ការឆ្លងមេរោគកូរ៉ូណាថ្មី ឬ COVID-19 នៅតំបន់អាស៊ីអាគ្នេយ៍មានការកើនឡើង។ ប្រទេសម៉ាឡេស៊ីបានរាយការណ៍អំពីករណីឆ្លងថ្មីនៃមេរោគនេះចំនួន ១១០ ករណីទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ៩០០ នាក់។
ភាគច្រើននៃការឆ្លងថ្មីនេះគឺពាក់ព័ន្ធទៅនឹងការជួបជុំបែបសាសនានៅវិហារឥស្លាមមួយកន្លែង ដែលមានអ្នកចូលរួម ១ ម៉ឺន ៦ ពាន់នាក់។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី។
រីឯនៅក្នុងប្រទេសថៃឯណោះវិញ រដ្ឋាភិបាលថៃបានរាយការណ៍ថាមានករណីឆ្លងមេរោគនេះថ្មីចំនួន ៦០ ករណីទៀត ដែលជាការកើនឡើងខ្លាំងបំផុតប្រចាំថ្ងៃនៃចំនួនអ្នកឆ្លងមេរោគនេះកន្លងមក ដោយធ្វើឲ្យអ្នកឆ្លងសរុបកើនដល់ ២៧២ នាក់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះ។
កន្លងមកប្រទេសថៃប្រកាសថាមានអ្នកស្លាប់ម្នាក់ដោយសារមេរោគនេះ អ្នកជំងឺចំនួន ៤២ នាក់បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ និងអ្នកជំងឺ ២២៩ នាក់នៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ចំណែកឯនៅក្នុងប្រទេសហ្វីលីពីនវិញ ក្រសួងសុខាភិបាលប្រទេសនេះបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មានករណីឆ្លងថ្មីនៃមេរោគនេះចំនួន ១៥ ករណីទៀត ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២១៧ នាក់នៅទូទាំងប្រទេស។
ក្រសួងសុខាភិបាលហ្វីលីពីនក៏បានប្រកាសផងដែរថា អ្នកជំងឺ COVID-19 ម្នាក់បានជាសះស្បើយ ដោយធ្វើឲ្យអ្នកជាពីជំងឺនេះកន្លងមកសរុបមានចំនួន ៨ នាក់។ កន្លងមកប្រទេសហ្វីលីពីនមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ១៧ នាក់៕