ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោកស្រី Jill Biden ដែលជាភរិយារបស់លោក បានជួបជាមួយក្រុមគ្រួសាររបស់ទាហានអាមេរិកាំង ១៣ នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅជិតអាកាសយានដ្ឋានទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីសប្តាហ៍មុន។ នៅក្នុងការបំផ្ទុះនោះ យ៉ាងហោចណាស់មានពលរដ្ឋអាហ្វហ្គានីស្ថាន ១៧០ នាក់ត្រូវបានសម្លាប់ផងដែរ។
ទាហានអាមេរិកាំងទាំង ១៣ នាក់នោះមានអាយុចន្លោះពី ២០ ទៅ ៣១ ឆ្នាំ ដែលក្នុងនោះមាន ៥ នាក់ មានអាយុទើបតែ ២០ ឆ្នាំប៉ុណ្ណោះ។ ក្រុមគ្រួសាររបស់ពួកគេបានជួបជាមួយលោកប្រធានាធិបតី Bidenនៅឯមូលដ្ឋានទ័ពអាកាស Dover ក្នុងរដ្ឋ Delaware ដែលជាកន្លែងដែលពួកគេបានចូលរួមក្នុង «ពិធីកិត្តិយសទទួលសព» ដែលជាពិធីបែបយោធាទទួលសពអ្នកដែលត្រូវបានសម្លាប់នៅក្នុងសមរភូមិនៅបរទេស។
សេតវិមានបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅមុននោះថា៖ «លោកប្រធានាធិបតីនិងភរិយានឹងជួបជាមួយក្រុមគ្រួសារនៃទាហានអាមេរិកាំងដែលបានលះបង់ជីវិតនៅក្នុងការជួយសង្គ្រោះពលរដ្ឋអាមេរិកាំង ដៃគូរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាននៅក្នុងទីក្រុងកាប៊ុល»។
ការវាយប្រហារដ៏ប្រល័យកាលពីសប្តាហ៍មុននេះបានកើតឡើង នៅពេលដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅអាកាសយានដ្ឋានដើម្បីព្យាយាមចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់ប្រទេសនេះ។ ក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅអាហ្វហ្គានីស្ថានបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