ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​សហភាព​អឺរ៉ុប​នឹង​ពិភាក្សា​អំពី​វិធានការ​បន្ថែម​ដើម្បី​សា្តរ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា


រូបឯកសារ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចូលរួមឃោសនាបោះឆ្នោតឃុំសង្កាត់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចូលរួមឃោសនាបោះឆ្នោតឃុំសង្កាត់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។

សភា​សហភាព​អឺរ៉ុប​នឹង​ពិភាក្សា​ញត្តិ​រួម​ស្តីពី​សេចក្តី​សម្រេច​ចិត្ត​មួយ​ ​ដែល​ផ្តោត​ជា​សំខាន់​លើ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ និង​វិធាន​ការ​ផ្សេងៗ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ផ្លាស់​ប្តូរ​គោល​ជំហរ​របស់​ខ្លួន​ឡើង​វិញ​ ​និង​ធ្វើ​ឲ្យ​មាន​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជាឡើង​វិញ។​ ​នេះ​បើយោង​តាម​ការ​បញ្ជាក់ពីស្ថាន​បេសក​កម្ម​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​និង​ឯកសារ​សេចក្តី​សម្រេច​ចិត្ត​ព្រាង​ទុក​មួយ​របស់​សភា​សហ​ភាព​អឺរ៉ុប។​

លោក​ ​George Edgar​ ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​បាន​បញ្ជាក់​ ​VOA ​តាម​សារ​អេឡិច​ត្រូនិក​ ឬ​ Email​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​សេចក្តីស​ម្រេច​ចិត្ត​ព្រាងទុក​នេះ​នឹងត្រូវ​យក​ទៅពិភាក្សា​ដោយ​សភា​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​នេះ។​ ប៉ុន្តែ​លោក​បាន​សុំ​មិន​ផ្តល់​សេចក្តី​អធិប្បាយ​ទៅ​លើ​ពាក្យ​ពេចន៍ដែល​ត្រូវ​បាន​សរសេរ​ក្នុងសេចក្តី​សម្រេច​ចិត្ត​ព្រាង​ទុក ដែល​បាន​ដាក់​បញ្ចូលក្នុង​ញត្តិ​រួមមួយ​របស់សភា​សហភាពអឺរ៉ុប​នោះ​ទេ។

លោក​បាន​បញ្ជាក់​តាម​សារ​អេឡិចត្រូនិក​ ឬ​ Email​ ​ក្នុង​ន័យ​ដើម​ថា៖​

«នេះ​គឺ​ជាសេចក្តី​សម្រេច​ចិត្ត​ព្រាង​ទុក​មួយដែល​ខ្ញុំ​យល់​ថា​ នឹង​ត្រូវ​បាន​ពិភាក្សា​ដេញ​ដោល​ ដោយ​សភា​សហភាព​អឺរ៉ុប​នៅថ្ងៃនេះ។ វា​មិន​សមរម្យ​ទេ​សម្រាប់​ប្រតិភូ​ផ្តល់​ការ​អធិប្បាយ​ទៅលើ​ពាក្យ​ពេចន៍​ផ្សេងៗ​នៃ​សេចក្តី​សម្រេច​ចិត្ត​ព្រាង​ទុក​របស់​សភា​សហភាព​អឺរ៉ុប»។

ការ​ត្រៀមរៀបចំកិច្ច​ពិភាក្សា​របស់​សភា​សហភាព​អឺរ៉ុប​ស្តីពី​បញ្ហា​កម្ពុជា​នេះ​កើត​មាន​ឡើង​ ​បន្ទាប់​ពី​ក្រុម​សមាជិក​សភា​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ឆ្នាំ​២០១៧​ ​បានបើក​សវនាការ​សាធារណៈ​នៅ​ក្នុង​អនុ​គណៈ​កម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​បរ​ទេស​របស់​សភា​អាមេរិក​ ពិភាក្សា​អំពី​វិធាន​ការ​បន្ថែម​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ទីក្រុង​ភ្នំពេញទាញ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ឲ្យ​មក​រក​ស្ថានភាព​ដើម​ឡើង​វិញ។​ ​ការ​ព្រមាន​ធ្ងន់ៗ​ ​ដោយ​មាន​វិធាន​ការ​ផ្សេងៗ​ពី​ក្រុម​បស្ចឹម​ប្រទេស​គឺ​ឆ្លើយ​តប​នឹង​ការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​ ការ​បង្ក្រាប​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ​និង​សារ​ព័ត៌មាន​ឯករាជ្យ​ក្នុង​ស្រុក​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។​

