្នៃប្រឌិត សុទ្ធសឹងតែ​ជា​បុរស​ស្បែកស។ មិន​មែន​ដោយសារ​មនុស្សឯ​ទៀត​មិនចេះ​ច្នៃប្រឌិត​ទេ តែពីព្រោះជន​ទាំង​នោះត្រូវ​បានផាត់ចេញ​ពី​ប្រព័ន្ធ​ប៉ាតង់»។

លោក Lonnie Johnson កាន់​កាំភ្លើង​ជ័រ​បាញ់ទឹក ដែល​លោក​បាន​បង្កើតឡើង​។ (Courtesy of Johnson Research & Development Co., Inc)
លោក Lonnie Johnson កាន់​កាំភ្លើង​ជ័រ​បាញ់ទឹក ដែល​លោក​បាន​បង្កើតឡើង​។ (Courtesy of Johnson Research & Development Co., Inc)

ការផាត់​ក្រុម​អ្នកច្នៃប្រឌិត​ស្បែក​ខ្មៅ​ចេញពីប្រព័ន្ធ​ប៉ាតង់ និងការ​ផ្តល់​កិត្តិយស​ឲ្យ​អ្នកច្នៃប្រឌិត​ស្បែក​សអាមេរិកាំង តែប៉ុណ្ណោះនេះ មានឬសគល់ក្នុង​ការ​រើសអើង​ពូជសាសន៍ ដែលគិតថា​ជនស្បែកខ្មៅ​មិនសូវមាន​ប្រាជ្ញា នេះ​បើ​តាម​លោក Rayvon Fouché សាស្ត្រាចារ្យ​ខាង​ការសិក្សា​អាមេរិកាំង​នៅ​សាកលវិទ្យាល័យPurdue ក្នុង​ក្រុង Lafayette រដ្ឋ Indiana។

លោក Fouché ដែលថែមទាំង​ជា​ប្រធានផ្នែក​វិទ្យាសាស្ត្រ​សង្គមនិងវិទ្យាសាស្ត្រ​សេដ្ឋកិច្ចនៃ​មូលនិធិ​វិទ្យាសាស្ត្រ​ជាតិ​ដែរ និយាយថា«ការប្រឌិត​ត្រូវបានគេ​យល់ឃើញ​ថា​ជា​សមត្ថភាពប្រទាន​ដោយ​ព្រះអាទិទេព។ ដូច្នេះភាព​ជាមនុស្ស​ប្រុស​និង​អំណាច​ស្ថិត​នៅ​ក្នុង​ទស្សនៈ​វិស័យ​នៃ​ការច្នៃប្រឌិត។ ការ​ឱ្យ​និយម​ន័យ​នៃ​ពាក្យនេះបានបំបាត់​លទ្ធភាពសម្រាប់ជនស្បែក​ខ្មៅ​ទាំង​អស់​និង​អ្នកដទៃទៀត»។

ការរារាំង​ឯទៀត​ដែល​ពួក​អ្នកច្នៃ​ប្រឌិតស្បែកខ្មៅប្រឈម​ក្នុងប្រវត្តិសាស្ត្រមាន​រួមទាំង​ការ​មិន​អាច​ចូលរួម​ក្នុង​ការ​សិក្សាអប់រំដោយ​ស្មើភាព ការផាត់ចេញ​ជា​ប្រព័ន្ធពីសមាគមវិទ្យាសាស្ត្រនិងវិស្វកម្ម ការ​ចូល​ទាក់ទង​ដោយ​មានកម្រិត​ជា​មួយ​ពួក​អ្នកច្នៃ​ប្រឌិត​មានធនធានច្រើន​និង​ធនាគារធំៗសម្រាប់ខ្ចី​មូលធនដើម្បី​ចាប់ផ្តើម​ពាណិជ្ជកម្មការ​ច្នៃប្រឌិត​របស់​ពួក​គេនិង​អំពើ​ហិង្សាខាង​ពូជ​សាសន៍។

