ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​លោក Biden ​កាន់​តំណែង ​​ទ្វីប​​អឺរ៉ុប​សង្ឃឹម​​ថា​​នឹង​មានការ​សម្រប​សម្រួល​គ្នា​អំពី​​ពន្ធដារ​លើ​ក្រុមហ៊ុន​ Digital ​អាមេរិកាំង


រូបឯកសារ៖ ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ញញឺម​ ខណៈ​ដែល​លោក​ថ្លែង​សុន្ទរកថា​នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ញញឺម​ ខណៈ​ដែល​លោក​ថ្លែង​សុន្ទរកថា​នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុម​ហ៊ុន​ Google, Amazon,​ Facebook ​និង​ Apple​ ជា​ក្រុមហ៊ុន​បួនត្រូវ​ដាក់​ឈ្មោះ​ថា​ GAFA នៅក្នុងប្រទេស​បារាំងដោយ​ក្រុម​ជនដែល​រិះគន់អ្វីពួកគេ​ថា​ជា​ការ​ចៀសវាង​មិន​បង់​ពន្ធដារអឺរ៉ុប​ដោយ​ក្រុមហ៊ុន​ពហុជាតិ។

លទ្ធផលត្រូវព្យាករណ៍នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ស.រ.អ.​មិន​បានផ្លាស់ប្តូរការអន្ទះសារបស់​អឺរ៉ុប​ក្នុង​ការដោះស្រាយ​បញ្ហានេះ​ជា​មួយ​រដ្ឋបាល​លោក Biden នៅ​ក្រោយ​មាន​ការជំទាស់​ពី​រដ្ឋបាលលោក​ Trumpអស់​ជាច្រើនឆ្នាំ។

លោក Thierry Breton ជាស្នងការ​ទីផ្សារ​ក្នុង​ប្រទេស​នៃ​សហភាព​អឺរ៉ុប។ លោកបាននិយាយ​ថា៖

«លោកពន្យល់​ថាអឺរ៉ុប​មិនឆោត​ល្ងង់​ទៀត​ទេ​នៅ​ក្នុង​ការរំពឹង​របស់​ខ្លួនអំពី​ភាព​ដៃគូ​ជា​មួយ​ស.រ.អ.។ លោកថ្លែងថាជនជាតិ​អឺរ៉ុបមិន​អាច​ឆោត​ល្ងង់​ទៀត​ទេ»។

អង្គការកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ហៅ​កាត់​ថា​ OECD បានធ្វើជាម្ចាស់​ផ្ទះ​ចាត់​ចែងកិច្ច​ចរចាអន្តរជាតិមួយអំពីការ​យក​ពន្ធ​លើក្រុមហ៊ុនdigital។ ពួកស​មាជិក​បានពន្យា​ពេលកំណត់​ចុងក្រោយ​បង្អស់ដល់ឆ្នាំ២០២១​សម្រាប់​ឱ្យ​មាន​កិច្ច​ព្រមព្រៀងមួយ​ ​នៅ​ក្រោយពីស.រ.អ.បានដក​ខ្លួន​ថយចេញពី​ការ​ចរចា​គ្នាដោយសារ​ការ​រាត​ត្បាតវីរុស​កូរ៉ូណា។

លោក Bruno Le Maire ដែល​ជា​រដ្ឋមន្ត្រីសេដ្ឋកិច្ច​បារាំង​បាននិយាយ​ថារដ្ឋាភិបាល​ក្រុង​ Washington ​មិនទំនងជានឹងទម្លាក់​ចោល​អ្វី​ដែល​លោក​ហៅ​ថា​គោលជំហរប្រទាំងប្រទាស់អំពីបញ្ហា​នេះ​ទេទោះ​ណា​ជានរណា​កាន់​តំណែង​កំពូល​ក្នុង​សេតវិមានក៏​ដោយ។

លោក Le Maire បាននិយាយ​ថា​«នៅ​ពេលនេះ​ពួកមហា​ក្រុម​ហ៊ុន digital ​ជា​សត្រូវ​របស់​រដ្ឋាភិបាលនានា​»។​ លោក​បាន​សន្យា​ថាក្នុង​ពេល​ឆាប់ៗ​នេះ មហាក្រុមហ៊ុនទាំងនេះនឹង​ត្រូវហូត​ពន្ធ​«តាម​អត្រាដូចគ្នា​នឹង​ក្រុម​ហ៊ុនបារាំង​ដែរ»។

