ប្រទេសអៀរឡង់ក៏ដូចប្រទេសតូចៗជាច្រើនផ្សេងទៀតដែរ ដែលពឹងពាក់លើសេដ្ឋកិច្ចនៃប្រទេសចិន ខិតខំបញ្ចៀសមិនឱ្យមានបញ្ហារសើបជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
ក៏ប៉ុន្តែ រឿងចម្រូងចម្រាសអំពីការប្រព្រឹត្តរបស់ក្រុមហ៊ុន Huawei ការឃុំឃាំងពាណិជ្ជករម្នាក់យ៉ាងយូរនៅក្រុង Shanghai និងកំណើននៃការប្រឆាំងនឹងប្រវត្តិការរំលោភសិទ្ធិមនុស្សក្នុងប្រទេសចិនអាចធ្វើឱ្យប្រទេសអៀរឡង់ពិនិត្យមើលជាថ្មីអំពីទំនាក់ទំនងជាមួយប្រទេសចិន។
សមាជិកបួនរូបនៃសភា Oireachtas របស់អៀរឡង់ ដែលជាអង្គការនីតិបញ្ញត្តិជាតិបានចូលរួមជាមួយសម្ព័ន្ធភាពអន្តរសភាអំពីប្រទេសចិន (IPAC) កាលពីខែមុន ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងសម្របសម្រួលគ្នាមួយ ដើម្បីធ្វើឱ្យមានជំហរតឹងរ៉ឹងជាងមុនមួយរបស់រដ្ឋាភិបាលអៀរឡង់ចំពោះប្រទេសចិន។
លោក Michael Byrne នៃគណបក្សអភិរក្សនិយម Fianna Fail របស់ប្រទេសអៀរឡង់បាននិយាយប្រាប់វីអូអេថា ប្រទេសលោកចង់បន្តការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន តែរបៀបដោះស្រាយបែបសង្កត់សង្កិនរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើក្រុមជនជាតិភាគតិច ជាពិសេសក្រុមជនអំបូរ Uighur (អ៊ុយហ្គ័រ) ក្នុងតំបន់ Xinjiang ជាការមិនអាចទទួលយកបានទេ តាមបទដ្ឋានអន្តរជាតិ។
លោក Michael Byrne បាននិយាយថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងធ្វើខុសក្នុងរបៀបដោះស្រាយរបស់ខ្លួនចំពោះបញ្ហាប្រជាជន Uighur ចំពោះតំបន់ទីបេត៍និងចំពោះក្រុងហុងកុង និងការឃុំឃាំងមិនត្រឹមត្រូវតាមច្បាប់នៃបុគ្គលមួយចំនួន។ យើងមិនអាចធ្វើជាមិនឃើញនូវការរំលោភកើនឡើងលើសិទ្ធិមនុស្សនិងនីតិរដ្ឋ ដោយគណបក្សកុម្មុយនីស្តចិនបានឡើយ»។
លោកក៏បានគាំទ្រឱ្យលើកការប្រកួតកីឡាអាឡាំពិករដូវធ្លាក់ទឹកកកពីក្រុងប៉េកាំងទៅធ្វើនៅកន្លែងមួយទៀត ក្នុងឆ្នាំ ២០២២ ផងដែរ។
លោក Byrne បានថ្លែងថា៖ «គេមិនគួរផ្តល់ឱកាសធ្វើការឃោសនាឱ្យគណបក្សកុម្មុយនីស្តចិនទេ»។
ការទាក់ទងគ្នាតឹងតែង
ឧប្បត្តិហេតុមួយចំនួនបានបង្កើនការមិនទុកចិត្តរបស់ប្រជារាស្ត្រអៀរឡង់ ចំពោះរដ្ឋាភិបាលក្រុងប៉េកាំង។
កង្វល់មួយក្នុងបណ្តាការខ្វល់ខ្វាយធំៗ គឺការណ៍ដែលចិនបានចាប់ដាក់ក្នុងពន្ធនាគារលោក Richard O’Halloran អ្នកចាត់ចែងកិច្ចការប្រតិបត្តិនៃសាខានៅអៀរឡង់របស់ក្រុមហ៊ុនជួលយន្តហោះមួយ។
លោកបានធ្វើដំណើរទៅប្រទេសចិន កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ ដើម្បីជួយដោះស្រាយជម្លោះពាណិជ្ជកម្មមួយ ដែលនាំឱ្យមានការចាប់ខ្លួននិយោជករបស់លោកអំពីការចោទប្រកាន់ថា បានគៃបន្លំប្រាក់អ្នកវិនិយោគចិនចំនួន ៧០ លានដុល្លារ។
