ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Xi​ ទៅក្រុងមូស្គូចរចាជាមួយលោក Putin


លោក​ Putin ប្រធានាធិបតី​រុស្ស៊ី​ជួបជាមួយ​លោក Xi ​ក្នុង​ទីក្រុង​មូស្គូ។
លោក​ Putin ប្រធានាធិបតី​រុស្ស៊ី​ជួបជាមួយ​លោក Xi ​ក្នុង​ទីក្រុង​មូស្គូ។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ទៅ​ដល់​ទៅក្រុង​មូស្គូ​ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ សម្រាប់​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយ:​ពេល​៣​ថ្ងៃ ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin ដោយ​មាន​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​និង​សំណើ​សន្តិភាព​របស់​ចិន ស្ថិត​ក្នុងរបៀប​វារ:​ផងដែរ។​

កាល​ពី​ខែ​មុន ប្រទេស​ចិន​ បាន​លើកឡើង​អំពី​ផែនការ​១២​ចំណុច​របស់​ខ្លួន​ ដើម្បី​បញ្ចប់​ជម្លោះ​ដែល​រុស្ស៊ី​បង្ក​ឡើង​កាល​ពី​ខែ​កុម្ភ:​ឆ្នាំ​២០២២។

នៅ​ថ្ងៃ​ចន្ទ​នេះ លោក Xi បាន​សរសេរ​អត្ថបទ​មួយ​នៅ​ក្នុង​កាសែត Rossiiskaya Gazeta ដែល​ជា​កាសែតចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​ថា​សំណើ​របស់​ចិន តំណាង​ឲ្យ​«‍សាមគ្គីភាព​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​នៃ​ទស្សន:​របស់​សហគមន៍​អន្តរជាតិ»។ នេះ​បើ​យោង​តាម​ការ​បកប្រែ​ជា​ភាសា​អង់គ្លេស​នៃ​អត្ថបទ​ដែល​ផ្សព្វផ្សាយ​ដោយ​ស្ថាន​បេសកកម្ម​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ។​

លោក Xi បាន​និយាយ​ថា​«‍ឯកសារនេះ គឺ​ជា​កត្តា​ស្ថាបនា ក្នុង​ការ​ធ្វើ​ឲ្យ​មាន​លំនឹង​ក្នុង​កាល:ទេស:​នៃ​វិបត្តិ​នេះ ហើយ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ។ បញ្ហា​ស្មុគស្មាញ គ្មាន​ដំណោះស្រាយ​សាមញ្ញ​ទេ​»។

តាម​កាសែត People's Daily ដែល​ជា​កាសែត​របស់​គណមជ្ឈឹម​បក្ស​កុម្មុយនីស្ត​ចិន លោក​ពូទីនបាន​និយាយនៅ​ថ្ងៃ​ចន្ទ​នេះ​ថា «‍យើង​សូម​ដឹង​គុណ​ចំពោះ​ជំហ​កណ្តាល​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​អ៊ុយក្រែន ចំពោះ​ការ​យល់​ពី​សាវតា​និង​បុព្វហេតុ​ពិត»។ នេះ​បើយោង​តាមទីភ្នាក់ងារ​សារព័ត៌មាន​The Associated Press ។

លោក ពូទីន បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា «‍យើង​ស្វាគមន៍​ឆន្ទ:​របស់​ចិន ក្នុង​ការ​ដើរ​តួ​នាទី​ស្ថាបនា ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ»។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី លោក Dmitry Peskov បាន​និយាយ​ថា មេដឹកនាំ​ទាំង​ពីរ ជួប​គ្នា​មួយ​ទល់​មួយ​ក្រៅ​ផ្លូវការនៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ជំនួប​ធំ​ជាង​នេះធ្វើ​នៅ ថ្ងៃ​អង្គារ​ស្អែក។

ដំណើរ​ទស្សនកិច្ច​នៅ​មូស្គូ​របស់​លោក Xi គឺ​ជា​សញ្ញា​ថ្មី​ចុងក្រោយ​នៃ​មហិច្ឆតា​ការទូត​ដែល​កាន់​តែ​កើនឡើង​របស់​មេដឹកនាំ​ចិន ក្រោយ​ពី​ការ​ប្រកាស​កាល​ពី​សប្តាហ៍​មុន​អំពី​កិច្ច​ព្រមព្រៀង​ដែល​ចិន​ជា​អ្នក​សម្របសម្រួល ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​អ៊ីរ៉ង់​និង​អារ៉ាប៊ី សាអូឌីត បង្កើត​ឡើងវិញ​នូវទំនាក់ទំនង​ការទូត​របស់​ពួកគេ ក្រោយ​ពី​មាន​ភាព​ប្រទូស្តរាយ​អស់​៧​ឆ្នាំ​មក៕

XS
SM
MD
LG