ការធ្វើជាអ្នកសារព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារគឺដូចជាធ្វើការក្នុងទីងងឹត។ ខ្ញុំដើរគ្រប់ជំហានដោយប្រុងប្រយ័ត្ន ប៉ុន្តែខ្ញុំអាចត្រូវគេចោទប្រកាន់ដែលអាចនឹងបំផ្លាញជីវិតខ្ញុំគ្រប់ពេលវេលា។
ខ្ញុំបានរស់នៅក្នុងភាពអសន្តិសុខជិតបួនខែមកហើយ តាំងពីក្រុមយោធាបានក្តាប់អំណាច។
ខ្ញុំបានមកដល់ទីក្រុងណៃពិដោ រដ្ឋធានីរដ្ឋបាលរបស់មីយ៉ាន់ម៉ា មួយសប្តាហ៍មុននឹងរដ្ឋប្រហារកើតឡើង។ នៅពេលដែលរដ្ឋប្រហារបានចាប់ផ្តើម ខណៈដែលកងកម្លាំងសន្តិសុខកើនឡើង ខ្ញុំត្រូវតែរាយការណ៍ពីស្ថានភាពនៅពេលថ្ងៃ និងមិនបានសម្រាកជាច្រើនយប់ដោយសារតែរបាយការណ៍មិនផ្លូវការថាអ្នកសារព័ត៌មានអាចនឹងត្រូវចាប់ខ្លួននៅពេលយប់។
សំណាងល្អ បន្ទាប់ពីចំណាយពេលប៉ុន្មានថ្ងៃក្នុងទីក្រុងណៃពិដោ ខ្ញុំបានត្រឡប់មកទីក្រុងរ៉ង់ហ្គូនដោយគ្មានបញ្ហា ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍មិនមានសុវត្ថិភាពនិងនៅតែមិនអាចគេងលក់ជាច្រើនយប់។
ក្រុមយោធាមីយ៉ាន់ម៉ា ដែលធ្វើការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត បានទម្លាក់រដ្ឋាភិបាលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។ ប៉ុន្មានថ្ងៃបន្ទាប់មក បាតុកររាប់ពាន់នាក់ទូទាំងប្រទេសបាននាំគ្នាតវ៉ាតាមដងផ្លូវ។ ពួកគេទាមទារឲ្យដោះលែងក្រុមមេដឹកនាំប្រទេសរួមទាំងអ្នកស្រី Aung San Suu Kyi មេដឹកនាំជាតិ និងអ្នកផ្សេងទៀតដែលត្រូវបានឃុំខ្លួនដោយយោធា។ ពួកគេក៏ទាមទារឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា ឬSAC (State Administrative Council ) ដឹកនាំដោយមេដឹកនាំរដ្ឋប្រហារ លោកឧត្តមសេនីយ៍ Min Aung Hlaing បានប្រើហិង្សាដើម្បីបង្ក្រាបបាតុករ។ កងកម្លាំងសន្តិសុខ បានចាប់ខ្លួនអ្នកសារព័ត៌មានជាច្រើននិងដកអាជ្ញាបណ្ណរបស់ទីភ្នាក់ងារសារព័ត៌មានមួយចំនួន។
គិតត្រឹមថ្ងៃទី២៨ខែឧសភា អ្នកសារព័ត៌មានឬបុគ្គលិកព័ត៌មានចំនួន៨៧នាក់ ត្រូវបានចាប់ខ្លួន ដែលក្នុងនោះ៥១នាក់ស្ថិតក្នុងមន្ទីរឃុំឃាំងនៅឡើយ។ នេះបើយោងតាមក្រុមលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា«រាយការណ៍អំពីអាស៊ាននិងអ្នកសារព័ត៌មានជាប់ឃុំ»ឬ(ASEAN Reporting and Detained Journalist) ដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មានក្នុងស្រុកដើម្បីចែកចាយព័ត៌មាន។
SAC បានចេញដីកាចាប់ខ្លួនសម្រាប់មនុស្ស២២នាក់ទៀតដែលបានធ្វើអត្ថាធិប្បាយតាមបណ្តាញសង្គម។ ស្ទើរតែគ្រប់ករណីទាំងអស់ ពួកគេត្រូវបានចោទប្រកាន់ក្រោមជំពូកទី៥០៥នៃក្រមព្រហ្មទណ្ឌដែលនឹងដាក់ពន្ធនាគាររហូតដល់បីឆ្នាំ។ មាត្រាច្បាប់នេះចាត់ទុកថាការបង្កឲ្យមានភ័យខ្លាច ការចែកចាយព័ត៌មានមិនពិត ឬការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលិករដ្ឋាភិបាលជាបទឧក្រិដ្ឋ។
