ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសហព័ន្ធរបស់សហរដ្ឋអាមេរិកត្រូវបានជំរុញឲ្យត្រៀមក្នុងកម្រិតខ្ពស់នៅទូទាំងប្រទេស ហើយលោកប្រធានាធិបតី Donald Trump កំពុងប្រើអំណាចជាប្រធានាធិបតីរបស់លោកបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគកូរ៉ូណាថ្មី ឬ COVID-19។
លោក Trump បានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធម្សិលមិញនៅសេតវិមានថា៖ «យើងនឹងយកច្បាប់ផ្គត់ផ្គង់ដល់ផ្នែកការពារប្រទេសមកអនុវត្តប្រសិនបើចាំបាច់»។
ច្បាប់នេះគឺជាប្រភពចម្បងនៃអំណាចរបស់ប្រធានាធិបតីនៅក្នុងការពន្លឿន និងពង្រីកការផ្គត់ផ្គង់ធនធាន ដែលបានមកពីមូលដ្ឋានសហគ្រាសរបស់ប្រទេសទៅផ្គត់ផ្គង់ដល់ផ្នែកការពារជាតិ។ ក្នុងករណីនេះ វាអនុញ្ញាតឲ្យមានការផលិតម៉ាស់ការពារ និងឧបករណ៍សំខាន់ៗផ្សេងទៀតបន្ថែមទៀត។
កន្លងមក នៅក្នុងសហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ជាង ៧ ពាន់ ៣រយករណី និងអ្នកស្លាប់ដោយសារជំងឺនេះយ៉ាងតិច ១១៥ នាក់។
លោក Trump បានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា៖ «យើងនឹងកម្ចាត់សត្រូវដែលមើលមិនឃើញនេះបានជាមិនខាន។ យើងនឹងទទួលបានជោគជ័យពេញលេញមួយ»៕