សភាសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃព្រហស្បតិ៍នេះ ដោយនៅក្នុងសេចក្តីសម្រេចចិត្តនោះ សភាសហភាពអឺរ៉ុបបានលើកឡើងពីក្តីបារម្ភយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសដែលកំពុងរងឥទ្ធិពលពីប្រទេសចិននេះ កែលម្អជាបន្ទាន់នូវស្ថានការណ៍អាក្រក់ៗកន្លងមក ឲ្យទៅរកភាពដើមវិញ ដើម្បីទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មបន្តទៀត។ នេះបើយោងតាមសចក្តីសម្រេចចិត្តរបស់សភាសហភាពអឺរ៉ុបដែលបានចេញផ្សាយលើគេហទំព័ររបស់ខ្លួននាពេលថ្មីៗនេះ។
ការអនុម័តលើសេចក្តីសម្រេចចិត្តកាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅសភាសហភាពអឺរ៉ុបធ្វើឡើងភ្លាមៗ ដោយមិនបង្អែបង្អង់យូរ បន្ទាប់ពីក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិកធ្វើការពិភាក្សារកវិធានការបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ ក្រោមបញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ភា្ញក់រឭក ហើយកែប្រែស្ថានការណ៍នយោបាយឱ្យប្រសើរឡើងវិញ ក្រោយការបង្រ្កាបលើអង្គការសង្គមស៊ីវិល ការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ការបង្ក្រាបដែលមិនធ្លាប់មានពីមុនមកលើបណ្តាញសារព័ត៌មានឯករាជ្យក្នុងប្រទេស និងចុងក្រោយនេះគឺការរំលាយគណបក្សសង្គ្រោះជាតិដែលមានសំឡេងប្រជាពលរដ្ឋគាំទ្រជាង៤០ភាគរយ នាពេលបោះឆ្នោតកន្លងមក។
សភាសហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ បានបោះឆ្នោតទទួលយកការពិចារណាលើការព្យួរទុកកម្មវិធីអនុគ្រោះពាណិជ្ជកម្ម ដែលមានឈ្មោះថា Everything but Arms មានន័យថា «អនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA ដើម្បីឆ្លើយតបទៅនឹងការប្រព្រឹត្តអាក្រក់ឡើងវិញនៃរបបផ្តាច់ការនៅកម្ពុជា។
ជំហានរបស់សហភាពអឺរ៉ុបបែបនេះអាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ដែលបានលក់ទំនិញនាំចេញប្រហែលពាក់កណ្តាលទៅសហគមន៍អឺរ៉ុប ហើយភាគច្រើនជាសម្លៀកបំពាក់ និងស្បែកជើង ជាផ្នែកមួយនៃឧស្សហកម្មដែលបានផ្តល់ការងារដល់ពលរដ្ឋប្រមាណ៧០០០០០នាក់នៅប្រទេសកម្ពុជា។
សេចក្តីសម្រេចចិត្ត ដែលនិយាយពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មនេះបានឲ្យដឹងក្នុងន័យដើមថា៖
«ប្រសិនបើប្រទេសកម្ពុជាកំពុងធ្វើសកម្មភាពដោយបំពានលើកាតព្វកិច្ចទាំងឡាយរបស់ខ្លួននៅក្រោមបទបញ្ញត្តិរបស់កម្មវិធី EBA នេះ ការអនុគ្រោះពន្ធដែលកម្ពុជាកំពុងទទួលបាននាពេលបច្ចុប្បន្នត្រូវតែដកចេញវិញជាបណ្តោះអាសន្ន»។
តំណាងរាស្ត្រសភាសហភាពអឺរ៉ុប លោក Charles Tannock បានប្រាប់អង្គសភាថា ការរំលាយគណបក្សសង្គ្រោះជាតិ និងការឃុំខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់នេះ គឺជាការវាយបំបែកលទ្ធិប្រជាធិបតេយ្យឲ្យបែកខ្ចាត់ខ្ចាយ និងជាជំហានដដែលៗរបស់ជនផ្តាច់ការទូទៅ។
លោកបានថ្លែងក្នុងសភាសហភាពអឺរ៉ុបតាមន័យដើមថា៖
