រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកសហភាពអឺរ៉ុបបានជួបប្រជុំជាមួយមេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសបេឡារុស លោកស្រី Svetlana Tikhanovskaya ក្នុងទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងៃចន្ទ ដោយពួកគេបានពិភាក្សាពីការដាក់ទណ្ឌកម្មប្រឆាំងមន្ត្រីបេឡារុសមួយចំនួន ដែលក្នុងនោះអាចរួមមានលោកប្រធានាធិបតី Alexander Lukashenko ផងដែរ។
មេដឹកនាំបក្សប្រឆាំងលោកស្រី Tikhanovskaya ស្នើឱ្យសហគមន៍អឺរ៉ុប មានភាពក្លាហានជាងមុន ក្នុងវិធានការដើម្បីគាំទ្រការប្រយុទ្ធតស៊ូរបស់ក្រុមប្រឆាំងបេឡារុសទៅនឹងរបបផ្តាច់ការរបស់លោក Lukashenko។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំអាហារពេលព្រឹកជាមួយមេដឹកនាំបក្សប្រឆាំងលោកស្រី Tikhanovskaya មក ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell និយាយថា «លោកស្រីបានរៀបរាប់ប្រាប់យើងពីព្រឹត្តិការណ៍ដែលកើតមានឡើងក្នុងប្រទេសបេឡារុស» ហើយ «យើងកោតសរសើរជាខ្លាំង ចំពោះភាពក្លាហាននិងការព្យាយាមរបស់ពលរដ្ឋបេឡារុស ជាពិសេសក្រុមស្រ្តីភេទ ដែលបានបង្ហាញពីភាពដឹកនាំដ៏ពិតប្រាកដរបស់ពួកគេ»។
លោក Borrell បន្តថា សហភាពអឺរ៉ុបមិនបានទទួលស្គាល់លោក Lukashenko ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសបេឡារុសនោះទេ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas ដែលប្រទេសរបស់លោកធ្វើជាប្រធានផ្លាស់វេន របស់សហភាពអឺរ៉ុបក្នុងឆ្នាំនេះ លើកឡើងថា អំពើហិង្សាដែលបង្កើតឡើងដោយប្រធានាធិបតី Lukashenko ទៅលើក្រុមបាតុករដោយសន្តិវិធីនោះ គឺមិនអាចទទួលយកបានទាល់តែសោះ។
បាតកម្មប្រឆាំងលោក Lukashenko បានបន្តកើតមានឡើង ស្ទើរតែគ្មានពេលលោះ ក្រោយពេលប្រធានាធិបតីរូបនេះ បានប្រកាសពីជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតមានជម្លោះរបស់បេឡារុសកាលពីថ្ងៃទី៩ ខែសីហាកន្លងទៅ។ លោក Lukashenko បានប្រើកម្លាំងនិងការចាប់ឃុំឃាំងក្រុមអ្នកប្រឆាំងតវ៉ា ដើម្បីបញ្ឈប់ពួកគេ៕