ចំនួនករណីឆ្លងនិងចំនួនអ្នកស្លាប់ដ៏ច្រើនបំផុតដោយសារមេរោគកូរ៉ូណា នៅតែត្រូវបានគេរាយការណ៍ពីតំបន់ប៉ាស៊ីហ្វិកខាងលិចដែលរួមមានប្រទេសចិន។ ប៉ុន្តែ ទ្វីបអឺរ៉ុបប្រដេញតាមនៅលំដាប់លេខ២ហើយឥឡូវនេះបណ្តាប្រទេសអឺរ៉ុបបូកបញ្ចូលគ្នាមានចំនួនសរុបនៃការឆ្លង និងការស្លាប់កើនឡើងច្រើនជាងតំបន់ដទៃទៀតបូកបញ្ចូលគ្នា។
អង្គការសុខភាពពិភពលោកនិយាយថាមានការពិបាកក្នុងការបកស្រាយថាកត្តាណាមួយ ឬសេណារីយ៉ូពិសេសណាមួយ ដែលនាំឲ្យមានការកើនឡើងយ៉ាងគំហុកនៃករណីជំងឺនេះនៅអឺរ៉ុប។ លោក Christian Lindmeier អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បានប្រាប់ VOA ថា ទីភ្នាក់ងាររបស់លោកបានធ្វើការព្រមានអស់រយៈពេលជាច្រើនសប្តាហ៍ ហើយថា មេរោគថ្មីនេះនឹងចាក់ឫស ហើយបន្តរីករាលដាលយ៉ាងល្បឿនឥតឈប់ឈរ នៅជុំវិញពិភពលោក។
លោក Lindmeier បាននិយាយថា៖ «ក្នុងពេលជាមួយគ្នានេះដែរ នៅពេលមានករណីឆ្លងកើនឡើងច្រើន ម្យ៉ាងអាចដោយសារគេមិនបានរកឃើញមួយរយៈ ហើយម្យ៉ាងទៀតអាចជារឿងអភ័ព្វដោយសារមានមនុស្សមួយក្រុមធំឆ្លងមេរោគក្នុងពេលជាមួួយគ្នា ហេតុនេះវានាំឲ្យមានវិបត្តិសមត្ថភាពហើយនេះជាអ្វី ដែលប្រទេសអឺរ៉ុបជាច្រើនហាក់ដូចជាកំពុងព្យាយាមដោះស្រាយទាំងលំបាក នៅពេលនេះ»។
លោក Lindmeier ពន្យល់ថាប្រទេសជាច្រើនមិនបានត្រៀមទុកជាមុនក្នុងការពិសោធន៍ ការព្យាបាលនិងការតាមដានអ្នកដែលបានឆ្លងមេរោគនេះទេភ្លាមៗនៅពេលដែលមេរោគនេះវាយប្រហារ។លោកមានប្រសាសន៍ថា ប្រទេសជាច្រើននៅតែខ្វះសមត្ថភាពក្នុងការអនុវត្តវិធានការណ៍សំខាន់ៗទាំងនេះ។ លោកមានប្រសាសន៍ថា ខ្វះឧបករណ៍វេជ្ជសាស្ត្រខ្វះការពិសោធន៍ (ការធ្វើតេស្ត) ខ្វះបុគ្គលិកខ្វះគ្រែមន្ទីរពេទ្យខ្វះឧបករណ៍បញ្ចេញបញ្ចូលខ្យល់គ្រប់គ្រាន់ និងខ្វះរបស់របរចាំបាច់ដទៃទៀតគឺជាបញ្ហាដែលមាននៅជុំវិញពិភពលោក។
មានប្រទេសច្រើនឡើងៗកំពុងប្រវេប្រវាប្រើវិធានការច្បាប់តឹងតែង ដូចជាឲ្យបុគ្គលនៅដាច់ដោយឡែកពីអ្នកដៃមិនឲ្យមានសកម្មភាពសង្គម (គម្លាតពីសង្គម) និងការហាមឃាត់ការធ្វើដំណើរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ លោក Lindmeier មានប្រសាសន៍ថា អាជ្ញាធររដ្ឋាភិបាលនានាត្រូវតែសម្រេចចិត្តដោយខ្លួនឯងលើគោលនយោបាយ ដែលពួកគេជឿជាក់ថានឹងធ្វើការបានល្អបំផុតសម្រាប់សង្គមរបស់ពួកគេ។
ប៉ុន្តែលោកកត់សម្គាល់ថា ទាំងប្រទេសចិននិងប្រទេសសិង្ហបុរីដែលប្រើវិធានការវេជ្ជសាស្រ្តសង្គម និងនយោបាយយ៉ាងតឹងរ៉ឹងមានការថយចុះចំនួនករណីឆ្លង និងការស្លាប់គួរឱ្យកត់សម្គាល់។
លោកនិយាយថាមានសញ្ញាបង្ហាញថា «ការកាត់ផ្តាច់យ៉ាងលឿនឬការថយចុះយ៉ាងខ្លាំងនូវសកម្មភាពសង្គមរបស់ប្រជាជនគួបផ្សំនឹងការពិសោធន៍រកអ្នកឆ្លងជំងឺ ការតាមដាននិងការព្យាបាលអ្នកជំងឺនិងទំនាក់ទំនងរបស់ពួកគេជាវិធានការមានប្រសិទ្ធភាព»។
លោក Lindmeier អ្នកនាំពាក្យអង្គការសុខភាពពិភពលោកនិយាយថា គេមិនទាន់ដឹងទេថាតើវិធានការថាយ៉ាងម៉ឺងម៉ាត់ដែលអនុវត្តដោយប្រទេសអ៊ីតាលីអេស្ប៉ាញ បារាំង ស្វីស និងប្រទេសដទៃនោះទទួលបានលទ្ធផលឬយ៉ាងណាទេ។ លោកមានប្រសាសន៍ថា ស្ថានភាពជំងឺរាតត្បាតទូទាំងពិភពលោកនេះនឹងកាន់តែអាក្រក់ទៅៗ មុនពេលវាប្រសើរឡើងវិញ។
លោកនិយាយថាប្រជាជនត្រូវទ្រាំនឹងការឆ្លងនិងឈឺស្លាប់ច្រើនទៀត ទម្រាំការរាតត្បាតនេះឡើងដល់កម្រិតកំពូលនិងធ្លាក់ចុះវិញ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