វេជ្ជបណ្ឌិត Patricia Bath នៅ​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ទីក្រុង Los Angeles ឆ្នាំ ១៩៩៤ បាន​បង្កើត​ឧបករណ៍​ថ្មី​មួយ និង​បច្ចេកវិទ្យា​សម្រាប់​វះកាត់ព្យាបាល​ជំងឺ​ភ្នែក​ឡើង​បាយ។ (Photo NIH)
វេជ្ជបណ្ឌិត Patricia Bath នៅ​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ទីក្រុង Los Angeles ឆ្នាំ ១៩៩៤ បាន​បង្កើត​ឧបករណ៍​ថ្មី​មួយ និង​បច្ចេកវិទ្យា​សម្រាប់​វះកាត់ព្យាបាល​ជំងឺ​ភ្នែក​ឡើង​បាយ។ (Photo NIH)

ពួក​អ្នក​ច្នៃប្រឌិត​ស្បែក​ខ្មៅ​ថែមទាំង​មានការ​ទាក់ទិន​តិច​តួច​ជា​មួយសកម្មភាព​ប៉ាតង់​រវាង​ឆ្នាំ១៨៧០និង​១៩៤០ នៅ​ពេល​មាន​ការប្រហារជីវិត​ដោយ​ព្យួរ​ក ក្រៅប្រព័ន្ធ​តុលាការ​ កុបកម្ម​ខាង​ពូជសាសន៍និង​ច្បាប់បែងចែក​ពូជសាសន៍ ក្នុង​សហរដ្ឋ​អាមេរិក។

អ្នក​បង្កើតវត្ថុថ្មីៗស្បែក​ខ្មៅ​ខ្លះ មានគំនិតច្នៃ​ប្រឌិតដែល​មិនស៊ីគ្នាជា​មួយ​គំនិតនៃ​ប្រឌិតភាព​តាមប្រពៃ​ណី។

លោក Eric Hintz ជាអ្នក​ប្រវត្តិសាស្ត្រនៅ​ឯមជ្ឈមណ្ឌល​សិក្សាអំពី​ការ​ច្នៃប្រឌិត​និង​ការបញ្ចូល​របៀបថ្មី​នៃសារមន្ទីរ​ប្រវត្តិសាស្ត្រ​អាមេរិកាំងរបស់​ស្ថាប័ន​ Smithsonian។ លោក​និយាយថា«ក្នុងប្រវត្តិសាស្ត្រ​ដ៏យូរលង់​អង្វែង​របស់យើង នៅពេល​យើង​និយាយ​អំពីពាក្យ«ការច្នៃប្រឌិត‍» គេយល់ថា​សំដៅ​ទៅលើ​ពួកជន​ស្បែក​ស ដែលមានដើម​កំណើតពី​អឺរ៉ុប។ ជាញឹកញយ និយម​ន័យ​ជាប្រពៃណី​នៃ​ពាក្យ«ការច្នៃប្រឌិត‍» គឺសំដៅ​ទៅលើ​ម៉ាស៊ីន​ដែល​ជួយ​សម្រាលពលកម្មរបស់​មនុស្ស​និង​សត្វ ដែលបំពេញ​កិច្ចការ​មាន​ប្រសិទ្ធភាព​ជាង​មុន»។

ការណ៍​នេះបណ្តាល​ឱ្យការច្នៃ​ប្រឌិតខ្លះរបស់​ជន​ជាតិ​ស្បែក​ខ្មៅ​មិនត្រូវបានទទួល​ស្គាល់​ដោយ​ប្រព័ន្ធ​ប៉ាតង់។

លោកស្រី​ Johnson ថ្លែង​ថា​«ប្រព័ន្ធ​ប៉ាតង់ត្រូវបាន​បង្កើតឡើង​តាម​គំរូនេះដែល​សន្មត​ជា​មូលដ្ឋាន​ថាការច្នៃប្រឌិតមានប្រយោជន៍​នៅ​ពេលវា​នាំ​ឱ្យ​មាន​ការចំណេញ​ខាង​ពាណិជ្ជកម្ម។ ប៉ុន្តែ​ប្រសិន​បើ​វាមានឬសគល់ក្នុងការ​រស់រានមានជីវិត​របស់សហគមន៍​ឬ​សេចក្តីត្រូវ​ការរបស់​សង្គម វាមិន​សក្តិសម​ទទួលបាន​នូវការការពារ​ទេ ដូចដែល​យើងបានឃើញ​ស្រាប់​នៅក្នុង​ច្បាប់»។

