សំណើមួយរបស់សហភាពអឺរ៉ុបដែលសុំឱ្យសមាជិកទាំង២៨របស់ផងខ្លួនទទួលយកឱ្យបានស្មើគ្នាជាងមុននូវបន្ទុកវិបត្តិជនចំណាកស្រុកដែលកាន់តែកើនឡើងខ្លាំងជាងមុននៅក្នុងទ្វីបអឺរ៉ុបកំពុងជួបប្រទះការជំទាស់ ទោះណាជាមានការគាំទ្រកាលពីថ្ងៃសុក្រដោយអ.ស.ប.ក៏ដោយ។
នៅក្នុងការប្រជុំមួយកាលពីថ្ងៃសុក្រនៅក្នុងក្រុងប្រាក (Prague) អស់លោករដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រី (Hungary) សាធារណរដ្ឋឆែក ប្រទេសប៉ូឡូញនិងប្រទេសស្លូវ៉ាគី បានប្រកែកមិនព្រមធ្វើតាមការសុំដោយអង្វរដោយពួកសមភាគីរបស់ពួកគេមកពីប្រទេសអាល្លឺម៉ង់ និងប្រទេសលុចសំបួ (Luxembourg) ដែលមានធនធានច្រើន ហើយបានសុំឱ្យប្រទេសពួកគេយល់ព្រមតាមចំនួនកម្រិតជាចាំបាច់នៅក្នុងផែនការរបស់សហភាពអឺរ៉ុបសម្រាប់បែងចែកពួកជនទេសន្តរប្រវេសន៍១៦០.០០០នាក់ នៅក្នុងចំណោមពួកប្រទេសជាសមាជិកទាំងអស់។
លោករដ្ឋមន្ត្រីការបរទេសឆែក Lubomir Zaoralek ដែលជាម្ចាស់ផ្ទះចាត់ចែងការប្រជុំនេះបាននិយាយថា «យើងត្រូវការឱ្យមានការត្រួតពិនិត្យអំពីចំនួនជនចំណាកស្រុកប៉ុន្មាននាក់ដែលយើងអាចទទួលយកបាន»។
លោក Frank-Walter Steinmeier រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាល្លឺម៉ង់បានសុំឱ្យមានរបៀបដោះស្រាយរួមគ្នាមួយដល់វិបត្តិជនភៀសខ្លួនដ៏ធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ដែលអាចជា «បញ្ហាធំបំផុតសម្រាប់សហភាពអឺរ៉ុបនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន»៕