«ប្រជាជនកម្ពុជា ក្រោយពីរបបខ្មែរក្រហមនាសតវត្សរ៍ចុងក្រោយនេះ សមនឹងទទួលបានលទ្ធិប្រជាធិបតេយ្យ។ ពួកគេសមនឹងទទួលបានអ្វីដែលធ្វើឲ្យពួកគេបានប្រសើរឡើង»។
ក្រោយការរំលាយគណបក្សប្រឆាំង មានប្រតិកម្មធ្ងន់ៗជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយបានប្រកាសកាត់ផ្តាច់ជំនួយសម្រាប់ការបោះឆ្នោតឆ្នាំទៅមុខទៀត ខណៈដែលរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោនបានដាក់មន្ត្រីកម្ពុជារាប់សិបនាក់ឲ្យស្ថិតក្នុងបញ្ជីបិទទិដ្ឋាការ។
ក្នុងការប្រជុំពេញអង្គធ្វើឡើងនៅសភាសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍នោះ តំណាងរាស្ត្រសហភាពអឺរ៉ុបបានបោះឆ្នោតអនុម័តលើការស្នើឲ្យស្ថាប័នពាក់ព័ន្ធរៀបចំបញ្ជីឈ្មោះបុគ្គលទាំងឡាយណាដែលមានការទទួលខុសត្រូវចំពោះការរំលាយគណបក្សសង្គ្រោះជាតិ និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងទៀត ដើម្បីឲ្យបុគ្គលទាំងនោះប្រឈមនឹងការរឹតបន្តឹងលើទិដ្ឋាការ និងការបង្កកទុកទ្រព្យសម្បត្តិតាមដែលអាចធ្វើទៅបាន។
ក៏ប៉ុន្តែនៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអកដល់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងក្រុមគណបក្សប្រឆាំងថា អាមេរិក និងអឺរ៉ុបមិនអាចគាបសង្កត់រដ្ឋាភិបាលលោកឲ្យធ្វើអ្វីតាមតែអំពើចិត្តបានឡើយ។ លោកថែមទាំងបានថ្លែងទាត់ចោលនូវផែនការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតនានាមកលើក្រុមមេដឹកនាំ និងក្រុមមន្ត្រីកម្ពុជាទៀតផង។
ថ្លែងនៅក្នុងពិធីជួបជុំក្រុមកីឡាករ កីឡាការិនីនៅរាជធានីភ្នំពេញ លោក ហ៊ុន សែនលើកឡើងថា ប្រទេសធំៗមិនអាចប្រើឥទ្ធិពលរបស់ខ្លួនមកបង្ខំឲ្យប្រទេសតូចតាចធ្វើអ្វីតាមខ្លួនចង់បាននោះឡើយ ព្រោះប្រទេសតូចៗមានសិទ្ធិការពារឯករាជ្យភាពរបស់ខ្លួន។ លោកថា វិស័យឯកជនក្រៅប្រទេស ក៏នឹងមិនធ្វើតាមការស្នើរបស់រដ្ឋាភិបាលផងខ្លួនឲ្យឈប់ទិញទំនិញពីកម្ពុជាផងដែរ។
«វិធានការទណ្ឌកម្ម តាមសំណូមពររបស់អ្នក មិនមែនអ្នកណាក៏ចេះតែធ្វើទេ។ កុងត្រា កិច្ចសន្យានៃការបញ្ជាទិញទំនិញពីស្រុកខ្មែរ គេបានចុះហត្ថលេខារួចហើយ។ សួរថា តើវិស័យឯកជន គេព្រមធ្វើតាមទេ? ត្រូវសងគេងាប់នៅទីនេះ ត្រូវសងគេងាប់នៅនេះ»។
ទាក់ទិននឹងការបោះឆ្នោតរបស់សភាសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បានថ្លែងដល់របាយការណ៍របស់កាសែតភ្នំពេញប៉ុស្តិ៍ថា សភាសហភាពអឺរ៉ុបបានចេញសម្រេចចិត្តស្រដៀងៗគ្នានេះ ប្រាំដងមកហើយ គិតចាប់តាំងពីឆ្នាំ២០១៤ តែមិនដែលមានឥទ្ធិពលលើរដ្ឋាភិបាលរបស់ប្រទេសអឺរ៉ុបចំនួន២៨ប្រទេស ដែលត្រូវការសំឡេងជាឯកច្ឆន្ទធ្វើការសម្រេចចិត្តលើកិច្ចការណាមួយដែលពាក់ព័ន្ធនឹងកិច្ចការបរទេស។
«សភាអឺរ៉ុបតាំងចិត្ត សូម្បីតែអាភ្នំពេញប៉ុស្តិ៍ហ្នឹង វាក៏ចុះផ្សាយព្រឹកនេះ តាំងពីឆ្នាំ២០១៤មកដល់ឥឡូវនេះ វាចេញសេចក្តីសម្រេចដល់ប្រាំដង លើបញ្ហាខ្មែរ ប៉ុន្តែសួរថា រដ្ឋាភិបាលអឺរ៉ុប វាអនុវត្តទេ? ហើយម្យ៉ាងទៀតអឺរ៉ុបវាត្រូវមាន Consensus [មតិរួម] របស់វា»។