នេះ​ជាគោលជំហរ​មួយត្រូវ​និយាយ​ជា​ថ្មី​ដោយ​លោក​ស្នងការ​ Breton។ លោក​បានថ្លែង​ថា៖

«លោក​និយាយថាការ​ពិភាក្សា​គ្នា​មួយ​បានត្រូវ​ផ្តើមគំនិត​ដោយ​ OECD ហើយ​ទោះ​ជា​ស.រ.អ.​បាន​ដកខ្លួន​ចេញ​ពី​ការ​ពិភាក្សា​គ្នា​នេះក៏​ដោយ​ ពួក​គេអាច​វិល​មក​វិញ​បាន។ លោក Breton បានថ្លែង​ថាពួក​អឺរ៉ុបបាន​កំណត់ពេល​ចុងក្រោយ​បង្អស់រហូត​ដល់​ខែ​មិថុនា​ឆ្នាំ២០២១ដើម្បីធ្វើការ​ចរចាគ្នានេះ​ឱ្យ​បានចប់សព្វគ្រប់។ លោក Breton បាន​និយាយ​ទទូច​ថា​ប្រសិន​បើ​ប្រទេស​ទាំងអស់មាន​ការយល់ស្រប​គ្នា​ តែស.រ.អ.មិនវិលមក​កាន់​តុ​ធ្វើការ​ចរចា​វិញទេ អឺរ៉ុប​នឹងធ្វើ​តាមការទទួលខុសត្រូវរបស់​ខ្លួនហើយ​យើង​នឹង​ដាក់​កំហិត​ពន្ធដារ​មួយ»។

មនុស្ស​ខ្លះនៅ​អឺរ៉ុបព្រមានថារដ្ឋបាល​លោក Biden ​នឹង​នៅ​តែជំ​ទាស់នឹងការដក​ពន្ធ​លើក្រុមហ៊ុនបច្ចេកវិទ្យាស.រ.អ.។ គេរាយការណ៍​ថាលោក Biden ប្រធានាធិបតី​ជាប់​ឆ្នោត​និងលោកស្រី Kamala Harris អនុប្រធានាធិបតី​ជាប់​ឆ្នោត​របស់លោកមាន​ការ​ទាក់ទងច្រើន​ជា​មួយ​ពួក​ក្រុមហ៊ុន​នៅ Silicon Valley ​ដូច​ដែលរដ្ឋបាល​លោក​អូបាម៉ា​មានដែរ​ពី​ឆ្នាំ២០០៩​រហូត​ដល់ឆ្នាំ២០១៧។

លោក Arno Pons ​ជាប្រធានអង្គការ Digital New Deal​ ដែល​ជា​អង្គការ​ស្រាវ​ជ្រាវមួយ​នៅ​ Paris។ លោកបាននិយាយ​ថា៖

«លោក ​ Pons និយាយ​ថាលោក​ Joe Biden ​ជា​អនុប្រធានាធិបតី​របស់​លោក​អូបាម៉ានៅ​ក្នុង​រដ្ឋបាលមួយលម្អៀងទៅ​ខាង​ GAFA​ ហើយប្រហែល​នៅ​ពេល​នេះ​ក៏​មានការយល់​ឃើញ​ដដែល​ទៀត។ ចំណែក​ឯ​លោកស្រី Kamala Harris វិញដែល​មាន​ដើម​កំណើត​ពី​រដ្ឋ California លោក Pons ​ឃើញ​ថា​លោកស្រី​មានចំណង​ទាក់ទង​ជិតស្និទ្ធជា​មួយ​ពួក​អ្នក​ចាត់ចែង​កិច្ច​ការ​ប្រតិបត្តិ​នៃ​មហាក្រុម​ហ៊ុន​បច្ចេកវិទ្យា»។

លោក Pons និយាយ​យោង​ដល់​ឧទាហរណ៍​មួយនៃការតែង​តាំងពួក​អតីត​បុគ្គលិក​ក្រុមហ៊ុន Apple និង​ Facebook កាល​ពី​ពេល​ថ្មីៗ​នេះក្នុង​ក្រុម​អន្តរកាល​របស់​លោក Biden។

កាល​ពី​ខែ​មុន​ OECD ​បាន​ព្រមាន​ថា​ភាព​តានតឹងអំពីពន្ធដារ​លើ​ក្រុមហ៊ុន​ digital ​អាច​បណ្តាលឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​មួយដែល​អាចបន្ថយ​ការ​លូតលាស់​សាកលចំនួន​មួយ​ភាគ​រយរៀង​រាល់​ឆ្នាំ។

ប្រែសម្រួលដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG