ប្រជាជនបេឡារុសរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដ៏ធំមួយ កាលពីយប់ថ្ងៃពុធ ដើម្បីច្រានចោលពិធីស្បថចូលកាន់តំណែងយ៉ាងសម្ងាត់របស់លោកប្រធានាធិបតី Alexander Lukashenko។
កងសន្តិសុខនៅក្នុងរដ្ឋធានី Minsk បានចាញ់ទឹកដាក់ក្រុមបាតុករ និងបានរំសាយក្រុមបាតុករមួយចំនួន បន្ទាប់ពីការលេចចេញនូវព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Belta របស់រដ្ឋថា លោក Lukashenko អាយុ ៦៦ ឆ្នាំ បានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី ៦។ មហាបាតុកម្មបានទាមទាមឲ្យបញ្ចប់ការកាន់អំណាចរយៈពេល ២៦ ឆ្នាំ របស់លោក ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែមុន។
លោក Lukashenko ទទូចថា លោកបានឈ្នះការបោះឆ្នោត កាលពីថ្ងៃទី០៩ ខែសីហា យ៉ាងភ្លូកទឹកភ្លូកដី ដោយទទួលបានសំឡេងឆ្នោត ៨០% ទោះបីជាមានការអះអាងទាំងក្នុងនិងក្រៅប្រទេសថា មានការបន្លំសន្លឹកឆ្នោត ដើម្បីឲ្យលោកនៅអាចបន្តកាន់អំណាចក៏ដោយ។
ប្រទេសជាច្រើននៅក្នុងសហគមន៍អឺរ៉ុប រួមមានអាល្លឺម៉ង់ ដាណឺម៉ាក និងប្រទេសនៅក្នុងតំបន់សមុទ្របាល់ទិក បានប្រកាសថា ពួកគេលែងទទួលស្គាល់រដ្ឋាភិបាលរបស់លោក Lukashenko តទៅទៀតហើយ។
ចំណែកប្រទេសរុស្ស៊ីដែលជាអ្នកនៅពីក្រោយខ្នងដ៏សំខាន់របស់លោក Lukasheno ក្នុងពេលមានវិបត្តិនយោបាយដ៏ចលាចលនេះ មិនបានបញ្ចេញសេក្ដីថ្លែងការណ៍ជាផ្លូវការណាមួយទេ ប៉ុន្តែកន្លងមករុស្ស៊ីបានឲ្យដឹងថា ខ្លួនទទួលស្គាល់លោក Lukashenko ជាមេដឹកនាំស្របច្បាប់របស់ប្រទេសបេឡារុស៕