The Gare du Nord គឺជាស្ថានីយ៍រថភ្លើងដែលមមាញឹកបំផុតរបស់អឺរ៉ុប។ វាជាកន្លែងដែលរថភ្លើងល្បឿនលឿនពីទីក្រុងអាំស្ទែដាំនឹងបានមកដល់នៅយប់ថ្ងៃសុក្រ ប្រសិនបើខ្មាន់កាំភ្លើង Ayoub El-Khazzani មិនបានចាប់ផ្តើមបាញ់ទៅលើអ្នកធ្វើដំណើរ មុនពេលដែលជននោះត្រូវបានគេបង្រ្កាបនៅនឹងកន្លែង។
នៅពេលនេះ កុ្រមយោធានិងប៉ូលិសកំពុងល្បាតក្នុងលក្ខណៈជាក្រុមតូចៗ។ ប៉ុន្តែ ការធ្វើដូច្នេះ គឺជារឿងធម្មតាទេ ជាពិសេសចាប់តាំងពីមានការវាយប្រហារភេរវកម្មកាលពីខែមករា នៅទីក្រុងប៉ារីស។ រដ្ឋាភិបាលបារាំងទើបតែបានប្រកាសពីការត្រួតពិនិត្យទៅលើអ្នកដំណើរនៅលើរថភ្លើងដោយចោះៗគ្មានការគ្រោងទុក ប៉ុន្តែវាគ្មានសញ្ញាថានឹងមានការពង្រឹងសន្ដិសុខផ្សេងទៀតនោះទេ ចាប់តាំងពីមានការវាយប្រហារនៅលើរថភ្លើងនោះមក។
លោក Nicolas Ego បាននិយាយលាកូនស្រីរបស់លោក ដែលនឹងធ្វើដំណើរតាមរថភ្លើងទៅកាន់ភាគខាងជើងនៃប្រទេសបារាំង។ ដូចគ្នាទៅនឹងមនុស្សដទៃទៀតដែលត្រូវបានសម្ភាសនៅទីនោះដែរ លោកបាននិយាយថា លោកមិនមានការព្រួយបារម្ភពីការវាយប្រហារតាមរថភ្លើងមួយផ្សេងទៀតនោះទេ។
«ដោយសារតែអ្វីដែលបានកើតឡើងគឺជាហេតុការណ៍តែមួយដែលអាចនឹងកើតឡើងនៅកន្លែងផ្សេងទៀតជាច្រើន។ ហើយពិតណាស់ខ្ញុំគិតថា វាជាហេតុការណ៍តែមួយប៉ុណ្ណោះ»។
ពីរបីថ្ងៃមុនពេលដែលការវាយប្រហារបានកើតឡើង លោក Daniel Kawata មកពីទីក្រុង Kinshasa បានជិះរថភ្លើងឈ្មោះ Thalys ដែលចេញដំណើរពីទីក្រុងព្រុចសែល (Brussels) ជាប្រភេទរថភ្លើងដូចគ្នាទៅនឹងរថភ្លើងដែលខ្មាន់កាំភ្លើង Khazzani បានជិះ។ លោកបានបញ្ជាក់ថា មន្ត្រីសន្តិសុខនៅពេលលោកជិះនោះ បានពិនិត្យមើលកាបូបអ្នកដំណើរនៅលើរថភ្លើង។
«នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានឃើញការពង្រឹងសន្តិសុខប្រភេទនេះ។ វាមិនធ្លាប់មានបែបនេះទេពីមុនមក មន្រ្តីសន្តិសុខធ្លាប់តែទុកឲ្យអ្នកដំណើរនៅដោយឯង ហើយពួកគេមិនទាំងដឹងថាអ្នកណាខ្លះមានវត្តមាននៅលើរថភ្លើងនោះផង។ ប៉ុន្តែឥឡូវនេះ ពួកគេចង់ធ្វើឲ្យប្រាកដថា គ្រប់កន្លែងទាំងអស់ មិនមានអ្នកដំណើរដែលគេសង្ស័យទេ ហើយនេះជាការល្អសម្រាប់យើងដែលជាអ្នកធ្វើដំណើរ ដោយសារតែយើងមានអារម្មណ៍ផាសុកភាព»។
ប៉ុន្តែការធ្វើបែបនេះមិនត្រូវបានយល់ស្របដោយមនុស្សរាល់គ្នានោះទេ។ អ្នកដំណើរម្នាក់ជនជាតិអាល្លឺម៉ង់ ដែលបានប្រាប់តែឈ្មោះរបស់លោកថា Bernhard បានប្រឆាំងនឹងការរឹតបន្តឹងសន្ដិសុខខ្លាំងជាងមុនបែបនេះ។
«ខ្ញុំមិនចូលចិត្តវិធានការសន្តិសុខបែបនេះទេ។ វិធានការទាំងនេះបានធ្វើឲ្យមនុស្សនៅស្ងៀមស្ងាត់ ប៉ុន្ដែវាមិនមានប្រយោជន៍នោះទេ។ បើសិនជាខ្ញុំវិញ ខ្ញុំនឹងដកវិធានការនោះចេញ»។
ការវាយប្រហារតាមរថភ្លើងនេះបានជំរុញឲ្យមានការជជែកពិភាក្សាផ្នែកសន្តិសុខមួយយ៉ាងក្តៅគគុក និងយ៉ាងទូលំទូលាយជាងមុននៅតំបន់អឺរ៉ុប។ អ្នកជំនាញនិយាយថា វាមិនអាចទៅរួចទេក្នុងការតម្លើងឧបករណ៍ត្រួតពិនិត្យដូចទៅនឹងព្រលានយន្តហោះ នៅតាមស្ថានីយ៍ដូចជា Gare du Nord ដែលមានមនុស្សរាប់រយពាន់នាក់ឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ចំណែកអ្នកផ្សេងទៀតមានការព្រួយបារម្ភថា ការត្រួតពិនិត្យនៅហ្នឹងកន្លែងទៅលើអ្នកដំណើរអាចមានលក្ខណៈរើសអើង។
លោក Charles Michel នាយករដ្ឋមន្រ្តីរបស់ប្រទេសបែលហ្ស៊ិកកំពុងអំពាវនាវឲ្យមានការពិនិត្យឡើងវិញជាបន្ទាន់ និងធំទូលាយទៅលើសន្ដិសុខតាមផ្លូវដែក ជាពិសេសចំពោះរថភ្លើងដែលឆ្លងកាត់ព្រំដែន ដូចជារថភ្លើង Thalys ដែលឆ្លងកាត់ប្រទេសហូឡង់ បែលហ្ស៊ិក និងបារាំង។ ប្រទេសទាំងបីនេះជាសមាជិកនៃតំបន់ Schengen ដែលមិនប្រើប្រាស់លិខិតឆ្លងដែន។
ក្រុមមន្ត្រីគណៈកម្មការអឺរ៉ុបបាននិយាយថា ការរឹតបន្តឹងសន្តិសុខបន្ថែមទៀតអាចធ្វើទៅបាន ប៉ុន្តែតំបន់ដែលមានការធ្វើដំណើរដោយសេរីជាតំបន់ដែលមិនអាចចរចាបានទៅលើបញ្ហានេះ៕
ប្រែសម្រួលដោយ ហង្ស វុទ្ធិកា