បណ្តាញសារព័ត៌មានមួយចំនួនដូចជា Myanmar Now សារព័ត៌មាន Khit Thit និងសារព័ត៌មាន Mizzima បានចាកចេញពីទីក្រុងហើយរាយការណ៍ពីទីតាំងក្នុងព្រៃ។ អ្នកសារព័ត៌មានជាច្រើនបានបាត់បង់ការងាររបស់ពួកគេឬបានលាឈប់ដោយសារមូលហេតុសន្តិសុខ។
របបយោធាមិនបានបិទទីភ្នាក់ងារសារព័ត៌មានរបស់ខ្ញុំឡើយ ហើយទោះបីជាមានការលំបាកនិងបញ្ហាសន្តិសុខ ខ្ញុំចង់នៅក្នុងប្រទេស ដើម្បីបន្តតាមដានអ្វីដែលកំពុងកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីចែកចាយព័ត៌មានក្នុងប្រទេសនិងទៅបរទេស ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធនឹងអំណាចផ្តាច់ការ។
យើងដែលជាអ្នកសារព័ត៌មាននៅសេសសល់ ប្រឈមនឹងបញ្ហាលំបាកជាច្រើន។
នៅស្ថាប័នសារព័ត៌មានរបស់ខ្ញុំ ឈ្មោះអ្នករាយការណ៍ត្រូវបានជំនួសដោយឈ្មោះទីភ្នាក់ងារព័ត៌មាន ដើម្បីព្យាយាមរក្សាសុវត្ថិភាពរបស់អ្នកសារព័ត៌មាន។ នៅពេលដែលរដ្ឋប្រហារទើបនឹងចាប់ផ្តើម អ្នកសារព័ត៌មាននានាបានហៅខ្លួនឯងថាជាក្រុមផ្សព្វផ្សាយសារព័ត៌មានដើម្បីចៀសវាងការចាប់ខ្លួន និងបង្កការងាយស្រួលក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងបាតុករ។ បន្ទាប់មកយើងបានយល់ថាការធ្វើបែបនោះនាំឲ្យមានគ្រោះថ្នាក់ជាជាងការពារខ្លួនបាន។ អ្នកសារព័ត៌មានដែលរាយការណ៍អំពីអំពើឃោរឃៅនៅក្នុងប្រទេសនិងទៅក្រៅប្រទេសជាគោលដៅរបស់កងកម្លាំងសន្តិសុខ។ អ្នកថតរូបសារព័ត៌មានឈប់ប្រើម៉ាស៊ីនថតអាជីពរបស់ខ្លួន ប៉ុន្តែសូម្បីតែការថតរូបដោយប្រើទូរស័ព្ទដៃក៏អាចនាំឲ្យមានបញ្ហាដែរ។
ការព្យាយាមប្រមូលព័ត៌មាននៅក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារគឺលំបាក។ ប្រជាជនមិនទុកចិត្តយើងឡើយ។ ពួកគេបារម្ភមនុស្សប្លែកមុខបន្ទាប់ពីមានអ្នកផ្តល់ព័ត៌មានចែករំលែកព័ត៌មានពិស្តារពីសកម្មភាពរបស់ពួកគេជាមួយនឹងអាជ្ញាធរក្នុងស្រុក។ ក្នុងករណីមួយចំនួន ខ្ញុំត្រូវបានហាមឃាត់មិនឲ្យយកព័ត៌មានពីហេតុការណ៍ផ្សេងៗ។
ឥឡូវនេះ នៅពេលដែលខ្ញុំរាយការណ៍ពីបាតុកម្ម ដំបូងគេខ្ញុំត្រូវណែនាំខ្លួនឯងទៅកាន់មេដឹកនាំបាតុកម្មនោះដើម្បីទទួលបានការជឿទុកចិត្ត។
ការប្រមូលផ្តុំទ្រង់ទ្រាយធំតាមដងផ្លូវក្នុងទីក្រុងរ៉ង់ហ្គូនបានបែកខ្ញែកម្តងបន្តិចៗប៉ុន្តែទាហានបន្តបញ្ឈប់យានយន្ត ពិនិត្យទូរស័ព្ទដៃប្រជាជន និងចាប់ខ្លួនបើសិនជាពួកគេរកឃើញអ្វីដែលទាក់ទងនឹងចលនាបាតុកម្ម។
ដោយសារតែស្ថានភាពសន្តិសុខកាន់តែអាក្រក់ យើងទំនាក់ទំនងជាមួយនិពន្ធនាយក មិត្តរួមការងារផ្សេងៗ និងប្រភពតាមរយៈអ៊ីនធឺណិត និងទូរស័ព្ទដៃជាជាងជួបគ្នាផ្ទាល់។ ការទំនាក់ទំនងគ្នាតាមទូរស័ព្ទគឺគ្រោះថ្នាក់សម្រាប់ខ្ញុំនិងប្រភពព័ត៌មានរបស់ខ្ញុំដោយសារតែយោធាអាចស្ទាក់ចាប់ការសន្ទនា។ ជាអកុសល យើងគ្មានជម្រើសឡើយនៅពេលដែលយោធាបានកាត់ផ្តាច់អ៊ីនធឺណិតតាមទូរស័ព្ទនិង Wi-Fi ទាំងស្រុង។ បណ្តាញខ្សែអុបទិកអាចប្រើសម្រាប់អ៊ីនធឺណិតបាន ប៉ុន្តែបានតែនៅក្នុងទីក្រុងប៉ុណ្ណោះដោយសារតែតំបន់ភាគច្រើននៃប្រទេសនេះមិនអាចភ្ជាប់ទំនាក់ទំនងនេះបានឡើយ។ ការបិទទាំងនេះ ធ្វើឲ្យខ្ញុំពិបាកធ្វើការនិងទាក់ទងជាមួយនឹងប្រភពព័ត៌មានរបស់ខ្ញុំ។
