អង្គការទេសន្តរប្រវេសន៍អន្តរជាតិបាននិយាយកាលពីថ្ងៃអង្គារថា ពួកជនចំណាកស្រុកជាង៣៥០.០០០នាក់បានធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ានេ (Mediterranee) នៅឆ្នាំនេះ ដោយរត់គេចខ្លួនចេញពីចលាចលនិងភាពទីទាល់ក្រនៅក្នុងភូមិភាគមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិក ដើម្បីស្វែងរកជីវភាពល្អប្រសើរជាងមុនក្នុងទ្វីបអឺរ៉ុប។
ទីភ្នាក់ងារអន្តររដ្ឋាភិបាលនេះបាននិយាយថា ពួកជនទេសន្តរប្រវេសន៍ជាង២៣៤.០០០នាក់ក្នុងបណ្តាក្រុមជនទាំងនេះបានឡើងគោកនៅលើច្រាំងសមុទ្រនៃប្រទេសក្រិក ដោយមាន១១៤.០០០នាក់ទៀតបានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលី ហើយមានចំនួនតិចជាងនេះបានទៅដល់ប្រទេសអេស្ប៉ាញ (Spain) និងប្រទេសម៉ាលត៍ (Malta)។ មានមនុស្សប្រមាណ២.៦០០នាក់បានស្លាប់ ជាញឹកញយដោយសារលង់ទឹកនៅពេលដែលនាវាមិនមាំទាំនិងមានមនុស្សជិះណែនក្តន់ធ្វើប្រតិបត្តិការដោយពួកអ្នកជួញដូរមនុស្សបានលិចក្នុងសមុទ្រ។
តួលេខថ្មីៗបំផុតនេះមានឡើងនៅពេលដែលទ្វីបអឺរ៉ុបនៅតែបន្តដោះស្រាយបញ្ហាបណ្តាលមកពីពួកជនចំណាកស្រុកច្រើននាក់ដែលបានចូលទៅក្នុងទ្វីបនោះចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
លោក Babar Baloch អ្នកនាំពាក្យនៃទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកកិច្ចការជនភៀសខ្លួនបាននិយាយប្រាប់វីអូអេថា «ប្រទេសទាំងអស់មានការទទួលខុសត្រូវរបស់ខ្លួនផ្ទាល់ក្នុងការដោះស្រាយវិបត្តិនេះ»។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មានប្រទេសមួយចំនួនបានស្វះស្វែងរាំងខ្ទប់លំហូរចូលយ៉ាងច្រើននៃពួកជនចំណាកស្រុកឬមួយក៏កម្រិតចំនួនពួកជនទាំងនេះ៕