ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន ​និង​មីយ៉ាន់ម៉ា


រូបឯកសារ៖ ទង់ជាតិ​សហភាព​អឺរ៉ុប​ស្ថិត​នៅ​​ខាង​ក្រៅ​ទីស្នាក់ការ​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទិ២៨ ខែតុលា ឆ្នាំ២០១៥។
រូបឯកសារ៖ ទង់ជាតិ​សហភាព​អឺរ៉ុប​ស្ថិត​នៅ​​ខាង​ក្រៅ​ទីស្នាក់ការ​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទិ២៨ ខែតុលា ឆ្នាំ២០១៥។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុចសែល​កាលពី​ថ្ងៃ​ច័ន្ទ​បាន​អនុម័ត​ទណ្ឌកម្ម​លើ​ការ​រំលោភ​បំពាន​នៅ​ក្នុង​ប្រទេស​ចិន​ ​មីយ៉ាន់ម៉ា ​និង​រុស្ស៊ី​ ខណៈ​សហភាព​អឺរ៉ុប​ពង្រីក​វិធាន​ការ​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​សកល។

​សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស​ជា​សមាជិកចំនួន ​២៧ ​គ្រោង​នឹង​ដាក់​មន្ត្រី​ចិន​ចំនួន​៤​រូប​ និង​អង្គភាព​រដ្ឋ​មួយ​ចូល​ក្នុង​បញ្ជី​ខ្មៅ​ទាក់ទិន​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅលើ​ជនជាតិ​ភាគតិច​ Uighur បន្ទាប់​ពី​បណ្ដា​ឯកអគ្គរដ្ឋទូត​បាន​ផ្តល់​ភ្លើង​ខៀវ​កាលពី​សប្តាហ៍​មុន។​

ចំណាត់ការ​ជា​និមិត្ត​រូប​កម្រិត​ខ្ពស់នេះ ដែល​រាយ​ការណ៍​ដោយ​អ្នកការ​ទូត​សហ​ភាពអឺរ៉ុប​ត្រូវ​បាន​គេរំពឹងថា​ នឹង​ត្រូវ​បាន​បង្ហាញ​ជាផ្លូវការ​នៅក្នុង​ទស្សនាវដ្តីផ្លូវការ​របស់​សហភាព​អឺរ៉ុប​នៅថ្ងៃ​ច័ន្ទ​នេះ។

នេះគឺ​ជាលើក​ដំបូង​ហើយ​ដែលសហភាពអឺរ៉ុបបាន​ដាក់​ទណ្ឌកម្មរដ្ឋាភិបាល​ក្រុង​ប៉េកាំង​រឿងរំលោភ​សិទ្ធិ​មនុស្ស​ចាប់តាំង​ពី​សហភាព​នេះបាន​ដាក់​ទណ្ឌកម្ម​ការ​លក់​អាវុធ​នៅ​ក្នុង​ឆ្នាំ​១៩៨៩ ​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​នៅ​ទីលាន​ Tiananmen មក។​

ក្រសួង​ការ​បរទេស​ចិន​បាន​ព្រមាន​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ «មាន​ប្រតិ​កម្ម​យ៉ាង​ម៉ឺងម៉ាត់»​ ប្រឆាំង​នឹង​ការដាក់​ទណ្ឌកម្ម​ណាមួយ​ចំពោះ​សកម្មភាព​របស់​ខ្លួននៅ​ក្នុង​តំបន់​ស៊ីនជាំង​ភាគ​ខាងលិច។​ ក្រុម​អ្នក​ការទូត​បាន​និយាយ​ថា​ វិធាន​ការ​ទាំង​នេះ​គឺ​ជាផ្នែក​មួយ​នៃ​ទណ្ឌកម្ម​ទាក់​ទងនឹង​បញ្ហា​សិទ្ធិ​មនុស្ស ​ដែល​ប្រឆាំង​មនុស្ស​រាប់​សិប​នាក់ រួមបញ្ចូល​ទាំង​បុគ្គល​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ កូរ៉េ​ខាងជើង​ អេរីទ្រា​ ស៊ូដង់​ខាងត្បូង ​និង​លីប៊ីផង​ដែរ។​

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ស្លូវ៉ាគី​លោក​ Ivan Korcok ​បាន​មាន​ប្រសាសន៍​ថា​៖ «នេះ​គឺ​ជា​ជំហាន​ដ៏សំខាន់​មួយ​ដែល​បង្ហាញ​ពីការ​ប្តេជ្ញា​ចិត្ត​របស់​យើង»។​ យន្តការ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហភាព​អឺរ៉ុប​កំណត់​អំពី​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុងខែ​នេះ​ ដោយ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​រុស្ស៊ី​បួន​រូប​ចំពោះ​ការ​ចាប់​ ​លោក Alexei Navalny ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី ​ដាក់​ពន្ធនាគារ​ដោយ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង។​

ក្រុម​អ្នក​ការទូត​បាន​និយាយ​ថា​ ការដាក់​ទណ្ឌកម្ម​ថ្មីៗ​ទៅលើ​ប្រទេស​រុស្ស៊ី​នឹង​ផ្តោត​លើ​បុគ្គល​ដែល​នៅ​ពីក្រោយ​ការ​រំលោភ​បំពាន​នៅ​ក្នុង​តំបន់​ Chechnya ​ដែល​គ្រប់គ្រង​ដោយ​កណ្តាប់​ដៃដែក​របស់​លោក ​Ramzan Kadyrov ​ដែល​ជា​អ្នក​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​រុស្ស៊ី។​ សហគមន៍​អឺរ៉ុប​ក៏នឹង​បង្កក​ទ្រព្យ​សម្បត្តិ​និង​ដាក់​បម្រាម​ទិដ្ឋាការ​លើ​មន្រ្តី​ចំនួន​១១​រូបនៃ​របប​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា​ជុំវិញ​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​កាលពីខែមុន​និង​ការ​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ​ផង​ដែរ៕

XS
SM
MD
LG