សម្រាប់ការគំរាមបង្កកទ្រព្យសម្បត្តិដែលជាការស្នើរបស់សភាសហភាពអឺរ៉ុបនោះ លោក ហ៊ុន សែន ដែលតាមរបាយការណ៍របស់អង្គការ Global Witness បានរកឃើញថា ក្រុមគ្រួសារលោកមានទ្រព្យសម្បតិ្តស្មើនឹងទឹកប្រាក់ជាង២០០លានដុល្លារនោះ បានអះអាងថា លោកលើកទឹកចិត្តឲ្យមានការបង្កកទ្រព្យសម្បត្តិនេះមកលើរូបលោកផ្ទាល់ និងក្រុមមន្ត្រីរបស់លោក។ លោកបានបញ្ជាក់ថា លោកគ្មានលុយផ្ញើនៅបរទេសទេ ហើយទ្រព្យសម្បត្តិដែលលោកមានគឺសាលារៀន វត្តអារាម ស្រះទឹក និងប្រឡាយទឹកជាច្រើននៅក្នុងប្រទេស។
លោក ហ៊ុន សែន ថ្លែងក្នុងន័យដើមថា៖
«សូមផ្តាំទៅ ខ្ញុំលើកទឹកចិត្តឲ្យអឺរ៉ុប និងអាមេរិកបង្កកទ្រព្យសម្បតិ្តរបស់មេដឹកនាំកម្ពុជា។ ខ្ញុំលើកទឹកចិត្តថែម មិនចាំបាច់គំរាមទេ ធ្វើទៅ! អ្នកឯងពូកែ អ្នកឯងធ្វើទៅ អ្នកឯងធ្វើទៅ»។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ Email នៅថ្ងៃសុក្រនេះថា គណៈកម្មការសហភាពអឺរ៉ុប និងគណៈកម្មការសេវាកិច្ចការបរទេសរបស់អឺរ៉ុប នឹងធ្វើការពិចារណាល្អិតល្អន់ទៅលើអនុសាសន៍ទាំងឡាយ ដែលបានលើកឡើងនៅក្នុងសេចក្តីសម្រេចរបស់សភាសហភាពអឺរ៉ុប តែលោកមិនអាចធ្វើការអធិប្បាយបន្ថែមបានទេ ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុបដែលនឹងត្រូវធ្វើបន្ថែមក្រោយលទ្ធផលនៃការប្រជុំសភា។
ក្រុមមេដឹកនាំសហជីពនៅប្រទេសកម្ពុជាបានសម្តែងក្តីបារម្ភចំពោះវិធានការជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយសារតែសហគមន៍អន្តជាតិទាំងពីរនេះជាទីផ្សារធំបំផុតសម្រាប់ទំនិញកាត់ដេររបស់កម្ពុជា។
លោក អាត់ ធន់ ប្រធានសភាពការងារកម្ពុជា បានប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា៖
«នៅអឺរ៉ុបវាមានរបាំងពីរបីពាក់ព័ន្ធអ្នកពាណិជ្ជកម្ម ពាក់ព័ន្ធសភា និងរដ្ឋាភិបាលអឺរ៉ុបហ្នឹង ហើយឥឡូវហ្នឹងគឺថា បើសិនជាសភាបានសម្រេចហើយ បានន័យថា នៅតែរបាំងរដ្ឋាភិបាលអឺរ៉ុបមួយទៀតទេ ព្រោះស្ថាប័នរដ្ឋាភិបាលអឺរ៉ុបសម្រេចមានន័យថា រឿងហ្នឹងមែនហើយ។ អីចឹងបើសិនជាអីចឹងមែន គឺយើងមានការបារម្ភ ព្រោះយើងដឹងហើយថា ទំនិញភាគច្រើននាំចូលអឺរ៉ុប ហើយកម្មករយើងបានការធ្វើភាគច្រើន ក៏នៅពីអឺរ៉ុបហ្នឹងដែរ»។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាហៅកាត់ថា (CCW) យល់ថា រឿងរ៉ាវដែលបានកើតឡើងកន្លងមកគឺមានជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ ដែលមានតែអ្នកនយោបាយទេ ដែលអាចបញ្ចប់រឿងនេះបាន ហើយឈានដល់ការបញ្ចប់នូវហានិភ័យផ្សេងៗដែលអាចកើតមានចំពោះក្រុមកម្មករ។