ញត្តិ​រួមមួយ​របស់​សភា​សហភាព​អឺរ៉ុប​ ចុះ​ថ្ងៃ​ទី១៣​ខែ​ធ្នូ​ ស្តីពី​សេចក្តី​សម្រេច​ចិត្ត​ព្រាង​ទុក​ឲ្យ​ដឹង​ថា សភា​សហភាព​អឺរ៉ុប​បាន​សម្តែងក្តីសោក​ស្តាយ​ជាខ្លាំង​លើ​ការ​រំសាយ​ចោល​គណបក្ស​ប្រឆាំង​ និង​បរិយាកាស​អាក្រក់​ស​ម្រាប់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ សកម្ម​ជន​សិទ្ធិ​មនុស្ស​ ​សមាជិក​សង្គម​ស៊ីវិល ហើយ​បាន​សម្តែងការ​គាំទ្រ​ចំពោះ​ទស្សនៈ​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ដែល​បាន​ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ការ​ការ​ចោទ​ប្រកាន់​ស្រពេច​ស្រពិល​មួយ។​

រូបឯកសារ៖ ទិដ្ឋភាពនៃសភាអឺរ៉ុបនៅទីក្រុង ប៊្រុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
រូបឯកសារ៖ ទិដ្ឋភាពនៃសភាអឺរ៉ុបនៅទីក្រុង ប៊្រុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។

សេចក្តី​សម្រេច​ចិត្ដ​ ដែល​បាន​លើក​ឡើង​នូវ​ចំណុច​ជាច្រើន​នោះ​បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយករដ្ឋមន្ត្រីចាត់​វិធានការ​ដើម្បី​ស្តារ​ដំណើរការ​ប្រជា​ធិបតេយ្យឲ្យ​បាន​ដូច​ដើម​វិញ។

សភា​សហ​ភាព​អឺរ៉ុបក៏​បាន​ទាម​ទារ​ឲ្យរដ្ឋាភិបាល​កម្ពុជា​លុប​ចោល​រាល់​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​គណ​បក្ស​នយោបាយ​ និង​ច្បាប់បោះឆ្នោត​ដែល​បាន​រឹតត្បិត​សេរីភាព​ក្នុង​ការ​និយាយស្តី និង​សេរី​ភាព​នយោបាយ​ ហើយ​បានថ្កោល​ទោស​យ៉ាង​ខ្លាំងក្លា​ចំពោះការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ និង​សកម្ម​ជន​នយោបាយ​ផ្សេង​ទៀត។​ ​ សភា​សហភាព​អឺរ៉ុប​ទទូច​ឲ្យអាជ្ញាធរ​កម្ពុជា​ដកហូត​ចេញ​វិញ​ជា​បន្ទាន់​នូវ​ដីកាចាប់​ខ្លួន​ និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំងឡាយ​ប្រឆាំង​មេ​ដឹកនាំ​ប្រឆាំង​គឺលោក​សម​ រង្ស៊ី​ ក៏ដូច​ជា​ដោះលែង​លោក​កឹម​ សុខា​ ​ជាបន្ទាន់​ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ ហើយ​ទម្លាក់​ចោលរាល់បទ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​គាត់​ ​និង​ទម្លាក់​បទ​ចោទ​ប្រកាន់ផ្សេងៗ​ទៀត​ប្រឆាំង​នឹង​តំណាង​រាស្ត្រ​គណបក្សជំទាស់។

ក្នុង​សេចក្តីសម្រេច​ចិត្តព្រាង​ទុក​នោះ​ សភា​សហភាព​អឺរ៉ុប​បាន​លើកឡើង​ក្នុងន័យ​ដើមថា៖​

«ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​កាត់ជំនួយ​ដែលគាំទ្រ​ដល់​ការ​បោះឆ្នោត​ រហូតទាល់​តែ​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ស្រប​តាម​បទដ្ឋាន​អន្តរ​ជាតិ​ ដើម្បីធ្វើ​ឲ្យ​ជឿន​លឿន​នៃ​ប្រជា​ធិបតេយ្យ​ និង​ការ​ពារលំហ​របស់​សង្គម​ស៊ីវិល»។

​សភា​សហភាព​អឺរ៉ុប​ បាន​សង្កត់​ធ្ងន់​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​ ដែល​ជាតម្រូវ​ការ​អាទិភាព​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​បន្ត​ទទួល​បាន​ប្រយោជន៍​ពី​កម្ម​វិធី​ពាណិជ្ជ​កម្ម​ ដែល​គេស្គាល់​ថា​ ជា​កម្មវិធី​«អ្វីៗ​ទាំងអស់លើក​លែង​តែ​អាវុធ»។​ ​សភា​សហភាព​អឺរ៉ុប​ ក៏​បាន​ស្នើ​ឲ្យធ្វើ​ការ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​នៃ​កាតព្វកិច្ច​របស់​កម្ពុជា​ ដែលត្រូវធ្វើ​ដើម្បី​បន្ត​ទាញ​យក​ប្រយោជន៍ពី​កម្ម​វិធី​នេះ។​

ជាង​នេះទៅ​ទៀត​ សភា​សហភាព​អឺរ៉ុប​បាន​ស្នើ​ឲ្យ​ស្ថាបន​ពាក់​ព័ន្ធ​រៀប​ចំបញ្ជី​ឈ្មោះ​បុគ្គល​ទាំង​ឡាយ​ណា​ដែលមាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ ដើម្បី​ឲ្យបុគ្គល​ទាំង​នោះ​ប្រឈម​នឹង​ការ​រឹតបន្តឹង​លើ​ទិដ្ឋាការ​ និង​ការ​បង្កក​ទុកទ្រព្យ​សម្បត្តិ​តាម​ដែល​អាច​ធ្វើទៅ​បាន។ ​សភា​សហភាព​អឺរ៉ុប​បាន​ក្រើន​រម្លឹក​ឲ្យ​រដ្ឋា​ភិបាល​ឲ្យអនុវត្ត​កាតព្វកិច្ច​ និង​ការ​ប្តេជ្ញា​ចិត្ត​ទាំងឡាយ​របស់​ខ្លួន​ ទៅតាម​គោល​ការណ៍​ប្រជាធិប​តេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​ ដែល​ជាធាតុ​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ។​ សភា​សហភាព​អឺរ៉ុប​បាន​សម្តែងក្តី​បារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ​ចំពោះ​ភាព​ស្របច្បាប់​ និង​តម្លាភាព​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ ​បន្ទាប់​ពីការ​ចេញ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ដែលរំលាយ​ចោល​គណ​បក្ស​សង្គ្រោះ​ជាតិ។​

សភា​សហភាព​អឺរ៉ុប​បាន​សង្កត់​ធ្ងន់​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ដំណើរការ​បោះឆ្នោត​មួយ​ដែល​គណបក្ស​ប្រឆាំង​សំខាន់​ត្រូវ​បាន​ដក​ចេញតាម​អំពើចិត្ត​ នោះ​ ការ​បោះឆ្នោតនោះ​មិន​ស្រប​ច្បាប់​នោះទេ​ ហើយ​ការ​បោះឆ្នោត​ដែល​មាន​តម្លាភាព​ និង​មាន​លក្ខណៈ​ប្រកួត​ប្រជែង​គឺ​ជា​គន្លឹះ​នៃ​ការ​ធានា​បាន​នូវ​សន្តិភាព​ និងសិ្ថរភាព​ក្នុង​ប្រទេស​ និង​តំបន់​ទាំងមូល»។​