អ្នកនយោបាយភាគច្រើនកំពុងលាក់ខ្លួន។ ខ្លះទៀតបានទៅដល់ព្រំដែនហើយអាចប្រើអ៊ីនធឺណិតបាន ដូច្នេះពួកគេអាចផ្តល់ការសម្ភាសន៍និងចែកចាយព័ត៌មានអំពីសកម្មភាពរបស់ពួកគេ។
ដោយខ្ញុំរស់នៅជាយក្រុងរ៉ង់ហ្គូន និងមិនអាចប្រើបណ្តាញខ្សែអុបទិកបាន ខ្ញុំត្រូវតែទៅធ្វើការនៅផ្ទះមិត្តភក្តិម្នាក់ហើយត្រូវកាន់កុំព្យូទ័រផ្ទាល់ខ្លួននិងទូរស័ព្ទដៃ ដែលមានផ្ទុកព័ត៌មានជាច្រើនរួមទាំងព័ត៌មានទាក់ទិននឹងរដ្ឋប្រហារយោធានិងចលនាបាតុកម្មផងដែរ។ ខ្ញុំបានដឹងថាខ្ញុំអាចត្រូវបានឃាត់ហើយត្រូវឆែកឧបករណ៍របស់ខ្ញុំ។ វាមានហានិភ័យខ្លាំងក្នុងការធ្វើការ ប៉ុន្តែខ្ញុំត្រូវតែប្រឈមនឹងវាទើបអាចធ្វើការរាយការណ៍ព័ត៌មានបានទាន់ពេល។
ក្រុមយោធាកំពុងចាប់ខ្លួនអ្នកសារព័ត៌មានមិនត្រឹមតែនៅក្នុងទីក្រុងទេ ប៉ុន្តែពួកគេក៏ចាប់នៅតាមទីជនបទដែរ។ ស្ថាបនិកនិងនិពន្ធនាយកទីភ្នាក់ងារសារព័ត៌មាននានាត្រូវបានឃុំខ្លួននៅផ្ទះរបស់ពួកគេ។ ការចាប់ខ្លួនអ្នកសារព័ត៌មានអាមេរិកាំងលោក Danny Fester ដែលជានិពន្ធនាយកគ្រប់គ្រងនៃសារព័ត៌មាន Frontier Myanmar ដែលមានទីតាំងនៅរ៉ង់ហ្គូន បានធ្វើឲ្យខ្ញុំរន្ធត់។
លោកត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានរ៉ង់ហ្គូនដោយគ្មានការឲ្យដំណឹងជាមុន។ ខ្ញុំមានអារម្មណ៏ថាអ្នកណាក៏អាចត្រូវគេចាប់ខ្លួនបានដែរគ្រប់ពេលវេលា ដោយគ្មានហេតុផលអ្វីទាំងអស់។
រហូតមកដល់ពេលនេះ ទោះបីជាខ្ញុំអាចរាយការណ៍ព័ត៌មានបានពិតប្រាកដ ខ្ញុំដឹងថាស្ថានភាពដ៏អាក្រក់សម្រាប់អ្នកសារព័ត៌មានឯទៀតអាចនឹងប៉ះពាល់ខ្ញុំបានគ្រប់ពេលវេលា។
តាំងពីមានរដ្ឋប្រហារមក ស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនៅមីយ៉ាន់ម៉ាបានត្រឡប់ទៅរកស្ថានភាពឆ្នាំ២០១០មុននឹងប្រទេសនេះចាប់ផ្តើមដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។
តាមបទពិសោធន៍របស់ខ្ញុំដែលបានធ្វើការក្រោមស្ថាប័នដែលរឹតត្បិតដោយយោធាដែលត្រូវបានលុបបំបាត់កាលពីឆ្នាំ២០១២ ខ្ញុំរំពឹងថារបបយោធានឹងដាក់សម្ពាធបន្ថែមទៀតដោយបង្កើតឲ្យមានគណៈកម្មាធិការស្រដៀងគ្នានោះដើម្បីពង្រឹងច្បាប់។
ខ្ញុំមិនអាចទាយបានថាតើអង្គការសេរីភាពសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដែលកំពុងតស៊ូយ៉ាងស្វិតស្វាញទាំងនេះនឹងត្រូវអនុញ្ញាតឲ្យប្រតិបត្តិយូរប៉ុណ្ណាទៀតនោះទេ។ ទោះបីជាមានបញ្ហាប្រឈមច្រើនក៏ដោយ ខ្ញុំពិតជាចង់រស់នៅក្នុងប្រទេសនិងរាយការណ៍ព័ត៌មានដរាបណាខ្ញុំនៅតែអាចធ្វើបាន៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