ជនចំណាកស្រុករាប់ពាន់នាក់បានឡើងជិះរទេះភ្លើងនៅថ្ងៃអាទិត្យចូលក្នុងប្រទេសម៉ាសេដូនីឆ្ពោះទៅកាន់ទិសខាងជើងទៅកាន់ប្រទេសសែប៊ី បន្ទាប់ពីបានត្រូវជាប់គាំងនៅឯព្រំដែនអស់រយៈពេលជាច្រើនថ្ងៃ ហើយបានត្រូវរារាំងមិនឲ្យបន្តដំណើររបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសហុងគ្រី ដែលជាសមាជិរបស់សហភាពអឺរ៉ុប។
ចលនារបស់ជនចំណាកស្រុកនេះនៅថ្ងៃអាទិត្យនេះ បានកើតមានឡើងបន្ទាប់ពីការប៉ះទង្គិចកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ជាមួយប៉ូលិសម៉ាសេដូនី ដែលបានព្យាយាមរារាំងជនចំណាកស្រុកពីក្រិកមិនឲ្យចូលក្នុងប្រទេសខ្លួន។ រដ្ឋាភិបាលម៉ាសេដូនីបានប្រកាសស្ថានភាពក្នុងគ្រាអាសន្ន ហើយបានបញ្ជាបិទព្រំដែនរបស់ខ្លួនមិនឲ្យជនចំណាកស្រុកឆ្លងកាត់។
ក៏ប៉ុន្តែមនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាជនភៀសខ្លួនស៊ីរីអាចដើរឆ្លងកាត់ក្រុមមន្រ្តីប៉ូលិសទាំងនោះកាលពីថ្ងៃសៅរ៍ម្សិលមិញ ហើយបានចូលក្នុងប្រទេសម៉ាសេដូនី បន្ទាប់ពីបានចំណាយពេលរាប់សិបថ្ងៃនៅកណ្តាលវាល ដោយគ្មានទីជម្រកស្នាក់នៅ ម្ហូបអាហារ ឬទឹកបរិភោគ។
បន្ទាប់មកក្រុមអាជ្ញាធរបានលុបចោលការរឹតត្បិត ហើយបានអនុញ្ញាតឲ្យជនចំណាកស្រុកឆ្លងកាត់ដោយសេរី តាមរយៈការធ្វើដំណើរតាមរថភ្លើងនៅថ្ងៃអាទិត្យនេះដោយ គ្មានបញ្ហាណាមួយ។
បញ្ហាជនចំណាកស្រុកដ៏ច្រើន ដែលកំពុងព្យាយាមចូលក្នុងតំបន់អឺរ៉ុប បានធ្វើឲ្យរដ្ឋាភិបាលប្រទេសផ្សេងៗ និងសហភាពអឺរ៉ុប ជជែកដេញដោលគ្នាថាតើត្រូវដោះស្រាយយ៉ាងដូចម្តេច។
អង្គការចំណាកស្រុកអន្តរជាតិ បានប្រាប់ឲ្យដឹងកាលពីសប្តាហ៍មុនថា មានជនចំណាកស្រុកជាង២៥០.០០០នាក់បានឆ្លងកាត់សមុទ្រចូលក្នុងតំបន់អឺរ៉ុបនៅឆ្នាំនេះ ភាគច្រើនមកដល់ដីគោកនៅប្រទេសអ៊ីតាលី និងក្រិក។ ពួកគេបានរត់គេចចេញពីតំបន់នានា ដែលបានឃើញជម្លោះ និងភាពចលាចលខាងនយោបាយអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសស៊ីរី អាហ្វហ្គានីស្ថាន អ៊ីរីទ្រា និងនីហ្សេរីយ៉ា៕