សហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភចំពោះការចាប់ឃុំឃាំងអ្នកតំណាងរាស្រ្តនិងសកម្មជនសិទ្ធិមនុស្សនិងទាមទារឱ្យដោះលែងពួកគេហើយបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យពហុបក្ស សេរីភាពនៃការបញ្ចេញមតិ សិទ្ធិមនុស្សនិងនីតិរដ្ឋ។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍លោក អ៊ូហ្គោ អាស្តូតូ នាយករងខាងផ្នែកគ្រប់គ្រងនៃសហភាពអឺរ៉ុបបានទទូចឱ្យរដ្ឋាភិបាលបង្កើតនិងរក្សាបរិយាកាសមួយសម្រាប់គ្រប់គណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលអាចធ្វើប្រតិបត្តិការដោយសេរី និងគ្មានការភ័យខ្លាច។
លោកបានបន្ថែមថា៖
«យើងលើកឡើងពីការព្រួយបារម្ភរបស់យើងអំពីឯករាជ្យភាពនៃស្ថាប័នតុលាការនិងភាពយុត្តិធម៌នៃការអនុវត្តច្បាប់និងជាពិសេសពីការចាប់ខ្លួននាពេលថ្មីៗនេះនូវតំណាងសង្គមស៊ីវិល ហើយយើងអំពាវនាវឱ្យដោះលែងពួកគេ»។
ការអំពាវនាវកើតឡើងបន្ទាប់ពីអ្នកការពារសិទ្ធិមនុស្សចំនួនបួននាក់នៃសមាគមសិទ្ធិមនុស្សអាដហុកត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងមន្ត្រីគ.ជ.បម្នាក់ពីបទសមគំនិតសូកប៉ាន់សាក្សីនៅក្នុងសំណុំរឿងស្នេហាលួចលាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ អ្នកទាំងប្រាំនាក់ត្រូវបានតុលាការឃុំឃាំងរង់ចាំការកាត់ទោស។
រីឯអ្នកតំណាងរាស្រ្តម្នាក់នៃគណបក្សសង្គ្រោះជាតិគឺលោក អ៊ុំ សំអាន និងសមាជិកព្រឹទ្ធសភាម្នាក់នៃគណបក្សសម រង្ស៊ីគឺលោក ហុង សុខហួរ ក៏ត្រូវចាប់ដាក់ពន្ធនាគារពាក់ព័ន្ធនឹងឯកសារព្រំដែនជាមួយនឹងប្រទេសវៀតណាមផងដែរ។
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសបានការពារចំណាត់ការរបស់កម្ពុជា។
លោកបានបញ្ជាក់ក្នុងសុន្ទរកថានាកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបថា៖
«សកម្មភាពយុត្តាធិការដែលបានអនុវត្តកន្លងមកមិនមែនជាការព្យាបាទឬជាការប្រើប្រាស់តុលាការដើម្បី រំខានដល់តួនាទីរបស់គណបក្សប្រឆាំងនោះទេប៉ុន្តែជាសកម្មភាពក្នុងការអនុវត្តនីតិរដ្ឋ»។
លោកបានបន្ថែមថាការចាប់ខ្លួនអ្នកតំណាងគណបក្សប្រឆាំងនិងបុគ្គលិកនៃសង្គមស៊ីវិលនាពេលថ្មីៗនេះដោយសារតែ ពួកគេក្លែងបន្លំឯកសារសាធារណៈនិងការញុះញង់សាធារណៈនិងធ្វើសកម្មភាពប្រឆាំង ហើយអ្នកវិភាគនយោបាយបង្ខូចកេរ្តិ៍ឈ្មោះ។
«ទាំងអស់នេះគឺស្ថិតក្រោមយុត្តាធិការនិងអំណាចនៃតុលាការឯករាជ្យក្នុងការអនុវត្តច្បាប់។ វាជាគោលការណ៍នៃសង្គមប្រជាធិបតេយ្យដែលមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់»។
យ៉ាងណាក៏ដោយលោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា កម្ពុជាកត់ត្រានូវការព្រួយបារម្ភរបស់សហភាពអឺរ៉ុបនិងថាក្នុងនាមជាប្រទេសប្រជាធិបតេយ្យក្មេងខ្ចីគឺមានចំណុចច្រើនដែលត្រូវរៀនសូត្រពីសហភាពអឺរ៉ុបដើម្បីឱ្យកម្ពុជាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យរឹងមាំអាស្រ័យនីតិរដ្ឋ។
ក្នុងពេលជាមួយគ្នានេះដែរបណ្តាញអង្គការសង្គមស៊ីវិលកំពុងតែរៀបចំ យុទ្ធនាការមួយទាមទារឱ្យដោះលែងអ្នកការពារសិទ្ធិមនុស្សទាំងនោះតាមរយៈយុទ្ធនាការដែលពួកគេហៅថា«ថ្ងៃច័ន្ទពណ៌ខ្មៅ» ឬ "Black Monday" ដោយចាប់ផ្តើមពីថ្ងៃច័ន្ទទី៩ខែឧសភាតទៅ។ អ្នកដែលចូលរួមត្រូវស្លៀកពាក់ខ្មៅជារៀងរាល់ថ្ងៃច័ន្ទ។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងជាអ្នករៀបចំយុទ្ធនាការនោះ បានបញ្ជាក់ថាការរៀបចំ នេះគឺដើម្បីសម្គាល់ពីស្ថានភាពខ្មៅងងឹតនៃសិទ្ធិមនុស្ស និងមិនពេញចិត្តចំពោះការចាប់ខ្លួន ហើយពួកគេបន្តទាមទាររហូតដល់មានការដោះលែង៕