ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ថាមពល​សហភាព​អឺរ៉ុប​ព្រមព្រៀង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧស្ម័ន​


ស្នងការ​ទទួល​បន្ទុក​ថាមពល​របស់​អឺរ៉ុប​លោកស្រី Kadri Simson និង​រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច​របស់​ហ្វាំងឡង់​លោក Mika Lintila ចូល​រួម​កិច្ចប្រជុំ​វិសាមញ្ញ​របស់​រដ្ឋមន្ត្រី​ថាមពល​របស់​សហភាព​អឺរ៉ុប​នៅ​ទី​ក្រុង​ព្រុចសែល​ប្រទេស​បែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២។​
ស្នងការ​ទទួល​បន្ទុក​ថាមពល​របស់​អឺរ៉ុប​លោកស្រី Kadri Simson និង​រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច​របស់​ហ្វាំងឡង់​លោក Mika Lintila ចូល​រួម​កិច្ចប្រជុំ​វិសាមញ្ញ​របស់​រដ្ឋមន្ត្រី​ថាមពល​របស់​សហភាព​អឺរ៉ុប​នៅ​ទី​ក្រុង​ព្រុចសែល​ប្រទេស​បែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២។​

រដ្ឋមន្ត្រី​ថាមពល​សហភាព​អឺរ៉ុប​បាន​អនុម័ត​ផែន​ការ​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​ចំនួន​១៥% ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​ផ្គត់ផ្គង់​របស់​រុស្ស៊ី។​ កិច្ច​ព្រមព្រៀង​នេះ​ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ចន្លោះ​ខែ​សីហា ​និង​ខែ​មីនា​ ហើយ​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋ​ជា​សមាជិក​ស្តុកទុក​ការ​ផ្គត់ផ្គង់​មុន​ខែ​រដូវ​រងា​ចូល​មក​ដល់​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ ​ក្នុង​ករណី​មាន​អាសន្ន​ សហភាព​អឺរ៉ុប​អាច​កំណត់​កាតព្វ​កិច្ច​កាត់​បន្ថយ​ ប៉ុន្តែ​មាន​ការ​លើកលែង​មួយ​ចំនួន​ដែល​ត្រូវ​បាន​ព្រមព្រៀង​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សម្រុះ​សម្រួល​ដើម្បី​មាន​កិច្ច​ព្រមព្រៀង​នេះ។​

កិច្ច​ព្រមព្រៀង​នេះ​ក៏​កើត​ឡើង​ចំ​ពេល​មាន​ការ​រំពឹង​ទុក​ថា​ រុស្ស៊ី​នឹង​កាត់​ផ្តាច់ការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​សហភាព​អឺរ៉ុប​ជា​ការ​ឆ្លើយតប​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​រុស្ស៊ី​ដោយសារ​ការ​លុកលុយ​អ៊ុយក្រែន។ ​ក្រុមហ៊ុន​ Gazprom ​របស់​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​នឹង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​បន្ថែម​ទៀត​ទៅ​អឺរ៉ុប​ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ពុធ។ ​ក្រុមហ៊ុន​ Gazprom​ បាន​និយាយ​ថា​ការ​កាត់​បន្ថយ​បណ្តាល​មកពី​ការ​ជួសជុល ​Nord Stream ​ដែល​ជា​បំពង់​បង្ហូរ​ប្រេងប៉ុន្តែ​មន្ត្រី​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ ការ​កាត់​បន្ថយ​នេះ​មកពី​រឿង​នយោបាយ។​

ដោយ​ឡែក​នៅ​ថ្ងៃអង្គារ​នេះ​ដែរយោធា​អ៊ុយក្រែន​បាន​រាយ​ការណ៍​ថា​ មីស៊ីល​រុស្ស៊ី​បាន​វាយ​ប្រហារ​តំបន់​នានា​នៃ​ឆ្នេរ​សមុទ្រ​ខ្មៅ​អ៊ុយក្រែន។ ​ការ​វាយ​ប្រហារ​នេះ​បាញ់​ចំ​ទីតាំង​ជាច្រើន​រួម​ទាំង​តំបន់​ Odesa​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​កំពង់ផែ​នៅ​ក្នុង​ទីក្រុង​ Mykolaiv។​ ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​ទីក្រុង​ Odesa​ បាន​នាំ​ឱ្យ​មាន​សំណួរ​អំពី​កិច្ច​ព្រម​ព្រៀង​បន្ត​ការ​នាំ​ធញ្ញជាតិ​ចេញ​ពី​តំបន់​នោះ។​

ក្រសួង​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ កង​កម្លាំង​រុស្ស៊ី​ទំនង​ជា​យល់​ឃើញ​ថា ​មីស៊ីល​អ៊ុយក្រែន​ប្រឆាំង​នាវា​គឺ​ជា​ការ​គំរាម​កំហែង​ដ៏​សំខាន់​ រារាំង​ការ​ព្យាយាម​របស់​រុស្ស៊ី​ដណ្តើម​យក​ទីក្រុង​ Odesa ​ដោយ​ប្រើ​កង​នាវា​នៅ​សមុទ្រ​ខ្មៅ៕​

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press, Agence France-Presse និង Reuters

XS
SM
MD
LG