អ្នកដំណើរដែលនៅរស់បន្ទាប់ពីការវាយប្រហារភេរវកម្មមួយនៅលើរទេះភ្លើងមួយដែលបានធ្វើដំណើររវាងក្រុងអាំស្ទែដាំ (Amsterdam) និងក្រុងប៉ារីសបាននិយាយប្រាប់អ្នកកាសែតកាលពីថ្ងៃសៅរ៍អំពីវិធីដែលពួកគេបានប្រើប្រាស់ដើម្បីយកឈ្នះលើបុរសប្រដាប់អាវុធម៉ារ៉ុកម្នាក់។ ពួកគេបានសរសើរដល់វីរភាពនៃទាហានអាមេរិកាំងពីរនាក់ដែលបានដឹកនាំវិធានការដើម្បីបង្ក្រាបអ្នកវាយប្រហារនោះ។
អាជ្ញាធរក្នុងប្រទេសអេស្ប៉ាញនិយាយថា ពួកគេបានស្គាល់អត្តសញ្ញាណបុរសប្រដាប់អាវុធនោះ ហើយថា ជាជនឥស្លាមនិយមជ្រុលម្នាក់អាយុ២៦ឆ្នាំដែលបានចំណាយពេលវេលានៅក្នុងប្រទេសស៊ីរីកាលពីឆ្នាំទៅមិញ។ ក្រុមភ្នាក់ងារ អេស្ប៉ាញខាងប្រឆាំងនឹងភេរវកម្មបាននិយាយថា បុរសមានកំណើតក្នុងប្រទេស ម៉ារ៉ុកអាយុ២៦ឆ្នាំរូបនេះបានរស់នៅប្រមាណមួយឆ្នាំនៅក្នុងក្រុងកំពង់ផែ Algeciras នាប៉ែកខាងត្បូងប្រទេសនៅមុនគាត់ប្តូរលំនៅដ្ឋានទៅនៅក្នុងប្រទេសបារាំងវិញកាលពីឆ្នាំ២០១៤ ហើយក៏បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី។
លោក Chris Norman ដែលជាពលរដ្ឋអង់គ្លេសរស់នៅក្នុងប្រទេសបារាំងបានរៀបរាប់កាលពីថ្ងៃសៅរ៍អំពីការប្រឈមមុខដាក់គ្នាកាលពីថ្ងៃសុក្រនៅពេលជនប្រដាប់អាវុធនោះដើរចូលក្នុងទូរទេះភ្លើងលោកដោយមានកាន់កាំភ្លើងវែងធុន Kalashnikov កាំភ្លើងខ្លី និងកាំបិតកាត់ប្រអប់មួយ។
លោក Norman ដែលជាជីតាម្នាក់ដែលបានកើតនៅក្នុងទ្វីបអាហ្រ្វិក ហើយនៅ ពេលសព្វថ្ងៃនេះលោកធ្វើការខាងការផ្តល់ប្រាក់អឺរ៉ុបសម្រាប់គម្រោងការជំនួញក្នុងទ្វីបអាហ្រ្វិកបាននិយាយថា សភាវគតិដំបូងរបស់លោកគឺឱនក្រាបនៅពេលជនប្រដាប់អាវុធនេះចាប់ផ្តើមស្រែកដាក់អ្នកដំណើរតាមរទេះភ្លើងនោះ។ លោក Norman បាននិយាយរំលឹកប្រាប់ហេតុការណ៍នោះនៅក្នុងជំនួបមួយជាមួយក្រុមអ្នកកាសែតកាលពីថ្ងៃសៅរ៍នៅក្នុងក្រុង Arras ប្រទេសបារាំងថា «បន្ទាប់មកខ្ញុំបានឮបុរសម្នាក់ក្នុងបណ្តាជនជាតិអាមេរិកាំងពីរនាក់នោះស្រែកថា ទៅបង្ក្រាបវា! ហើយអាមេរិកាំងម្នាក់ទៀតនិយាយថា ឯងធ្វើដូច្នេះមែនឬអាសម្លាញ់! ហើយពួកគេក៏សំរុកទៅលើបុរសនោះ»។
លោក Norman បានថ្លែងរំលឹកថា អ្នកវាយប្រហារម៉ារ៉ុកនោះបាន «ទប់ទល់ខ្លាំងគួរសម» ដោយបានប្រើកាំបិតកាត់ប្រអប់ឆូតកលោក Spencer Stone ដែលជាទាហានអាមេរិកាំងម្នាក់។ លោក Norman បាននិយាយថា ទោះណាជាលោកមានរបួសចេញឈាមក៏ដោយ ក៏លោក Stone ដែលជាសមាជិកវ័យក្មេងមានសាច់ដុំមាំមួននៃកងទ័ពអាកាសស.រ.អា.បានបំពេញមុខនាទីធំមួយក្នុងការបង្ក្រាបអ្នកវាយប្រហារនោះ៕