នៅថ្ងៃច័ន្ទនេះ លោក Francois Hollande ប្រធានាធិបតីបារាំងប្រគល់មេដាយកិត្តិយសឲ្យពលរដ្ឋអង់គ្លេសម្នាក់និងពលរដ្ឋអាមេរិកាំង៣នាក់ ដែលបានទប់ស្កាត់ជនប្រដាប់អាវុធម្នាក់នៅលើរថភ្លើងល្បឿនលឿនកាលពីថ្ងៃសុក្រ។
នៅក្នុងពិធីនៅទីក្រុងប៉ារីសនេះ លោក Francois Hollande បានបំពាក់មេដាយលើទ្រូងរបស់លោក Chris Norman ជនជាតិអង់គ្លេសនិងលោក Spencer Stone លោក Alek Skarlatos និង លោក Anthony Sadler ពលរដ្ឋអាមេរិកាំង។ លោកប្រធានាធិបតីបារាំងនិយាយថា សកម្មភាពរបស់អ្នកទាំងបួនប្រឆាំងនឹងភេវកម្មកាលពីចុងសប្តាហ៍នេះគឺជាសារបង្ហាញការលើកទឹកចិត្ត សាមគ្គីភាព និងក្តីសង្ឃឹម។
លោកប្រធានាធិបតីបារាំង Francois Hollande និយាយថា ភេរវករបានសម្រេចចិត្តធ្វើសកម្មភាពសម្លាប់រង្គាលយ៉ាងពិតប្រាកដ។ ភេរវករនេះមានអាវុធ និងជាតិផ្ទុះគ្រប់គ្រាន់ធ្វើការវាយប្រហារដ៏គ្រោះថ្នាក់។
បើមិនមានអ្នកប្រថុយជីវិតដើម្បីទប់ស្កាត់ទេ នោះភេរវករនេះនឹងបង្កឲ្យមានការសម្លាប់រង្គាលយ៉ាងពិតប្រាកដ។ លោកប្រធានាធិបតី Francois Hollande ក៏បានផ្តល់កិត្តិយសដល់ជនជាតិបារាំងម្នាក់ដែលបានឃើញជនប្រដាប់អាវុធមុនគេនៅជិតបន្ទប់ទឹកនៅលើរថភ្លើងដែលបើកយ៉ាងលឿនទៅកាន់ទីក្រុងប៉ារីស៕