«អីចឹងអ្នកនយោបាយទាំងអស់ត្រូវតែទទួលខុសត្រូវ ទាំងបក្សកាន់អំណាចក៏ដោយ ទាំងបក្សប្រឆាំងក៏ដោយ ព្រោះអីគាត់ បក្សទាំងពីរ គាត់ហ្នឹងជាអ្នក គេហៅថា ទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ។ ដូច្នេះទាំងអស់ហ្នឹង គាត់ទាំងអស់គ្នាហ្នឹងជាអ្នកទទួលខុសត្រូវ ពីព្រោះថា ក្នុងនាមយើងជាពលរដ្ឋ យើងអត់មានលទ្ធភាពអីទៅ ទៅធ្វើឲ្យមានបញ្ហាទាំងអស់ហ្នឹងទេ។ វាអត់មានទេ»។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានស្រូបយកទំនិញនាំចេញពីកម្ពុជាមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ខណៈដែលប្រទេសចិនមានការរីករាយនឹងពាណិជ្ជកម្មលើសពីតម្រូវការរបស់ខ្លួននៅក្នុងអាណាចក្រដ៏តូចមួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ វិនិយោគរបស់ប្រទេសចិនមកកម្ពុជាបានកើនឡើងជាង១ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ជាចំនួនដែលលើសលុបយ៉ាងសម្បើមលើប្រជាជាតិណាៗទាំងអស់ ខណៈដែលចិនបានផ្តល់ឲ្យកម្ពុជានូវទឹកប្រាក់រាប់រយលានដុល្លារជាជំនួយ និងជាប្រាក់កម្ចី ហើយជាង៦០ភាគរយនៃរោងចក្រកាត់ដេរនៅកម្ពុជាគឺជារបស់ជនជាតិចិន។
អត្ថបទបញ្ចេញមតិរបស់ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះថា Global Time ចេញផ្សាយកាលពីសប្តាហ៍មុន ដោយបានរិះគន់បស្ចិមប្រទេសធ្ងន់ៗថា «ធ្វើពុតត្បុតនិយាយពីលទ្ធិប្រជាធិបតេយ្យ» នៅពេលដែលហេតុផលពិតប្រាកដរបស់ពួកគេ នៅពីក្រោយរឿងនេះគឺដើម្បីការពារលុយរាប់ពាន់លានដុល្លារដែលពួកបានវិនិយោគនៅក្នុងប្រព័ន្ធនយោបាយដែលកំពុងអនុវត្តនៅកម្ពុជា។
នៅពេលដែលច្រានចោលការចោទប្រកាន់របស់ប្រទេសលោកខាងលិចអំពីវិនិយោគទុនរបស់ចិននៅកម្ពុជា ដែលស្មើនឹងអាណានិគមនិយមបែបថ្មីនោះ អត្ថបទដដែលនោះបានលើកឡើងក្តែងៗថា «វត្ថុបំណងចុងក្រោយដែលប្រទេសកម្ពុជាចង់បាននោះគឺបដិវត្តន៍ដែលវឹកវរ»។
ការបង្ក្រាបរបស់លោក ហ៊ុន សែន ដែលមានលក្ខណៈពន្យារពេលទៅលើអ្នកជំទាស់នឹងលោកនោះ ត្រូវបានធ្វើឡើងដោយផ្អែកលើហេតុផលនៃការចោទប្រកាន់ថា អ្នកជំទាស់ទាំងអស់នោះបានឃុបឃិតជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំលោកតាមបដិវត្តន៍ពណ៌។ លោកនាយករដ្ឋមន្ត្រីមិនបានផ្តល់នូវភស្តុតាងដែលគួរឲ្យជឿបានដើម្បីគាំទ្រលើសេចក្តីពណ៌នាអំពីការឃុបឃិតគ្នានេះទេ ហើយក្រុមអ្នកសង្កេតការណ៍បាននិយាយថា របបរបស់លោកបានវាយកម្ទេចចោលក្រុមប្រឆាំង នៅមុនការបោះឆ្នោតនាពេលខាងមុខនេះ ដោយសាររបបរបស់លោកមានការភ័យខ្លាចដោយសារគណបក្សសង្គ្រោះជាតិមានការគាំទ្រយ៉ាងខ្លាំងក្លាតាមសន្លឹកឆ្នោតនៃការបោះឆ្នោតពីរដងកន្លងមកនេះ ពោលគឺការបោះឆ្នោតជាតិឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។
យ៉ាងណាក៏ដោយ មិនមែនមានតែសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបទេដែលបានដាក់គំនាបសេដ្ឋកិច្ច និងការទូតលើរដ្ឋាភិបាលកម្ពុជានោះ។ ប្រទេសស៊ុយអែតក៏បានប្រកាសព្យួររាល់ជំនួយរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល លើកលែងតែជំនួយសម្រាប់ការអប់រំ និងការសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ៕
(រាយការណ៍បន្ថែមដោយលោក David Boyle)