ថ្វីបើលោកមិនត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌអ្វីក៏ដោយ ក៏អាជ្ញាធរចិនបាននិយាយប្រាប់លោក Richard O’Halloran ថា លោកមិនអាចចាកចេញពីប្រទេសចិនបានទេ ដរាបណាមិនមានការប្រគល់ទឹកប្រាក់នេះទៅឱ្យក្រុមអ្នកវិនិយោគវិញ។ ស្ថានភាពនេះបានអូសបន្លាយអស់ពីរឆ្នាំមកហើយ។
ករណីធំមួយទៀត មានពាក់ព័ន្ធនឹងមហាក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei។
កាលពីពេលថ្មីៗនេះ លោក Yang Xu ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Huawei ប្រចាំប្រទេសអៀរឡង់ បានសរសេរលិខិតទៅលោក Simon Coveney រដ្ឋមន្ត្រីក្រសួងការពារប្រទេសអៀរឡង់ ដោយបានរិះគន់សាស្ត្រាចារ្យសាកលវិទ្យាល័យម្នាក់ដែលបានលើកឡើងនូវកង្វល់ខាងសន្តិសុខ ដែលឱ្យក្រុមហ៊ុនទូរគមនាគមន៍ចិននេះចូលវាយតម្លៃបណ្តាញ 5G របស់ប្រទេសអៀរឡង់។
កាលពីខែធ្នូ ឆ្នាំ ២០២០ លោក Richard Maher សាស្ត្រាចារ្យខាងនយោបាយនៅឯមហាវិទ្យាល័យ University College ក្នុងក្រុងឌុយប្លាំង (Dublin) បានបោះពុម្ពផ្សាយអត្ថបទមួយក្នុងទស្សនាវដ្តី Defense Forces Review មានចំណងជើងថា «5G និងបញ្ហាក្រុមហ៊ុន Huawei ក្នុងប្រទេសអៀរឡង់»។
លោកបានសរសេរថា ក្រុមហ៊ុន Huawei មាន «ចំណងទាក់ទងលាក់កំបាំង» ជាមួយរដ្ឋាភិបាលចិនហើយជាលទ្ធផលការបើកឱ្យក្រុមហ៊ុននេះចូលក្នុងប្រព័ន្ធទូរសព្ទចល័ត 5G បង្កឱ្យមាន «ការប្រថុយប្រថានខាងសន្តិសុខធ្ងន់ធ្ងរនិងមិនអាចគ្រប់គ្រងបាន»។
លោក Yang Xu បាននិយាយថា អត្ថបទនេះជា «ការវាយប្រហារយ៉ាងខ្លាំងហើយខុសទាំងស្រុងទៅលើក្រុមហ៊ុន Huawei» ហើយបានសុំដល់រដ្ឋាភិបាល «ឱ្យផ្តល់ការគាំទ្រពេញលេញដើម្បីសម្រាលការខូចខាតដែលបានកើតឡើង»។
លោក Richard Maher បានមានប្រសាសន៍ថា សេចក្តីសម្រេចរបស់ក្រុមហ៊ុន Huawei ក្នុងការឡើងទៅដល់ថ្នាក់ខ្ពស់បំផុតរបស់រដ្ឋាភិបាលអៀរឡង់ ដើម្បីរិះគន់អត្ថបទលោកជារឿងមិនប្រក្រតី។
លោក Maher បាននិយាយប្រាប់វីអូអេថា៖ «ប្រតិកម្មរបស់ចិនចំពោះអត្ថបទនេះជាឧទាហរណ៍នៃគ្រោះថ្នាក់ ក្នុងការបញ្ចូលឧបករណ៍របស់ក្រុមហ៊ុនចិននេះ ក្នុងប្រព័ន្ធទូរសព្ទចល័ត 5G របស់ប្រទេសអៀរឡង់»។
លោក Niall Duggan ជាអ្នកបង្រៀននៅក្នុងដេប៉ាតឺម៉ង់ផ្នែកវិជ្ជារដ្ឋាភិបាលនិងនយោបាយ នៅឯសាកលវិទ្យាល័យ University College Cork។ លោកបាននិយាយប្រាប់វីអូអេថា ឧប្បត្តិហេតុកាលពីពេលថ្មីៗនេះ កំណត់ពីការ «ការបញ្ចប់នូវគំនិតសន្មតឆោតល្ងង់ ដែលថាក្រុមហ៊ុននិងបុគ្គលអៀរឡង់ គ្មានរងផលប៉ះពាល់ ដោយសារបញ្ហាជាមូលដ្ឋាននៅក្នុងប្រទេសចិនស្តីពីសេរីភាពខាងនយោបាយនិងខាងផ្លូវច្បាប់ទេនោះ»។
ការកាត់បន្ថយការពឹងពាក់លើប្រទេសចិន
ប្រទេសអៀរឡង់ប្រឈមនឹងទ្វេគ្រោះដូចបស្ចិមប្រទេសជាច្រើន ដែលកាន់លទ្ធិប្រជាធិបតេយ្យដែរ។ ប្រទេសនេះពឹងពាក់លើទីផ្សារអ្នកប្រើប្រាស់ដ៏ធំធេងនៃប្រទេសចិន ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ផងខ្លួន។ ម្យ៉ាងវិញទៀត ប្រទេសនេះត្រូវរំខានខ្លាំងឡើងៗ ដោយអាកប្បកិរិយាគឃ្លើនរបស់ប្រទេសចិន នៅលើឆាកអន្តរជាតិ។
ជាការពិត ប្រទេសអៀរឡង់ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមានផលចំណេញលើសក្នុងពាណិជ្ជកម្មជាមួយប្រទេសចិន។ កាលពីឆ្នាំ ២០២០ ចំនួនលើសខាងពាណិជ្ជកម្មរបស់អៀរឡង់លើប្រទេសចិនមានប្រមាណ ៤.៣៥០ លានអឺរ៉ូ ឬ ៥.២០០ លានដុល្លារ។
ទិន្នន័យពីការិយាល័យស្ថិតិកណ្តាលនៃប្រទេសអៀរឡង់ ឬ CSO បានបង្ហាញថា ក្នុងឆ្នាំ ២០២០ ការដឹកជញ្ជូនទំនិញចូលនិងចេញនៃប្រទេសអៀរឡង់ជាមួយប្រទេសចិន មានអត្រាកំណើនតួលេខពីរខ្ទង់។
លោក Niall Duggan នៃសាកលវិទ្យាល័យ University College Cork ហៅកាត់ថា UCC បានចង្អុលបង្ហាញថា ដោយសារប្រទេសអៀរឡង់មានទំហំតូច ទើបគោលនយោបាយការបរទេសរបស់ប្រទេសនេះ មានការប្រទាំងប្រទើសជាមួយចិន តិចជាងបស្ចិមប្រទេសភាគច្រើន។ ប្រទេសអៀរឡង់មានទំនោរពឹងពាក់លើទំនាក់ទំនងរវាងបុគ្គល ជាជាងការទូតដោយធ្វើសេចក្តីថ្លែងការណ៍ខ្លាំងក្លាបែបគំរាមកំហែង ដើម្បីធ្វើឱ្យប្រទេសមួយទៀតធ្វើកិច្ចការឱ្យបានសម្រេចគោលដៅខាងការទូតរបស់ផងខ្លួន។
លោក Duggan បាននិយាយប្រាប់វីអូអេថា៖ «ការឆ្លើយតបដែលមេដឹកនាំអៀរឡង់ទំនងនឹងធ្វើនោះ គឺថា ពួកគេនឹងបង្កើនគោលនយោបាយរបស់ពួកគេ ដើម្បីខិតខំបញ្ចៀសពីការពឹងពាក់ខ្លាំងពេកលើប្រទេសចិន ក្នុងវិស័យណាមួយ។ ដូច្នេះលោកអ្នកប្រហែលនឹងឃើញរដ្ឋាភិបាលលើកទឹកចិត្តក្រុមហ៊ុនច្រើនថែមទៀត ឱ្យចូលរួមក្នុងវិស័យផ្សេងៗ ដូចជាបណ្តាញ 5G ដើម្បីកាត់បន្ថយឥទ្ធិពលរបស់ក្រមហ៊ុននានា ដូចជាក្រុមហ៊ុន Huawei ជាដើម»។
ជាការពិត ប្រទេសអៀរឡង់បាននិយាយខ្លាំងជាងមុននៅលើឆាកអន្តរជាតិអំពីប្រវត្តិកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិន។ ប្រទេសអៀរឡង់ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣៩ ដែលបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីខែតុលា ឆ្នាំ ២០២០ នៅឯអង្គការសហប្រជាជាតិ ថ្កោលទោសប្រទេសចិនអំពីការរំលោភរបស់ចិនលើសិទ្ធិមនុស្សប្រឆាំងនឹងក្រុមជនអំបូរ Uighur កាន់សាសនាឥស្លាម និងការបង្ក្រាបដោយអាជ្ញាធរចិនលើស្វ័យភាពនៃដែនដីហុងកុងផងដែរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