អ្នកកាន់អំណាចនៅតំបន់ឈូងសមុទ្រពែកកំពុងស្ថិតនៅក្រោមការរិះគន់ខុសធម្មតាមួយពីបណ្តាញផ្សាយព័ត៌មានក្នុងតំបន់ចំពោះការមិនបានធ្វើឲ្យគ្រប់គ្រាន់ថែមទៀតដើម្បីជួយដោះស្រាយវិបត្តិជនភៀសខ្លួននៅតំបន់មជ្ឈឹមបូពាហើយនិងការមិនទទួលជនជាតិស៊ីរីដែលកំពុងគេចខ្លួនពីប្រទេសរបស់ខ្លួនដែលបានបំផ្លិចបំផ្លាញដោយសង្គ្រាម។
ការរិះគន់ភាគច្រើនកើតចេញពីបណ្តាញផ្សាយព័ត៌មានដែលមិនមែនកាន់កាប់ដោយរដ្ឋ។ កាសែត Gulf Times ផ្សាយជាភាសាអង់គ្លេសរបស់ប្រទេសកាតា (Qatar) មានភាពលេចធ្លោជាងគេ។
កាសែតនោះបានកត់សម្គាល់ថា លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់ដែលត្រូវបានដាក់រហ័សនាមថា Mama Merkel ដោយជនភៀសខ្លួនស៊ីរីចំពោះការសម្រេចរបស់លោកស្រីទទួលយកជនភៀសខ្លួនយ៉ាងច្រើនចូលក្នុងប្រទេសអាល្លឺម៉ង់ជាងប្រទេសផ្សេងទៀត។
ហើយកាលពីសប្តាហ៍មុន កាសែតនោះបានស្តីបន្ទោសប្រទេសអ្នកមាននៅឈូងសមុទ្រពែកដែលមិនបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីវិបត្តិនោះ និងមិនបង្កើតយុទ្ធសាស្រ្តដើម្បីជួយជនចំណាកស្រុកដែលជាអ្នកកាន់សាសនាអ៊ីស្លាមដ៏ច្រើនលើសលប់នោះ។
កាសែតនោះបានចោទប្រកាន់មេដឹកនាំនៅក្នុងតំបន់ចំពោះការបានបង្ហាញគំនិតស្រដៀងគ្នាដល់វិបត្តិជនភៀសខ្លួននេះ។
គ្មានជនភៀសខ្លួនស៊ីរីណាម្នាក់បានតាំងទីលំនៅស្របច្បាប់នៅរដ្ឋនៅឈូងសមុទ្រពែក ដូចជាប្រទេសកូវ៉ែត (Kuwait) បារ៉ែន (Bahrain) ហើយនិងប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) ទេ ទោះបីក្រុមមន្រ្តីក្នុងតំបន់ឈូងសមុទ្រពែកនិយាយថា ជនជាតិស៊ីរីខ្លះបានចូលក្នុងប្រទេសរបស់ខ្លួនតាមរយៈទិដ្ឋាការទេសចរណ៍ហើយបានស្នាក់នៅទីនោះក៏ដោយ។ ក្រុមអង្គការសិទ្ធិមនុស្សបានចង្អុលបង្ហាញថា អ្នកដែលអនុញ្ញាតឲ្យស្ថិតនៅក្នុងប្រទេសទាំងនោះគឺអ្នកដែលមកពីក្រុមគ្រួសារមានប្រាក់ និងមានអំណាច៕