ជំហាន​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ពិនិត្យ​ឡើងវិញ​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជាបាន​កើត​ឡើងភ្លាមៗ ក្រោយ​សវនាការ​របស់​ក្រុម​សមាជិក​សភា​អាមរិក​ស្តីពី​វិធាន​ការ​បន្ថែម​ប្រឆាំង​នឹង​វិធានការ​របស់​របប​លោក​ ហ៊ុន​ សែន​ដែល​ធ្វើឲ្យ​ចុះ​ខ្សោយ​នៃ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ កាល​ពី​ថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ក្រុម​សមាជិក​សភាអាមេរិក​ ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ បាន​ចូលរួម​សវនាការ​របស់​អនុ​គណៈក​ម្មាធិការ​ទទួល​ប​ន្ទុក​កិច្ច​ការ​បរទេស​សភា​អាមេរិក​ ​ដោយ​បាន​ពណ៌នា​អំពី​ការ​វិវត្ត​ចុង​ក្រោយ​នៃ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​និង​ស្នើ​ឲ្យ​មាន​វិធាន​ការ​ចាំ​បាច់​បន្ថែម​ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជាវិក​មក​ធ្វើ​ប្រក្រតី​កម្ម​ឡើង​វិញ​នៃ​ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

តែ​ទោះ​បី​ជាយ៉ាង​ណាក៏​ដោយ​ចុះ​ ​លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រដ្ឋាភិបាល​បាន​សម្រេច​ថា​ នឹង​មិន​វិលថយ​ក្រោយ​ ហើយ​កែសម្រួល​អ្វីៗ​ដែល​បាន​ធ្វើឡើង​នោះ​ឡើយ​ ហើយ​ថា​ ទោះ​បីមាន​សម្ពាធ​បែប​ណាក្តី​ ​ក៏រដ្ឋា​ភិបាល​មិន​អាច​បន្ទន់​ជំហរ​ធ្វើ​តាម​បាន​ដែរ។​

«ខ្ញុំ​មិន​និយាយ​វែង​ទេ ​សុំនិយាយ​ខ្លី​ចុះ​ណ៎ា​ គឺថា ​ដំណើរការ​ទៅមុខរបស់​កម្ពុជា​គឺ​ទៅមុខ​ហើយ​ អត់​មាន​ដកថយ​ទេ​ ព្រោះអានេះ​ជា​ការ​គោរព​ត្រឹមត្រូវ​ទៅ​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ក្រប​ខណ្ឌ​ឯករាជ្យ​ភាព​ និង​អធិបតេយ្យ​ភាព​របស់​កម្ពុជា។ ការ​លើក​ឡើង​ជា​សំណើ​យ៉ាង​ណាក្តី​ ​ខ្ញុំ​យល់​ថា​ អានេះ​ហើយ​វា​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូល​លូក​ដៃ​ជ្រៀត​ជ្រែក​ចូលក្នុង​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ហើយ​ ដែលនោះ​ជា​ការ​រំលោភ​លើ​ឯករាជ្យ​ភាព​ និង​អធិបតេយ្យ​ភាព​របស់​កម្ពុជា​យ៉ាង​ពិតប្រាកដ​បាទ»។​

អ្នកនាំពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​រូបនេះ​ជឿថា​ រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​នឹង​ពិចារណា​ទៅលើ​វិធាន​ការ​ដែល​គេអាច​ធ្វើបាន​ ប្រសិន​បើ​សភា​សហភាព​អឺរ៉ុប​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ព្រាង​ទុក​នោះ។ ​លោក​ជឿថា​ ការ​អនុម័ត​របស់​សភា​សហភាព​អឺរ៉ុប​នឹង​មិន​មាន​ឥទ្ធិពល​ខ្លំាង​ក្លា​ដែល​ឈាន​ដល់​ការ​លុប​ចោល​ចំណុច​នានា ដែល​មាន​ទំនាក់​ទំនង​នឹង​ផល​ប្រយោជន៍​ពាណិជ្ជ​កម្ម​នោះ​ទេ។

«គ្រាន់​តែ​សភា​ធ្វើ​នោះ វាមិន​ទាន់​ដល់​ដៃ​ទេ​ មិនមែន​សភា​ជា​អ្នកឲ្យ​កំណត់​ថា​ លុប​នេះ​លុប​នោះ​ទេ។ អាហ្នឹង​គ្រាន់​តែ​ជា​បុគ្គល​ទេ។ ​ខ្ញុំពិនិត្យ​មើល​ឃើញថា​ គ្រាន់​តែជា​បុគ្គល​មួយ​ចំនួន​តែប៉ុណ្ណោះ​ទេ​ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា»។​

រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

​លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា យល់​ឃើញ​ស្រប​គ្នា​ជាមួយ​ការ​ថ្លែង​របស់​មន្ត្រី​នៃ​គណ​បក្ស​កាន់​អំណាច​ ដោយ​លោក​បាន​ពន្យល់​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ជា​សមាជិក​សហគមន៍​អឺរ៉ុប​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ​ បន្ទាប់​ពី​សភា​សហភាព​អឺរ៉ុប​បាន​ផ្តល់​ការ​យល់​ព្រម​លើ​សេចក្តី​សម្រេច​ចិត្ត​ដែល​បាន​ព្រាង​ទុក​រួច​មកនោះ។ ​លោកនិយាយថា​ លោក​មិនចង់​ឃើញ​មាន​ការ​បិទ​ច្រក​នាំចូល​ទំនិញ​កាត់​ដេរ​កម្ពុជា​ចូល​ទីផ្សារ​អឺរ៉ុប​នោះទេ ព្រោះ​ថា​ ការណ៍​នេះ​អាច​បង្ក​ជម្លោះ​ការ​ងារ​ក្នុង​ឧស្សាកម្ម​កាត់​ដេរ។​

«ខ្ញុំ​អាច​ដឹង​ថា​ នៅពេល​បើ​សិន​ជាវា​មាន​ការ​ផ្តាច់​មែន ទីមួយ​គឺ​គាត់​អត់​ការ​ងារធ្វើ​ ទីពីរ​គឺគាត់​អត់​មាន​ប្រាក់​ចំណូល​ ហើយ​ទីបី​ អាចនឹង​មាន​ជម្លោះ​រវាង​កម្មករ​ និង​និយោជក។ យើង​ឃើញថា ​ការ​បង់​ទូទាត់ប្រាក់​សំណង​ ប្រាក់​អី​ហ្នឹង​ អាហ្នឹង​វាអាច​កើត​មាន​ឡើង។​ ហើយ​បន្ទាប់​ពីហ្នឹង​ទៅទៀត​ យើងមិន​ដឹង​ថា​មាន​រឿងអី​កើតឡើង​ទៀត។​ យើង​អត់ទាន់​អាច​សន្និដ្ឋាន​បាន»។

លោកបាន​បន្ថែមថា​ ប្រសិន​បើរដ្ឋា​ភិបាល​នានា​នៃ​ប្រទេស​សមាជិក​សហ​ភាព​អឺរ៉ុប​សម្រេច​បិទ​ទីផ្សារ​សម្រាប់​ផលិតផល​កាត់​ដេរ​កម្ពុជា​មែន នោះ​វា​ជាបន្ទុក​ធ្ងន់​មួយ​សម្រាប់​រដ្ឋាភិបាល​ផង​ដែរ ​ហើយ​ហេតុ​ការណ៍​ដែលមិន​អាច​ទាយទុក​ជាមុន​នឹង​កើត​ឡើង​ផងដែរ​ ខណៈ​ដែលកម្មករ​ជាច្រើន​ត្រូវ​គេ​ដឹង​ថា ​ជាប់​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន។​

ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​គិតជា​ទឹក​ប្រាក់​៤.៥៥៥​លាន​ដុល្លារនិង​នាំចូល​ទំនិញ​ពី​សហភាព​អឺរ៉ុបគិតជាទឹក​ប្រាក់​៦៤៣​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​ ២០១៦។​ ប្រទេស​កម្ពុជា​ក៏បាននាំ​ទំនិញ​ចេញទៅសហ​រដ្ឋ​អាមេរិក​គិតជាទឹកប្រាក់​ ២.៨១៤​លាន​ដុល្លារ​អាមេរិក​ និង​នាំចូល​ទំនិញ​ពី​សហ​រដ្ឋ​អាមេរិកគិតជា​ទឹកប្រាក់​២៨៥​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦។​

នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប​ និង​ការិយាល័យ​ស្ថិតិ​របស់អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG