រទេះភ្លើង Eurostar ដែលធ្វើដំណើររវាងប្រទេសអង់គ្លេស និងបារាំង បានឈប់កាលពីពេលយប់អស់រយៈពេលជាច្រើនម៉ោង ពីព្រោះតែការសង្ស័យថា ជនចំណាកស្រុកខុសច្បាប់បានបិទផ្លូវរទេះភ្លើងនៅក្នុងព្រឹត្តិការណ៍ថ្មីបំផុតមួយនៅក្នុងវិបត្តិជនចំណាកស្រុកនៅក្នុងតំបន់អឺរ៉ុប។
ក្រុមអ្នកដំណើររាប់រយនាក់មានការរកាំចិត្ត និងខឹងសម្បារ បន្ទាប់ពីការពន្យាពេលកាលពីយប់ថ្ងៃអង្គារ ដែលបានប៉ះពាល់រទេះភ្លើងចំនួន៥ខ្សែ ដែលរត់ពីទីក្រុងប៉ារីសទៅកាន់ទីក្រុងឡុងដ៍។ នៅទីបញ្ចប់ រទេះភ្លើង៣ខ្សែ បានរត់ទៅដល់ទីដៅ ខណៈដែលរទេះភ្លើង២ខ្សែទៀត បានវិលត្រឡប់ទៅកាន់ស្ថានីយ៍វិញ។ ក្រុមអ្នកដំណើរបានត្អូញត្អែរថា ភ្លើងអគ្គីសនី និងម៉ាស៊ីនត្រជាក់បានបិទ ខណៈពេលដែលពួកគេរង់ចាំនៅលើរទេះភ្លើង។
រទេះភ្លើងទាំងនោះ បានឈប់នៅខាងមុខផ្លូវក្រោមបាតសមុទ្រ Eurotunnel នៅពេលដែលក្រុមមន្រ្តីបានបង្កើនការប្រុងប្រយ័ត្នថា ជនចំណាកស្រុកអាចស្ថិតនៅក្នុងផ្លូវក្រោមបាតសមុទ្រ ឬកំពុងធ្វើដំណើរនៅលើដំបូលរទេះភ្លើងដើម្បីឆ្លងកាត់ពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត។ ក្រុមមន្រ្តីមិនបាននិយាយថាតើ ពួកគេបានធ្វើការចាប់ខ្លួនជនចំណាកស្រុកទាំងនោះដែរ ឬទេ។
ទីក្រុងកំពង់ផែ Calais នៃប្រទេសបារាំង ជាទីកន្លែងដ៏សំខាន់សម្រាប់ជនចំណាកស្រុកប៉ុនប៉ងឆ្លងកាត់ទៅកាន់ប្រទេសអង់គ្លេសតាមផ្លូវក្រោមបាតសមុទ្រ Eurotunnel។ ក៏ប៉ុន្តែក្រុមមន្រ្តីនិយាយថា ចំនួនមនុស្សដែលប៉ុនប៉ងឆ្លងកាត់បានធ្លាក់ចុះមកត្រឹម១០០នាក់ ទៅ២០០នាក់ក្នុងមួយយប់ បន្ទាប់ពីចំនួនដ៏ច្រើនបំផុត២០០០នាក់ក្នុងមួយយប់កាលពីខែមិថុនាមក។
បញ្ហានេះមានភាពកាន់តែអាក្រក់ឡើងនៅព្រំដែនខាងកើតរបស់តំបន់អឺរ៉ុប។ កាលពីថ្ងៃអង្គារ អង្គការជនចំណាកស្រុកអន្តរជាតិ បានប្រាប់ឲ្យដឹងថា ជនចំណាកស្រុកជាង ៣៥០.០០០នាក់ បានធ្វើដំណើរប្រកបដោយប្រកបគ្រោះថ្នាក់ឆ្លងកាត់សមុទ្រមែឌីទែរ៉ានេនៅឆ្នាំនេះ ដោយរត់គេចចេញពីភាពចលាចល និងភាពក្រីក្រក្នុងតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្រ្វិកដើម្បីស្វែងរកជីវភាពប្រសើរឡើង៕