រដ្ឋាភិបាលវិមានក្រឹមឡាំង កាលពីថ្ងៃចន្ទបានស្វាគមន៍សំណើរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ឲ្យបង្កើត«តំបន់សុវត្ថិភាព»នៅក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានដើម្បីការពារកិច្ចប្រតិបត្តិការមនុស្សធម៌។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «នេះជាសំណើប្រាកដប្រជាមួយដែលត្រូវតែពិភាក្សាគ្នា»។
លោកបាននិយាយទៀតថា៖ វាមាន«សារៈសំខាន់ណាស់»ដើម្បីពិភាក្សាគ្រប់ទិដ្ឋភាពទាំងអស់នៃតំបន់បែបនេះ។
ប្រធានាធិបតីបារាំងលោក Macron បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសបារាំងនិងចក្រភពអង់គ្លេស ជំរុញឲ្យអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទធ្វើការដើម្បីបង្កើតតំបន់សន្តិសុខនេះដើម្បី«អនុញ្ញាតឲ្យការងារមនុស្សធម៌អាចបន្ត»។
លោកប្រធានាធិបតីបារាំងបាននិយាយទៀតថា តំបន់សុវត្ថិភាពបែបនេះ នឹងអនុញ្ញាតឲ្យសហគមន៍អន្តរជាតិ«រក្សាការគាបសង្កត់លើក្រុមតាលីបង់»ដែលបានកាន់កាប់អំណាចនៅដើមខែនេះ។
ការថ្លែងរបស់លោកប្រធានាធិបតី Macron កើតមានឡើងនៅពេលដែលការខំប្រឹងប្រែងរបស់អន្តរជាតិដើម្បីដឹកជញ្ជូនតាមអាកាសនូវពលរដ្ឋបរទេសនិងអាហ្វហ្គានីស្ថានដែលងាយរងគ្រោះនោះ បានមកដល់ទីបញ្ចប់ហើយ។
បារាំងបានបញ្ចប់កិច្ចខំប្រឹងប្រែងនៃការជម្លៀសរបស់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ចំណែកចក្រភពអង់គ្លេស បានបញ្ចប់កិច្ចប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយសហរដ្ឋអាមេរិកមានគម្រោងបញ្ចប់ការខំប្រឹងប្រែងកិច្ចប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអង្គារនេះ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានថា ពួកជនសកម្មប្រយុទ្ធ អាចប្រើស្ថាន ភាពដែលអស្ថិរភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដើម្បីចូលក្នុងបណ្តាប្រទេសជិតខាងនៅក្រោមហេតុផលនៃការស្វះស្វែងសុំសិទ្ធិជ្រកកោន៕