លោក​ស្រី​ថ្លែង​ទៀត​ថា«វត្ថុ​ខ្លះអាច​មាន​ប៉ាតង់ ហើយ​វត្ថុ​ខ្លះ​ទៀត​មិន​អាច​មានទេ។ នេះជាភាពខុសគ្នាមួយដែល​នាំឱ្យខ្ញុំ​យល់​ថានាំ​ឱ្យ​មានមនុស្ស​ជាច្រើន​ឋិត​នៅ​ក្រៅ​ប្រព័ន្ធ​នេះ»។

DJ ម្នាក់​ដ៏មានប្រជាប្រិយភាព​ម្នាក់នៅ​បូរី New York ​ដែល​គេស្គាល់​ឈ្មោះ​ថា Grandmaster Flash បាន​ផ្តើម​គំនិត​ប្រើម៉ាស៊ីន​ចាក់​ថាស​ចម្រៀង​ជា​ឧបករណ៍មួយ​ដោយ​ប្រើ​ម្រៀមដៃលោកកែប្រែសំឡេង​ថាសចម្រៀង​ឱ្យ​ថយ​ក្រោយនិង​ទៅ​មុខឬធ្វើឱ្យ​យឺត។ លោកបានបង្កើត​វិធី​ថ្មី​មួយ​ក្នុងការ​ចាក់ថាស​ចម្រៀង​តាមវិទ្យុ តែ​លោក​គ្មានប៉ាតង់ទេ។

លោក Fouché និយាយថា«ពួកជនស្បែក​ខ្មៅ​បាន​បង្កើត​វិធីថ្មីៗ​ជាច្រើន។ យើង​ឃើញមានការបង្កើតថ្មីៗខាង​បច្ចេកវិទ្យាក្នុងការ​ផលិត​ភ្លេងនិង​សិល្បៈ។ ក៏ប៉ុន្តែ​ការិយាល័យ​ប៉ាតង់ ផ្តោតទៅលើ​ការបញ្ចូលរបៀបថ្មីៗ​ខាង​បច្ចេកវិទ្យា​ផ្អែកលើវិទ្យាសាស្ត្រ។ ហើយខ្ញុំ​យល់​ថាគួរ​បើកឱ្យ​មានការ​សន្ទនា​គ្នាអំពីថាតើ​អ្វីទៅដែល​អាចចាត់ទុកថាជា​ការច្នៃ​ប្រឌិត​នោះ»។

ឧបករណ៍​ចាក់​ចម្រៀង​ដែល​បង្កើតឡើង​ដោយ DJ Grandmaster Flash ឥឡូវ​នេះត្រូវ​បាន​រក្សា​ទុក​ដោយ​ Smithsonian's National Museum of American History។
ឧបករណ៍​ចាក់​ចម្រៀង​ដែល​បង្កើតឡើង​ដោយ DJ Grandmaster Flash ឥឡូវ​នេះត្រូវ​បាន​រក្សា​ទុក​ដោយ​ Smithsonian's National Museum of American History។

មជ្ឈមណ្ឌល Lemelson នៃ​ស្ថាប័ន Smithsonian បានទទួល​ស្គាល់ថា វត្ថុ​ដាក់តាំងក្នុងសារមន្ទីរ​កន្លងមក ខកខាន​មិនបាន​ដាក់តាំងវត្ថុដែល​ជា​សមិទ្ធផលរបស់​មនុស្ស​ផ្សេងៗទេ។

លោក Hintz និយាយ​ថា«អស់ពេល​ជាច្រើនសតវត្សរ៍​មក​ហើឥឡយ ស្ថាប័ន Smithsonian និងបណ្ណាល័យព្រម​ទាំង​សារមន្ទីរ​ដទៃទៀត​បាន​នាំគ្នាផ្តោត​តែទៅលើ​ពួកអ្នកច្នៃ​ប្រឌិតស្បែក​ស នៅពេល​ដែលពួកគេ​ប្រមូលវត្ថុមកតាំង។ យើង​មានវត្ថុ​ជា​ច្រើន ដែល​ពាក់ព័ន្ធ​ជាមួយលោក Edison និងបច្ចេកវិជ្ជាTesla ខាងអគ្គិសនីនិង​លោក Steve Jobs នៃក្រុមហ៊ុន Apple និង​មនុស្ស​ផ្សេងទៀត តែឥឡូវនេះ​យើង​ត្រូវតែ​ថែ​រក្សាទុករឿង​របស់លោកស្រី C.J. Walker, Grandmaster Flash និង​ Lonnie Johnson ដែល​បាន​ប្រឌិតវត្ថុ​ក្មេង​លេង Super Soaker និង​រឿង​របស់​លោកស្រី​ Patricia Bath វេជ្ជបណ្ឌិត​ខាង​ជំងឺ​ភ្នែកដែល​បាន​បង្កើតវិធីបំបាត់ជំងឺ​ភ្នែក​ឡើង​បាយ»។

លោកស្រី​ Walker ដែលជាស្ត្រី​អាមេរិកាំងទី​មួយ​មានប្រាក់​រាប់លានដុល្លារ បានក្លាយ​ជា​អ្នកមាន ដោយសារ​ការផលិតវត្ថុ​សំអាងសក់សម្រាប់ស្ត្រីស្បែក​ខ្មៅ។ ពួក​ជន​ស្បែក​ខ្មៅ​ក៏​បានបង្កើត​ម៉ាស៊ីន​ហាងខោអាវ លេខ​ឡាន​ស្វ័យ​ប្រវត្តិ​ បង្គន់​ទំនើប ​ប្រដាប់ស្រោច​ទឹកស្មៅ ​ប៊ើ​សណ្តែកដី​និង​ដំឡូងបារាំងបំពង​ដាក់កញ្ចប់។

ក៏ប៉ុន្តែគម្លាតខាងការបញ្ចូល​របៀបថ្មីៗ​នៅតែមានតទៅទៀត។ ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​និងក្រុម​ស្ត្រីបានចូល​រួម​ក្នុង​ដំណាក់កាល​នីមួយៗនៃការ​បញ្ចូល​រៀបថ្មីៗ​ក្នុង​អត្រាទាប​ជាង​ពួក​បុរស និង​បុរស​ស្បែកស។

លោក Fouché ថ្លែងថា«តើលោក​អ្នកធ្វើ​បែបណា​ឱ្យ​មាន​កុមារ​និង​នារី​ស្បែកខ្មៅ​ព្រមទាំងក្រុម​មនុស្ស​ភាគតិច បានចូល​ក្នុងមាគ៌ា​ទាំង​នេះដែលកន្លងមក មានតែ​ពួក​ជន​ស្បែកស​ប្រុសៗ​នោះ? លោកបានសង្កត់​ធ្ងន់លើ​សារៈសំខាន់​នៃ​ការ​បំផុសឱ្យ​ក្ក្រុម​កុមារ ចេះបែកគំនិត ទោះ​ជា​ពួកគេ​ជួប​ប្រទះ​ឧបសគ្គ​លំបាក​យ៉ាងណា​ក៏​ដោយ។

លោក​បាន​ពោល​ទៀតថា៖ «សំខាន់ ខ្ញុំចង់សួរថាតើ​អ្នកចង់ធ្វើអ្វី? តើ​អ្នកចង់កែប្រែ​ពិភពលោក​ដោយ​វិធី​ណា? តើ​អ្វី​ខ្លះ​ដែលមាន​សារៈសំខាន់​ចំពោះអ្នក? ហើយ​លើក​ទឹកចិត្តឱ្យ​មនុស្ស​ឃើញថា​មាន​ឱកាស​ច្រើនណាស់»៕


ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG