ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ថា ប្លុកខ្លួន​គួរ​គាំទ្រ​ប្រទេស​ជិត​ខាង​អាហ្វហ្គានីស្ថាន​


រូបឯកសារ៖ លោក Josep Borrell ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​ថ្លែង​សន្និសិត​​រួម​មួយ​ ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កិច្ចការ​បរទេស​នៅ​ឯ​ស្នាក់ការ​កណ្តាល​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២១។ (AFP)
រូបឯកសារ៖ លោក Josep Borrell ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​ថ្លែង​សន្និសិត​​រួម​មួយ​ ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កិច្ចការ​បរទេស​នៅ​ឯ​ស្នាក់ការ​កណ្តាល​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២១។ (AFP)

សហភាព​អឺរ៉ុប​គួរតែផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ជិត​ខាង​អាហ្វហ្គានីស្ថាន​ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ចាត់​ចែងក្រុម​ជន​ភៀស​ខ្លួន​ដែល​បាន​រត់គេចពីក្រុម​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​វិល​ត្រឡប់​មក​កាន់​អំណាច​ជា​ថ្មី​ម្តង​ទៀតនៅ​ក្នុង​រដ្ឋធានី​កាប៊ុល របស់​ក្រុមឥស្លាមប្រកាន់​គោល​នយោបាយ​តឹងរ៉ឹង​កាល​ពី​ថ្ងៃ​ទី​១៥ សីហា កន្លង​ទៅ​ បានធ្វើ​ឲ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ជា​ច្រើន​ មាន​ភាព​មិន​ច្បាស់​លាស់​ពី​អនាគត​របស់​ខ្លួន​ និង​មាន​ការ​បារម្ភ​ថា​ ​មនុស្ស​រាប់​រាប់​លាន​នាក់​ អាច​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ជិត​ខាង​អាហ្វហ្គានីស្ថាន​និង​ប្រទេស​ផ្សេង​ទៀត​ក្នុងទ្វីប​អឺរ៉ុប​ផង​ដែរ។

លោក Josep Borrell បាន​ប្រាប់​សារព័ត៌មាន Corriere Della Seraរបស់​អ៊ីតាលីថា «យើង​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ប្រទេស​ជិត​ខាងអាហ្វហ្គានីស្ថាន​ដើម្បី​ដោះស្រាយ​នូវ​បញ្ហាទាក់​ទង​ជាមួយ​ប្រទេស​នេះ។ យើង​ត្រូវ​ជួយ​ពួកគេជា​មួយ​នឹង​រលក​ទី​មួយ​នៃ​ជន​ភៀស​ខ្លួន» ។

លោក​បន្ត​ទៀត​ថា «ប្រទេស​ជិត​ខាង​អាហ្វហ្គានីស្ថាន នឹង​រង​ផល​ប៉ះពាល់​ច្រើន​មុន​ប្រទេស​នានា​ក្នុង​ទ្វីបអឺរ៉ុប។ ដូច​នេះ​ វា​មាន​ន័យ​ថា យើង​ត្រូវតែ​ជួយ​ប្រទេស​ទាំង​នោះ ដោយ​ការផ្តល់ថវិកា ដូច​ដែល​យើង​បាន​ធ្វើ​ជា​មួយ​ប្រទេស​តួកគី​អញ្ជឹង​ដែរ។
កាល​ពី​ឆ្នាំ​២០១៦ ប្រទេស​តួកគី​បានធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយសហភាព​អឺរ៉ុប​ដើម្បីទប់​ស្កាត់​ការហូរ​ចូល​ជន​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​នានា​ក្នុង​ទ្វីប​អឺរ៉ុប ដោយ​ទទួល​បាននូវរង្វាន់​លើក​ទឹក​ចិត្ត​មួយ​ចំនួន​ ដែល​ក្នុង​នោះ​ក៏​មានជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ។

លោក Borrellថ្លែង​ថា វិបត្តិ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​កើតឡើង​ដោយ​សារការ​ដក​កង​ទ័ព​ចេញ​ពី​ប្រទេស​នេះនោះ​ បាន​បង្ហាញ​នូវ​ភាព​ចាំបាច់​ ដល់​សហភាព​អឺរ៉ុប ក្នុង​ការ​មានសមត្ថភាពកង​កម្លាំង​យោធា​របស់​ខ្លួន​ផ្ទាល់។

លោក​ថា «សហភាព​អឺរ៉ុប ត្រូវមាន​លទ្ធភាព​ក្នុង​ការធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​ នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​ មិន​ចង់​ចូល​រួម​ពាក់​ព័ន្ធ​នោះ»៕

XS
SM
MD
LG