យុទ្ធសាស្ត្រនេះឋិតនៅក្នុងដំណាក់ការដំបូង។ នៅមានសេចក្តីលម្អិតថែមទៀតដែលត្រូវបំពេញដោយមានរួមបញ្ចូលទាំងសេចក្តីល្អិតល្អន់ខាងហិរញ្ញវត្ថុផងដែរ។ ពួកមន្ត្រីសហភាពអឺរ៉ុបនិយាយថា ពួកគេចង់ឱ្យមានមតិត្រឡប់មកវិញពីពួកសមភាគីអាហ្វ្រិករបស់ពួកគេនៅមុនសន្និសីទកំពូលសហភាពអឺរ៉ុបអាហ្វ្រិក នៅពេលបន្ទាប់មកទៀតក្នុងឆ្នាំនេះ។
ក៏ប៉ុន្តែសាខានីតិប្រតិបត្តិនៃសហភាពអឺរ៉ុបបានគូសបញ្ជាក់វិស័យសំខាន់ៗ៥ ដែលត្រូវផ្តោតការយកចិត្តទុកដាក់គឺអន្តរកាលទៅកាន់ថាមពលស្អាត និងការធ្វើឱ្យមានថាមពលនេះ ការផ្លាស់ប្តូរខាងឌីជីថល ការលូតលាស់ដោយចីរភាពនិងការមានការងារធ្វើ និងសន្តិសុខ ដែលនាំឱ្យមានសន្តិភាពនិងអភិបាលកិច្ច និងកាត់បន្ថយចំណាកស្រុក និងចលាចល។
លោក Josep Borrell ជាប្រធានខាងគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប។ លោកបាននិយាយថា ជាទូទៅសហភាពអឺរ៉ុបចង់បង្កើនភាពដៃគូជាមួយទ្វីបអាហ្វ្រិកនិងធ្វើឱ្យវាមានប្រសិទ្ធភាពជាងមុនផងដែរ។
លោក Borrell និយាយថា៖ «យើងមានផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយជាមួយទ្វីបអាហ្វ្រិក។ ការលូតលាស់និងសន្តិសុខរបស់យើងអាស្រ័យលើអ្វីដែលកើតមាននៅក្នុងទ្វីបអហ្វ្រិក ហើយប្រហែលច្រើនជាងផ្នែកឯទៀតៗនៃពិភពលោកថែមទៀតផង»។
ទោះណាជាសហភាពអឺរ៉ុបមិនបានត្រូវគេមើលឃើញថា ជាប្រភពហិរញ្ញវត្ថុខ្លាំងមួយក្នុងទ្វីបអាហ្វ្រិកក៏ដោយ ក៏សហភាពអឺរ៉ុបជាប្រភពនៃវិនិយោគបរទេសជាង២៥០ពាន់លានដុល្លារក្នុងទ្វីបនោះ រីឯការវិនិយោគពីស.រ.អា.មាន៤៨ពាន់លានដុល្លារនិងពីចិនមាន៤៣ពាន់លានដុល្លារ។
លោក Borrell និយាយថា ការគាំទ្រនៅពេលបច្ចុប្បន្នរបស់អឺរ៉ុបក៏មានរួមបញ្ចូលការជួយប្រទេសជាតិនានាក្នុងទ្វីបអាហ្វ្រិកឱ្យដោះស្រាយការរាលដាលសាកលនៃមេរោគវីរុសកូរ៉ូណា និងពង្រឹងប្រព័ន្ធសុខាភិបាលនៃប្រទេសទាំងនេះផងដែរ។
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ទីភ្នាក់ងារផ្តល់ជំនួយខ្លះព្រួយបារម្ភថា កិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការទប់ស្កាត់ចំណាកស្រុកអាចធ្វើឱ្យមានផលប៉ះពាល់មិនល្អដល់យុទ្ធសាស្ត្រនៃភាពដៃគូថ្មីរបស់តំបន់នេះ។
ក៏ប៉ុន្តែនេះមិនមែនជាសារដែលសហភាពអឺរ៉ុបបានបញ្ជូនកាលពីថ្ងៃច័ន្ទទី៩ខែមីនាទេ។ លោក Borrell បាននិយាយថា យុទ្ធសាស្ត្រថ្មីរបស់សហភាពអឺរ៉ុបមិនបិទភ្នែក ហើយមើលឃើញតែទ្វីបអាហ្វ្រិកបង្កបញ្ហាចំណាកស្រុកនោះទេ។ លោកបាននិយាយថា នៅពេលដែលមានការចាំបាច់ត្រូវប្រយុទ្ធប្រឆាំងនឹងចំណាកស្រុកខុសច្បាប់ក៏ដោយ ក៏ចំណាកស្រុកត្រឹមត្រូវតាមច្បាប់គួរតែក្លាយទៅជាស្ថានភាពឈ្នះ-ឈ្នះសម្រាប់ភាគីទាំងសង្ខាង៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