លោកស្រី Ketanji Brown Jackson ត្រូវបានព្រឹទ្ធសភាអាមេរិកបោះឆ្នោតគាំទ្រកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញឲ្យក្លាយជាចៅក្រមស្ត្រីស្បែកខ្មៅដំបូងគេនៅតុលាការកំពូលអាមេរិកដែលជាព្រឹត្តិការណ៍មួយដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាជោគជ័យមួយរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបានធ្វើទៅតាមការសន្យារបស់លោកក្នុងអំឡុងពេលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកដែលលោកធ្លាប់បានសន្យាថា នឹងដាក់បញ្ជូលចៅក្រមដែលមានប្រវត្តិផ្សេងៗគ្នាទៅក្នុងប្រព័ន្ធតុលាការសហព័ន្ធអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការបោះឆ្នោតគាំទ្រលោកស្រីចៅក្រមតុលាការឧទ្ធរណ៍ដែលមានវ័យ៥១ឆ្នាំរូបនោះដើម្បីឲ្យក្លាយជាចៅក្រមតុលាការកំពូលអាមេរិកដែលមានអាណត្តិមួយជីវិតនេះ ត្រូវបានធ្វើឡើងដោយមានការគាំទ្រពីសមាជិកព្រឹទ្ធសភាអាមេរិកក្នុងសំឡេងឆ្នោត៥៣ទល់នឹង៤៧សំឡេង។ សមាជិកព្រឹទ្ធសភាអាមេរិក៣រូបនៃគណបក្សសាធារណរដ្ឋដែលមានលោកស្រី Susan Collins លោកស្រី Lisa Murkowski និងលោក Mitt Romney បានបោះឆ្នោតគាំទ្រចៅក្រមរូបនេះជាមួយបណ្តាសមាជិកព្រឹទ្ធសភាអាមេរិកទាំងអស់មកពីខាងគណបក្សប្រជាធិបតេយ្យរបស់លោក Joe Biden។
ការបោះឆ្នោតនេះ ត្រូវការសំឡេងគាំទ្រភាគច្រើន៥០% បូកមួយ ហើយលោកស្រី Jackson បានយកឈ្នះលើការប្រឆាំងរបស់សមាជិកព្រឹទ្ធសភាអាមេរិកភាគច្រើននៃគណបក្សសាធារណរដ្ឋនៅក្នុងដំណើរការអនុម័តលើការតែងតាំងចៅក្រមតុលាការកំពូលរបស់លោកស្រីដែលនៅតែមានការបែងចែកប្រកាន់គណបក្សយ៉ាងខ្លាំងនោះ។
លោកស្រី Jackson នឹងជំនួសចៅក្រមតុលាការកំពូលអាមេរិកលោក Breyer ដែលមានអាយុ៨៣ឆ្នាំ នៅក្នុងក្រុមចៅក្រមសេរីនិយមដែលមានចំនួន៦នាក់ទល់នឹងក្រុមចៅក្រមអភិរក្សនិយមដែលមានចំនួន៣នាក់។ ចៅក្រមតុលាការកំពូលលោក Breyer នឹងបម្រើការងារនៅក្នុងតុលាការនេះ រហូតដល់ចុងបញ្ចប់នៃអាណត្តិបច្ចុប្បន្នរបស់តុលាការនេះនៅចុងខែមិថុនាខាងមុខហើយលោកស្រី Jackson នឹងស្បថចូលកាន់តំណែងក្នុងនាមជាចៅក្រមថ្មីជំនួសរូបលោកនៅក្រោយពេលនោះ។លោកស្រី Jackson ក៏ធ្លាប់បានបម្រើការជាជំនួយការរបស់លោក Breyer នៅក្នុងតុលាការកំពូលសហរដ្ឋអាមេរិកនេះផងដែរក្នុងពេលកន្លងទៅ។
លោក Biden បានរៀបចំពិធីមួយនៅសេតវិមានជាមួយលោកស្រី Jackson ដើម្បីមើលដំណើរការបោះឆ្នោតរបស់ព្រឹទ្ធសភាអាមេរិកតាមកញ្ចក់ទូរទស្សន៍និងបានបង្ហោះសារលើបណ្តាញ Twitter នូវរូបភាពសែលហ្វីមួយសន្លឹកដែលពួកអស់លោកបានញញឹមក្រោយពីព្រឹទ្ធសភាបោះឆ្នោតគាំទ្រលោកស្រីរួចមក។
លោក Biden បានសរសេរសារបង្ហោះក្នុង Twitter ថា៖ «ការតែងតាំងចៅក្រម Jackson ជាឱកាសប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាជាតិយើង។ យើងកំពុងបោះជំហានថ្មីមួយទៀតក្នុងការធ្វើឲ្យតុលាការកំពូលអាមេរិកមានចៅក្រមដែលមានគ្រប់ជាតិសាសន៍។ លោកស្រីនឹងក្លាយជាចៅក្រមតុលាការកំពូលដ៏ឆ្នើមមួយរូបហើយខ្ញុំមានកិត្តិយសណាស់ ដែលបានចែករំលែកនូវឱកាសដ៏រីករាយនៅពេលនេះជាមួយលោកស្រី៕